ក្រុមហ៊ុន Google លុបកម្មវិធីទូរស័ព្ទចំនួន ១៩ (Apps) ចេញពីហាង Google Play Store របស់ខ្លួនដែលក្រុមហ៊ុនចាត់ទុកជាកម្មវិធីមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ដោយសារវាមានបង្កប់ Adware (មេរោគ)។
កម្មវិធីទូរស័ព្ទទាំងនោះ ត្រូវបានគេទាញយកពី Google Play Store រាប់លានដងដើម្បីដំឡើងនៅលើទូរស័ព្ទស្មាតហ្វូន។
ក្រុមអ្នកស្រាវជ្រាវសន្តិសុខឌីជីថលឈ្មោះ White Ops Satori Threat Intelligence បានស្រាវជ្រាវ និងរកឃើញកម្មវិធីទាំង ១៩ (Apps) មានភ្ជាប់ពពួក Adware ដែលអាចគ្រប់គ្រងលើកម្មវិធីទូរស័ព្ទសូម្បីតែនៅពេលទូរស័ព្ទចាក់សោ បើកសោ ព្រមទាំងពេលទូរស័ព្ទកំពុងសាកថ្ម និងមិនសាកថ្ម។ លើសពីនេះ ទូរស័ព្ទអាចត្រូវបានវាយប្រហារទោះបីជាកម្មវិធីទូរស័ព្ទមាន Adware នោះមិនត្រូវបានបើកដំណើរការក៏ដោយ។
តើ Adware ជាអ្វី? Adware ត្រូវបានគេស្គាល់ថាជាប្រភេទកម្មវិធី (software) ដែលបង្កើតឡើងសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម។ ការបង្កើតកម្មវិធីនេះក្នុងបំណងផ្សាយពាណិជ្ជកម្ម ឬជួយកម្មវិធីផ្សេងទៀតដើម្បីស្វែងរកប្រាក់ចំណេញពីការផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែ Adware មួយចំនួនក៏ត្រូវបានបង្កើតឡើងដើម្បីបង្កើតច្រកសម្រាប់កម្មវិធីគ្រោះថ្នាក់ផ្សេងទៀតដែរ (malicious program)។
ក្រុមអ្នកស្រាវជ្រាវសន្តិសុខឌីជីថលរកឃើញទៀតថា កម្មវិធីមួយចំនួនក្នុងចំណោមកម្មវិធីដែលមាន Adware គឺបានលាក់ខ្លួន។ ការណ៍នេះ អ្នកប្រើប្រាស់មិនអាចរកឃើញកម្មវិធីទាំងនោះនៅក្នុងផ្នែក downloads ដើម្បីលុបវាចេញពីទូរស័ព្ទបាននោះទេ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Google បានលុបកម្មវិធីទាំងនោះចេញពី Play Store រួចហើយ ប៉ុន្តែសម្រាប់អ្នកប្រើ Android សូមប្រញាប់ឆែកមើល និងលុបកម្មវិធីទាំងនោះចេញពីទូរស័ព្ទរបស់អ្នកជាបន្ទាន់។
ខាងក្រោមនេះជាបញ្ជីឈ្មោះកម្មវិធីដែលត្រូវបានលុបចេញពី Google Play Store៖
- Auto Picture Cut ត្រូវបានទាញយក100,000+
- Color Call Flash ចំនួនទាញយក 50,000+
- Square Photo Blur ចំនួនទាញយក 500,000+
- Square Blur Photo ចំនួនទាញយក 500,000+
- Magic Call Flash ចំនួនទាញយក 50,000+
- Easy Blur ចំនួនទាញយក 100,000+
- Image Blur ចំនួនទាញយក 100,000+
- Auto Photo Blur ចំនួនទាញយក 100,000+
- Photo Blur ចំនួនទាញយក 500,000+
- Photo Blur Master ចំនួនទាញយក 100,000+
- Super Call Screen ចំនួនទាញយក 100,000+
- Square Blur Master ចំនួនទាញយក 100,000+
- Square Blur ចំនួនទាញយក 50,000+
- Smart Blur Photo ចំនួនទាញយក 500,000+
- Smart Photo Blur ចំនួនទាញយក 500,000+
- Super Call Flash ចំនួនទាញយក 100,000+
- Smart Call Flash ចំនួនទាញយក 50,000+
- Blur Photo Editor ចំនួនទាញយក 5,000+
- Blur Image ចំនួនទាញយក 10,000+
បច្ចុប្បន្ន ក្រុមស្រាវជ្រាវនៃ White Ops Satori Threat Intelligence នៅតែតាមដានការគំរាមកំហែងមួយនេះ និងកំណត់អត្តសញ្ញាណកម្មវិធីផ្សេងៗទៀត៕