នៅទីបំផុត ហ្វេសប៊ុក (Facebook) បានដកមុខងារសាកល្បងដែលមានឈ្មោះថា Explore Feed ចេញពីកម្មវិធីរបស់ខ្លួនហើយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នេះក្រោយពីសាកល្បងមុខងារនេះអស់រយៈពេលជិត ៥ខែនៅក្នុងប្រទេសចំនួន៦។
ការសម្រេចដកមុខងារ Explore Feed ចេញនៅថ្ងៃនេះ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំមួយនេះបានប្រកាសពីការបញ្ចប់ការសាកល្បងបែងចែកព័ត៌មានជាពីរកាលពីថ្ងៃទី១ ខែមីនា ដោយសាររងការរិះគន់ជាច្រើនពីអ្នកប្រើប្រាស់។
ទោះយ៉ាងណា អ្នកប្រើប្រាស់មួយចំនួនប្រហែលជានៅឃើញ Explore Feed នៅលើគណនីហ្វេសប៊ុក (Facebook Account) របស់ខ្លួននៅឡើយ ខណៈព័ត៌មានទាំងអស់ត្រូវបានបង្ហាញនៅលើ News Feed តែមួយ។ ដើម្បីកុំឲ្យឃើញ Explore Feed នៅលើគណនីហ្វេសប៊ុក លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីហ្វេសប៊ុក (Update Facebook Apps) នៅលើទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក ដោយចូលទៅកាន់ App Store សម្រាប់ iOS និង Play Store សម្រាប់ទូរស័ព្ទប្រើ Android រួចស្វែងរក Facebook App និងចុច Update ជាការស្រេច។
ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានចាប់ផ្ដើមសាកល្បងមុខងារបែងចែក News Feed ជាពីរ គឺ News Feed និង Explore Feed កាលពីខែតុលា ឆ្នាំ២០១៧ នៅក្នុងប្រទេសចំនួន៦។ គោលបំណងនៃការសាកល្បងបន្ថែមមុខងារ Explore Feed ដើម្បីផ្ទុកព័ត៌មានដែលផុសចេញពីផេក (post from pages) និងមុខងារ News Feed ដើម្បីផ្ទុកព័ត៌មានមិត្តភ័ក្ដិ និងគ្រួសារ គឺដើម្បីឲ្យអ្នកប្រើប្រាស់មានទំនាក់ទំនងកាន់តែប្រសើរជាមួយគ្នា ដោយឃើញព័ត៌មានពីគ្នាទៅវិញទៅមកនៅកន្លែងតែមួយ។
ផ្ទុយទៅវិញ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក្រុមហ៊ុនផ្សព្វផ្សាយ សារព័ត៌មាន អង្គការ និងក្រុមហ៊ុនអាជីវកម្មជាដើម បានរិះគន់ចំពោះការដាក់ឲ្យដំណើរការសាកល្បងមុខងារ Explore Feed នេះ ដោយពួកគេយល់ឃើញថា មិនបានជួយឲ្យពួកគេមានទំនាក់ទំនងជាមួយមិត្តភ័ក្ដិ និងគ្រួសារកាន់តែប្រសើរជាងមុននោះឡើយ ថែមទាំងបានធ្វើឲ្យពួកគេពិបាកក្នុងការទទួលបានព័ត៌មានសំខាន់ៗស្ដីពីសង្គម ជីវិត នយោបាយ ពាណិជ្ជកម្ម ជាដើមទៀតផងនៅក្នុងប្រទេសដែលក្រុមហ៊ុនហ្វេសប៊ុកបានដំណើរការសាកល្បង Explore Feed។
ក្រោយពីទទួលបានមតិរិះគន់ (feedback) និងវាយតម្លៃយ៉ាងច្បាស់លាស់ចំពោះមតិដែលទទួលបាន ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ក៏បានសម្រេចបញ្ចប់ការសាកល្បងមុខងារ Explore Feed នៅដើមខែមីនា និងបង្ហាញព័ត៌មានទាំងអស់នៅក្នុង News Feed តែមួយដូចដើមវិញនៅថ្ងៃទី៦ មីនា នេះ។
ប្រទេសចំនួន៦ ដែលក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានដាក់ឲ្យដំណើរការសាកល្បង Explore Feed រួមមាន កម្ពុជា (Cambodia) បូលីវី (Bolivia) ស្លូវ៉ាគី (Slovakia) ហ្គាតេម៉ាឡា (Guatemala) ស៊ែប៊ី (Serbia) និងសិរីលង្កា (Sri Lanka)។
សូមចែករំលែកព័ត៌មាននេះដល់មិត្តភ័ក្ដិរបស់អ្នក ឲ្យដឹងអំពីបញ្ហានេះផង។ សូមអរគុណ!
ចុចអានអត្ថបទ៖
- Facebook ដំណើរការសាកល្បងបែងចែកប្រភេទព័ត៌មានជាពីរនៅកម្ពុជា
- Explore Feed នឹងលែងមានទៀតហើយនៅក្នុងសប្ដាហ៍នេះ
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕