ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ប្រកាសថានឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យទី១៣ (13th Data Center Facebook) របស់ខ្លួននៅក្នុងទីក្រុង Eagle Mountain ក្នុងរដ្ឋ Utah នៃសហរដ្ឋអាមេរិក។
នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក (CEO Facebook) លោក Mark Zuckerberg បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ (ម៉ោងនៅអាមេរិក) ថា មជ្ឈមណ្ឌលទិន្នន័យថ្មីទី១៣ របស់ក្រុមហ៊ុនហ្វេសប៊ុក នឹងត្រូវសាងសង់នៅទីក្រុង Eagle Mountain ហើយលោកបានបញ្ជាក់ទៀតថា គ្រប់មជ្ឈមណ្ឌលទិន្នន័យថ្មីរបស់ក្រុមហ៊ុនហ្វេសប៊ុក គឺបំពាក់ដោយថាមពលស្អាត និងកកើតឡើងវិញ ១០០%។
លោកបន្ថែមថា សារសំខាន់នៃការប្រើប្រាស់ថាមពលកកើតឡើងវិញនេះ គឺជាការប្រើប្រាស់ថាមពលឲ្យតិចតួចតាមដែលអាចធ្វើទៅបាន។
ក្នុងសារដដែលសង្កត់ធ្ងន់ថា «ដូច្នេះ សព្វថ្ងៃនេះយើង (ហ្វេសប៊ុក) កំពុងធ្វើឲ្យមជ្ឈមណ្ឌលទិន្នន័យរបស់យើងកាន់តែមានប្រសិទ្ធភាពជាមួយនឹងប្រព័ន្ធត្រជាក់ថ្មីៗដែលយើងបានជួយអភិវឌ្ឍដែលនឹងកាត់បន្ថយបរិមាណទឹកដែលមជ្ឈមណ្ឌលទិន្នន័យរបស់យើងប្រើប្រាស់ ដើម្បីឲ្យត្រជាក់ម៉ាស៊ីនមេ (servers) ជាង ២០% នៅក្នុងអាកាសធាតុក្ដៅ និងស្ទើរតែ ៩០% នៅក្នុងអាកាសធាតុត្រជាក់។»
«បច្ចេកវិទ្យាថ្មីនេះ នឹងអនុញ្ញាតឲ្យយើងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅកន្លែងដែលយើងមិនអាចធ្វើបានកាលពីមុន និងជួយយើងគាំទ្របង្កើតការងារបន្ថែម និងសហគមន៍របស់យើងរីកចម្រើននៅជុំវិញពិភពលោក។» លោក Mark Zuckerberg ថ្លែងក្នុងសារបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកនៅឃ្លាបញ្ចប់។
អានអត្ថបទផ្សេងទៀត៖
- របៀបលាក់ Friends List ក្នុងហ្វេសប៊ុកមិនឲ្យគេឃើញ
- ចាក់សោគណនីហ្វេសប៊ុកថែមមួយជាន់ទៀតមិនឲ្យហេគឃឺលួចបាន
- របៀបឆែកមើលថាតើមានគេលួចចូលមើលគណនីហ្វេសប៊ុករបស់យើងអត់
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕