អ្នកលក់ផលិតផលអនឡាញ ឬហៅថាអ្នកប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) អាចនឹងត្រូវបង់ពន្ធជូនរដ្ឋនៅពេលឆាប់ៗខាងមុខនេះ ប្រសិនបើយន្តការប្រមូលចំណូលសារពើពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-tax) ត្រូវបានសម្រេចជាផ្លូវការមែននោះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បញ្ជាក់ថា ក្រសួងកំពុងសិក្សាអំពីការប្រមូលចំណូលសារពើពន្ធអេឡិចត្រូនិក ដោយផ្ដោតការពិភាក្សាលើទិដ្ឋភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងបរិបទសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងឲ្យស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤។
ការសិក្សាពីការប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញនេះ ដោយសារក្រសួងមើលឃើញពីនិន្នាការនៃសេដ្ឋកិច្ចឌីជីថលបានលេចរូបរាងជាបណ្ដើរៗ និងបានបង្កើតជាសកម្មភាពធុរកិច្ចថ្មីៗតាមប្រព័ន្ធអ៊ីនធឺណិត ស្របពេលដែលអតិថិជនកំពុងសម្របខ្លួនជាបណ្ដើរៗក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានានា។ ទោះយ៉ាងណា ស្ថិតនៅក្នុងបរិបទនេះ កម្ពុជា មិនទាន់មានយន្តការជាក់លាក់ក្នុងការប្រមូលចំណូលសារពើពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។ បញ្ហានេះ កំពុងតែត្រូវបានគិតគូរទាំងក្នុងក្របខ័ណ្ឌសកលលោក និងតំបន់។
អានអត្ថបទផ្សេងទៀត៖
- ទទួលយកបទពិសោធន៍ថ្មីពីអ្នកជំនាញបច្ចេកវិទ្យាដែលនឹងចែករំលែកពី Intelligent Data នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨
- Smart ផ្ដល់អាហារូបករណ៍ ១៥០០០ដុល្លារក្នុងម្នាក់ចំនួន ២០កន្លែង
- ចូលចិត្តមើល YouTube នៅពេលយប់មិនចង់ឲ្យឆាប់ខូចភ្នែក សូមប្ដូរផ្ទៃទៅជាពណ៌ខ្មៅ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា «កិច្ចការនេះគឺជាការគិតគូរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ស្ដីពីការរៀបចំខ្លួនរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។»
លោកបន្តថា «បណ្ដាញ និងបច្ចេកវិទ្យាឌីជីថល បានបង្កើតឲ្យមានវិសាលភាព និងស្ថានភាពសេដ្ឋកិច្ច និងសង្គមថ្មីមួយខុសពីមុន ដែលធ្វើឲ្យមានការផ្លាស់ប្ដូរពីការធ្វើពាណិជ្ជកម្មតាមបែបប្រពៃណី មកប្រតិបត្តិការពាណិជ្ជកម្មតាមបណ្ដាញអ៊ីនធឺណិត។ បរិបទថ្មីនេះ តម្រូវឲ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងកែសម្រួលគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងៗឲ្យស្របទៅតាមនិន្នាការនេះ ដើម្បីចាប់យកឱកាស ជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា គ្រប់គ្រងបរិស្ថានធុរកិច្ច ក៏ដូចជាកាត់បន្ថយនូវហានិភ័យដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យាទាំងនេះ។»
យ៉ាងនេះក្ដី សេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា កម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ឬដំណើរចាប់ផ្ដើមនៃការរៀបចំខ្លួនចាប់យកឱកាសពីសេដ្ឋកិច្ចឌីជីថលនៅឡើយ។
ស្របពេលគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ (Techo Startup Center) ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជួយជំរុញឲ្យមានការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីស្របតាមសេដ្ឋកិច្ចឌីជីថល។ ម្យ៉ាងទៀត ការបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បីផ្សារភ្ជាប់រវាងអនាគតការងាររបស់យុវជន និងចក្ខុវិស័យក្នុងយុគសម័យបច្ចេកវិទ្យាផងដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕