អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតឲ្យចូលរួមប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន Cambodia Cyber Contest ២០១៨ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ចុះផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ឲ្យដឹងថា កម្មវិធីប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នឹងជ្រើសរើសអ្នកទទួលបានជ័យលាភីចំនួន ២នាក់ ដើម្បីបញ្ជូនទៅចូលរួមប្រកួតបន្តថ្នាក់តំបន់នៅប្រទេសសិង្ហបុរី (Singapore) នៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។
កម្មវិធីប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នេះ គឺជាប្រភេទនៃការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬអាចហៅថាជាការប្រកួត Capture The Flag ប្រភេទ Jeopardy ដែលមានទម្រង់ជាការឆ្លើយនូវសំណួរ ដើម្បីទទួលបានពិន្ទុ។ ការប្រកួតប្រជែងនេះ មានសំណួរចាប់ពីកម្រិតងាយស្រួលរហូតដល់កម្រិតពិបាក ដែលទាមទារនូវសមត្ថភាព និងចំណេះដឹងមូលដ្ឋានមួយចំនួនដូចជា Binary, Cryptography, Cracking, Digital Forensics, Encode, Programming និង Web ដើម្បីមានលទ្ធភាពក្នុងការដោះស្រាយ។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនេះ គឺសម្រាប់តែនិស្សិតស្ថិតក្នុងការសិក្សាប៉ុណ្ណោះ ពីព្រោះការប្រកួតប្រជែងនេះ គឺសំដៅលើកកម្ពស់សមត្ថភាពជំនាញ និងវាស់ស្ទង់ចំណេះដឹង ដើម្បីជំរុញការអភិវឌ្ឍវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ សេចក្ដីជូនដំណឹងបន្ថែមថា ជំនាញក្នុងវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺកំពុងតែមានតម្រូវការខ្លាំងទាំងក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក។
ចំពោះការចុះឈ្មោះចូលរួមប្រកួតប្រជែងកម្មវិធី បេក្ខជនអាចចុះឈ្មោះតាមរយៈវែបសាយខាងក្រោមឲ្យបានមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ហើយក្រុមការងារគ្រប់គ្រងការចុះឈ្មោះ នឹងទាក់ទងទៅបេក្ខជន។
- តំណភ្ជាប់ចុះឈ្មោះប្រកួត http://contest.camcert.gov.kh
ព័ត៌មានបន្ថែមទាក់ទងនឹងការប្រកួត Cambodia Cyber Contest ៖
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕