កម្មវិធីជីវវិទ្យាថ្នាក់ទី១២ (Biology Grade 12) ដែលជាឧបករណ៍ជំនួយបន្ថែមដល់សិស្សថ្នាក់ទី១២ ក្នុងការធ្វើតេស្ដសមត្ថភាពមុខវិជ្ជាជីវវិទ្យានៅលើទូរស័ព្ទដៃស្មាតហ្វូន ព្រមទាំងដើម្បីបង្កើនការចងចាំផ្នែកវិទ្យាសាស្ត្រសិក្សាតាមគោលវិធីស្ទែម (STEM) ត្រូវបានដាក់ឲ្យប្រើប្រាស់ និងទាញយកដោយឥតគិតថ្លៃ។
កម្មវិធីទូរស័ព្ទស្មាតហ្វូន (Smartphone App) ជីវវិទ្យាថ្នាក់ទី១២ នេះ ត្រូវបានសហការបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ (Open Institute) និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងមហោស្រពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើកទី៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នេះជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ អាចទាញយកទៅដំឡើងនៅលើទូរស័ព្ទឆ្លាតវៃរបស់ខ្លួនបានដោយមិនអស់ប្រាក់ ហើយអាចធ្វើតេស្ដសមត្ថភាពរបស់ខ្លួន និងបង្កើនការចងចាំលើមុខវិជ្ជានេះផងដែរ។
ខាងក្រោមនេះ ជាមុខងារមួយចំនួនដែលកម្មវិធីទូរស័ព្ទជីវវិទ្យាថ្នាក់ទី១២ មាន៖
- ជាឧបករណ៍ជំនួយសម្រាប់សិស្សថ្នាក់ទី១២ ក្នុងការតេស្ដសមត្ថភាព
- បង្កើនការចងចាំផ្នែកវិទ្យាសាស្ត្រ
- សិក្សាតាមគោលវិធីស្ទែម (STEM)
- មានមេរៀនរំឭកគ្រប់ជំពូកតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា
- ក្នុងមួយថ្ងៃសិស្សអាចឆ្លើយសំណួរចំនួនបី
- សិស្សអាចមើលពិន្ទុរបស់ខ្លួនក្រោយពេលឆ្លើយសំណួរចប់
- អាចប្រៀបធៀបពិន្ទុជាមួយមិត្តរួមថ្នាក់ សិស្សក្នុងស្រុក ឬខេត្ត និងមិត្តភ័ក្ដិក្នុងហ្វេសប៊ុក។
ទោះយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅលើទំព័រហ្វេសប៊ុករបស់ក្រសួង ឲ្យដឹងថា កម្មវិធីជីវវិទ្យាថ្នាក់ទី១២ នេះមិនទាន់មាននៅលើប្រព័ន្ធប្រតិបត្តិការ iOS នៅឡើយទេ។ មានន័យថា អ្នកប្រើ iPhone ត្រូវរង់ចាំមួយរយៈសិន ចំណែកអ្នកប្រើទូរស័ព្ទ Android អាចទាញយកតាមតំណភ្ជាប់ខាងក្រោម។
តំណភ្ជាប់ទាញយកកម្មវិធីទូរស័ព្ទសម្រាប់ Android៖ http://bit.ly/2U0FeB1
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕