កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៨ (Cambodia ICT Awards) ប្រកាសពន្យារពេលកាលបរិច្ឆេទឈប់ទទួលពាក្យសុំចូលរួមប្រកួតប្រជែងក្នុងកម្មវិធី រហូតដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។
Cambodia ICT Awards ដែលមានទឹកប្រាក់សរុប ២៧,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់អ្នកទទួលបានជ័យលាភី គឺជាកម្មវិធីប្រកួតប្រជែងស្នាដៃបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បីបង្ហាញពីសមិទ្ធផលជោគជ័យក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។ កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) និងគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កម្មវិធីប្រកួតប្រជែងដណ្ដើមពានរង្វាន់ ICT កម្ពុជា នៅឆ្នាំនេះ គឺជាការប្រកួតថ្នាក់ជាតិលើកទី៤ បន្ទាប់ពីកម្មវិធីនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥។
បេក្ខជនដែលអាចចូលរួមដាក់ពាក្យប្រកួតប្រជែងដណ្ដើមយកពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៨ រួមមាន សិស្សនិស្សិត ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនចាប់ផ្ដើមធុរកិច្ច (Start-up) សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗដែលមានផលិតផល និងសេវាកម្មច្នៃប្រឌិតចេញពីវិស័យបច្ចេកវិទ្យា។
កម្មវិធីប្រកួតប្រជែងនេះចែកចេញជា ៦ប្រភេទរួមមាន៖
- វិស័យសាធារណៈ (Public Sector)
- វិស័យឯកជន (Private Sector)
- ការរួមចំណែកទទួលខុសត្រូវក្នុងសង្គម (Corporate Social Responsibility)
- មាតិកាឌីជីថល (Digital Content)
- ការចាប់ផ្ដើមបង្កើតធុរកិច្ច (Start-up)
- ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)
បើតាមសេចក្ដីប្រកាសរបស់ទំព័រហ្វេសប៊ុកនៃ Cambodia ICT Awards ឲ្យដឹងថា បេក្ខជនដែលជាប់ក្នុងវគ្គជម្រុះជុំទីមួយ នឹងត្រូវឡើងធ្វើបទបង្ហាញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។ ពួកគេត្រូវបង្ហាញអំពីគម្រោងរបស់ពួកគេនៅមុខចៅក្រមដែលមានសមាសភាពមកពីស្ថាប័នរដ្ឋ សង្គមស៊ីវិល ក្រុមហ៊ុនឯកជន និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ បេក្ខជនតែ ១២នាក់ប៉ុណ្ណោះ នឹងត្រូវជ្រើសរើសឲ្យចូលរួមប្រកួតបន្តនៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
ការវាយតម្លៃ គឺផ្អែកទៅលើការច្នៃប្រឌិត គុណភាពទុកចិត្តនៃផលិតផល កម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងគម្រោង និងអត្ថប្រយោជន៍ដល់សង្គម។
ជ័យលាភី ៦រូប នឹងត្រូវជ្រើសរើសសម្រាប់វិស័យទាំង ៦ និងមានតែជ័យលាភី ៣រូបប៉ុណ្ណោះ នឹងត្រូវជ្រើសរើសសម្រាប់ពានរង្វាន់ធំទាំងបីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
ពានរង្វាន់ធំៗទាំងបី គឺ៖
- ទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារសម្រាប់ជ័យលាភីលេខមួយ
- ទឹកប្រាក់ចំនួន ៣ពាន់ដុល្លារសម្រាប់ជ័យលាភីលេខពីរ
- និងជ័យលាភីលេខបី ទទួលបានទឹកប្រាក់ ២ពាន់ដុល្លារ។
ក្រៅពីពានរង្វាន់ធំៗទាំងបីនេះ ក៏នៅមានពានរង្វាន់សម្រាប់ជ័យលាភីល្អផ្ដាច់គេក្នុងវិស័យនីមួយៗ នឹងទទួលបានទឹកប្រាក់ចំនួន ២ពាន់ដុល្លារដែរ ហើយជ័យលាភីទទួលបានតែរង្វាន់ធំបំផុតតែមួយគត់ មានន័យថាមិនទទួលបានរង្វាន់ផ្ទួនគ្នាឡើយ។ លើសពីនេះទៀត ជ័យលាភីទាំង ៣រូប នឹងអាចបន្តចូលរួមប្រកួតយកពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់អាស៊ានថែមទៀតផង (ASEAN ICT Awards)។
កាលពីឆ្នាំ២០១៧ មានស្ថាប័នបីដែលទទួលបានជ័យលាភី រួមមាន៖
- ក្រុមហ៊ុន DirexPlay បង្កើតហ្គេម JAILBREAK The Game
- វិទ្យាស្ថាន Open Institute បង្កើតសេវាកម្មបង្ហាញការងារលើអនឡាញ Bong Pheak
- ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើតប្រព័ន្ធចុះបញ្ជីរថយន្តស្វ័យប្រវត្តិតាមអនឡាញ
របៀបដាក់ពាក្យចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ ICT កម្ពុជា (Cambodia ICT Awards)៖
លោកអ្នកត្រូវបំពេញព័ត៌មានស្នើសុំប្រកួតនៅលើវែបសាយ Cambodia ICT Awards ព្រមទាំងដាក់ YouTube Link នៃវីដេអូបទបង្ហាញផងដែរ។ នេះជាតំណភ្ជាប់ទៅកាន់ពាក្យស្នើសុំប្រកួត។
ព័ត៌មានបន្ថែម៖
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕