ទិន្នន័យរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣លានគណនីបែកធ្លាយនៅលើវេទិកាអ៊ីនធឺណិត ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុកអះអាងថាជាទិន្នន័យចាស់ច្រើនឆ្នាំមកហើយ។
សារព័ត៌មាន RT របស់រុស្ស៊ី ចុះផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នេះឱ្យដឹងថា ទិន្នន័យរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលបែកធ្លាយនោះរួមមានឈ្មោះពេញ លេខទូរស័ព្ទ Facebook ID អ៊ីមែល និងប្រវត្តិរូបសង្ខេប ហើយប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសចំនួន ១០៦ប្រទេស។ ប្រទេសដែលប៉ះពាល់ច្រើនជាងគេគឺ សហរដ្ឋអាមេរិក ដែលមានជាង ៣២លានគណនី។ ចំណែកឯប្រទេសអង់គ្លេស មានប្រមាណ ១១លានគណនី និងឥណ្ឌា មានប្រមាណ ៦លានគណនី។
ចំពោះប្រទេសកម្ពុជាវិញក៏មានទិន្នន័យអ្នកប្រើប្រាស់នៅក្នុងបញ្ជីទិន្នន័យបែកធ្លាយនោះដែរ។ យោងតាមឯកសារដែលបង្ហោះនៅលើគណនី Twitter របស់អ្នកជំនាញសន្តិសុខអ៊ីនធឺណិត លោក Alon Gal ឱ្យដឹងថា គណនីអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ដែលបែកធ្លាយមានប្រមាណ ២៨៣៨គណនី។
ទោះជាយ៉ាងណា ក្រុមហ៊ុនហ្វេសប៊ុកថាមិនគួរព្រួយបារម្ភពេកនោះទេ ដោយហេតុថាទិន្នន័យទាំងនោះជាទិន្នន័យចាស់ច្រើនឆ្នាំមកហើយ ហើយទិន្នន័យផ្នែកខ្លះក៏ធ្លាប់ត្រូវបានប្រកាសបែកធ្លាយរួចដែរ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុក អ្នកស្រី Liz Bourgeois បញ្ជាក់នៅលើគណនី Twitter របស់អ្នកស្រីថា ទិន្នន័យទាំងនោះជាទិន្នន័យចាស់ដែលត្រូវបានរកឃើញនៅឆ្នាំ២០១៩ ហើយក្រុមហ៊ុនបានជួសជុលចំណុចងាយរងគ្រោះដែលអនុញ្ញាតឱ្យហេគឃឺទាញយកទិន្នន័យរួចរាល់ហើយនៅខែសីហា ក្នុងឆ្នាំដដែលនោះ។
ផ្ទុយពីអ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុក អ្នកជំនាញសន្តិសុខអ៊ីនធឺណិតដែលបានរកឃើញទិន្នន័យបែកធ្លាយនេះ លោក Alon Gal ជឿជាក់ថាស្ថានភាពជាក់ស្ដែងប្រហែលមិនដូចការអះអាងរបស់ក្រុមហ៊ុនហ្វេសប៊ុកនោះទេ។ លោកថាទិន្នន័យទាំងនោះអាចត្រូវបានប្រើប្រាស់ដោយក្រុមហេគឃឺ ដើម្បីបន្លំជាអ្នកប្រើប្រាស់ពិតប្រាកដក្នុងសកម្មភាពបោកប្រាស់នានា។ លោកបារម្ភថា ទិន្នន័យឯកជនដូចជាលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ហ្វេសប៊ុករាប់លាននាក់ អាចនឹងត្រូវក្រុមខិលខូចប្រើប្រាស់ក្នុងសកម្មភាពឆបោកជាដើម។
កាលពីចុងឆ្នាំ២០១៨ ក្រុមហ៊ុនហ្វេសប៊ុកត្រូវបានបង្ខំឱ្យសុំទោស បន្ទាប់ពីមានកំហុសនៅក្នុង software របស់ក្រុមហ៊ុនដែលអនុញ្ញាតឱ្យភាគីទីបីអាចចូលមើលរូបថតមនុស្សជិត ៧លាននាក់។ ហេតុការណ៍នេះកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីក្រុមហេគឃឺបានចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់ចំនួន ២៩លានគណនី។
បន្ទាប់មកទៀតនៅខែឧសភា ឆ្នាំ២០១៩ ទិន្នន័យដែលមានផ្ទុកព័ត៌មានលម្អិត និងកំណត់ត្រារបស់មនុស្សជាង ៤៩លាននាក់ត្រូវបានបែកធ្លាយដោយក្រុមហ៊ុនទីផ្សារឥណ្ឌា ខណៈនៅខែកញ្ញា ឆ្នាំ២០១៩ ដដែល លេខទូរស័ព្ទប្រហែល ៤១៩លានលេខទូរស័ព្ទដែលភ្ជាប់នៅក្នុងគណនីហ្វេសប៊ុក ត្រូវបានទុកដោយមិនបានការពារនៅលើម៉ាស៊ីនមេ (Server)៕