កម្មវិធី TikTok ដែលជាកម្មវិធីកំពុងល្បីរបស់ប្រទេសចិន លួចប្រមូលយកទិន្នន័យ MAC Address របស់អ្នកប្រើប្រាស់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេល ១៨ខែដែលរំលោភបំពានទៅលើគោលការណ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal នៅថ្ងៃអង្គារ។
អាសយដ្ឋាន MAC ឬ MAC Address គឺជាអាសយដ្ឋានដែលមិនជាន់លេខគ្នាសម្រាប់សម្គាល់ឧបករណ៍អេឡិចត្រូនិកនីមួយៗដែលត្រូវបានប្រើប្រាស់ដើម្បីភ្ជាប់ទៅកាន់បណ្ដាញ ឬអ៊ីនធឺណិត។ MAC address ត្រូវបានដាក់បញ្ចូលនៅក្នុង hardware នៅពេលរោងចក្របង្កើតឧបករណ៍អេឡិចត្រូនិក។
គិតត្រឹមឆ្នាំ២០១៥ ទាំង Apple Store និង Google Play Store ត្រូវបានហាមឃាត់មិនឱ្យទាញយកអាសយដ្ឋាន MAC ឡើយ ដោយសារវាខុសនឹងគោលការណ៍ ប៉ុន្តែកម្មវិធី TikTok នៅតែអាចទាញយកអាសយដ្ឋាន MAC តាមរយៈចន្លោះប្រហោងរបស់ប្រព័ន្ធប្រតិបត្តិការ។
The Wall Street Journal ដកស្រង់ពីការសិក្សាមួយបង្ហាញថា កម្មវិធីប្រមាណ 350 apps នៅលើ Google Play Store បានប្រើប្រាស់ចន្លោះប្រហោងនេះក្នុងគោលដៅផ្សព្វផ្សាយពាណិជ្ជកម្ម។
ទោះជាយ៉ាងណា កម្មវិធី TikTok បានបញ្ចប់ការទាញយកអាសយដ្ឋាន MAC នៅខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាការផ្លាស់ប្ដូរគោលនយោបាយមួយដែល The Wall Street Journal ចាត់ទុកថាដោយសារសម្ពាធនយោបាយពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington)។
តំណាង TikTok បញ្ជាក់ថាកម្មវិធីនេះលែងទាញយកអាសយដ្ឋាន MAC address ទៀតហើយ។ តំណាងបន្តថា «យើងតែងតែធ្វើបច្ចុប្បន្នភាព app របស់យើងដើម្បីតាមដានបញ្ហាសន្តិសុខរបស់កម្មវិធី ហើយកំណែបច្ចុប្បន្នរបស់ TikTok មិនទាញយកអាសយដ្ឋាន MAC address ទៀតទេ។ យើងតែងតែលើកទឹកចិត្តអ្នកប្រើប្រាស់ទាញយក (download) កម្មវិធី TikTok ជំនាន់ថ្មីបំផុត»។
យ៉ាងណាមិញ កម្មវិធី TikTok កំពុងមានភាពចម្រូងចម្រាសជាមួយប្រទេសធំៗមួយចំនួន ដូចជាប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក ជាដើម។
បច្ចុប្បន្ន ក្រុមហ៊ុនរបស់ TikTok កំពុងពិភាក្សាជាមួយក្រុមហ៊ុន Microsoft ទាក់ទងនឹងប្រតិបត្តិការរបស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីសេតវិមានចេញបទបញ្ជាប្រតិបត្តិមួយកាត់ផ្ដាច់រាល់ប្រតិបត្តិការរបស់អាមេរិកជាមួយក្រុមហ៊ុនរបស់ TikTok ប៉ុន្តែគេមិនទាន់ដឹងថាការចរចានឹងប្រើរយៈពេលប៉ុន្មាននោះទេ៕