ក្រុមហ៊ុន Google លុបចោលកម្មវិធី (Apps) ជាច្រើនពី Play Store ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ បន្ទាប់ពីបានរកឃើញថា កម្មវិធីទាំងនោះបានលួចប្រមូលទិន្នន័យដោយសម្ងាត់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា (Anti Cyber Crime Department) ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៨ ខែមេសា ថា តាមរយៈសារព័ត៌មាន The Wall Street Journal ដែលចេញផ្សាយនៅពេលថ្មីៗនេះ បញ្ជាក់ថា កម្មវិធីដែលក្រុមហ៊ុន Google លុបចេញពី Play Store ទាំងនោះមានមុខងារផ្សេងៗគ្នាដែលមានបង្កប់មកជាមួយកូដដែលអាចប្រមូលទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ អ៉ីមែល លេខទូរស័ព្ទ និងទិន្នន័យផ្ទាល់ខ្លួនជាច្រើនទៀត។ កម្មវិធីទាំងនេះមានដូចជា កម្មវិធីតាមដានអាកាសធាតុ កម្មវិធីស្កែន QR កម្មវិធីសម្រាប់អធិដ្ឋាន និងកម្មវិធីផ្សេងទៀត។
នាយកដ្ឋាននេះបញ្ជាក់ថា កូដសម្រាប់តាមដានត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Measurement Systems ដែលជាក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាច្រើនជាមួយនឹងទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបានធ្វើការបដិសេធការចោទប្រកាន់នេះ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ California ក្រុង Berkeley និងសាកលវិទ្យាល័យ Calgary’s Joel Reardon បានរកឃើញថា ក្រុមហ៊ុន Measurement Systems បានស្នើឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីបញ្ចូលកូដទាំងនោះទៅក្នុងកម្មវិធី ដែលពួកគេនឹងទទួលបានប្រាក់ចំណេញបន្ថែម ព្រមទាំងទិន្នន័យទាំងនោះផងដែរ។ បច្ចុប្បន្ន កម្មវិធីទាំងនោះត្រូវបានទាញយកប្រមាណ ៦០លានដងរួចមកហើយ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជាណែនាំឱ្យអ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា គួរតែមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធី ជាពិសេសកម្មវិធីដែលមិនត្រូវការចាំបាច់ ដោយសារតែកម្មវិធីទាំងនោះអាចធ្វើឱ្យទូរស័ព្ទរបស់អ្នកដំណើរការយឺត ហើយថែមទាំងអាចបង្កប់មកជាមួយនឹងកម្មវិធីមេរោគផងដែរ។
ដូច្នេះ មុននឹងទាញយកកម្មវិធីណាមួយមកដំឡើងលើទូរស័ព្ទរបស់អ្នក អ្នកត្រូវពិនិត្យមើលការវាយតម្លៃរបស់អ្នកប្រើប្រាស់មុនៗលើកម្មវិធីនោះឱ្យបានច្បាស់លាស់ និងត្រូវប្រយ័ត្នចំពោះការអនុញ្ញាតដែលបានស្នើសុំ (permission requested) ដោយកម្មវិធីអំឡុងពេលដំឡើង ជាពិសេសទាក់ទងទៅនឹងការស្នើសុំតាមដានទីតាំង៕