ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ប្រកាសបញ្ឈប់ការសាកល្បងមុខងារ Explore Feed នៅក្នុងសប្ដាហ៍នេះ។ មុខងារ Explore Feed ជាមុខងារថ្មីមួយដែលហ្វេសប៊ុកបានបំបែកចេញពី News Feed កាលពីខែតុលា ឆ្នាំ២០១៧ ដើម្បីបែងចែកព័ត៌មានអំពីមិត្តភ័ក្ដិ និងគ្រួសារ ឲ្យដាច់ដោយឡែកពីព័ត៌មានសង្គម សារព័ត៌មាន អាជីវកម្ម និងព័ត៌មានផ្សេងៗទៀតដែលផុសចេញពីផេក (Facebook Page)។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ចេញផ្សាយដោយប្រធានផ្នែកព័ត៌មាន (Head of News Feed) លោក អាដាម ម៉ូសើរី (Adam Mosseri) នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា «យើង (ក្រុមហ៊ុនហ្វេសប៊ុក) តែងតែព្យាយាមសាកល្បងមុខងារថ្មី ការផ្លាស់ប្ដូរការរចនាថ្មី និងចាត់ចំណាត់ថ្នាក់បច្ចុប្បន្នភាពនានា ដើម្បីឲ្យដឹងពីវិធីដែលយើងអាចធ្វើឲ្យ Facebook ល្អប្រសើរសម្រាប់អ្នករាល់គ្នា»។
សេចក្ដីប្រកាសបន្តថា «ការផ្លាស់ប្ដូរខ្លះ ដូចជា Reactions, Live Video និង GIFs បានដំណើរការល្អ អ៊ីចឹងយើងបានដាក់ឲ្យប្រើប្រាស់ទូទាំងពិភពលោក។ ចំណែកឯការសាកល្បងផ្សេងទៀតដែលមិនដំណើរការល្អ យើងក៏បានដកវាចេញវិញ»។ នៅថ្ងៃនេះ យើងនឹងបញ្ចប់ការសាកល្បងមួយក្នុងចំណោមការសាកល្បងទាំងនោះ គឺការសាកល្បង Explore Feed»។
សេចក្ដីប្រកាសនេះបញ្ជាក់ថា Explore Feed គឺជាការសាកល្បងមួយដែលឆ្លើយតបនឹងការបញ្ចេញមតិ (feedback) របស់អ្នកប្រើប្រាស់ដែលយើងទទួលបានកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលនិយាយថាពួកគេចង់ឃើញព័ត៌មានកាន់តែច្រើនពីមិត្តភ័ក្ដិ និងគ្រួសារនៅក្នុង News Feed។ តាមរយៈគំនិតនេះ Facebook បានបង្កើត Facebook ថ្មីមួយទៀតដែលមាន News Feed ពីរផ្សេងគ្នា គឺមួយសម្រាប់តែ post ដែលចេញពីមិត្តភ័ក្ដិ និងគ្រួសារ (ហៅថា News Feed) ចំណែកមួយទៀតសម្រាប់តែ post ដែលចេញពី Pages ផ្សេងៗ (ហៅថា Explore Feed)។
ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនោះថា ដើម្បីដឹងច្បាស់ថាអ្នកប្រើប្រាស់ចូលចិត្តការបែងចែកព័ត៌មានជាពីរឬយ៉ាងណា យើងក៏ចាប់ផ្ដើមសាកល្បងវានៅខែតុលា ឆ្នាំ២០១៧ នៅក្នុងប្រទេសចំនួន៦។ ប្រទេសទាំង ៦ នោះរួមមាន កម្ពុជា (Cambodia) បូលីវី (Bolivia) ស្លូវ៉ាគី (Slovakia) ហ្គាតេម៉ាឡា (Guatemala) ស៊ែប៊ី (Serbia) និងសិរីលង្កា (Sri Lanka)។
ទោះយ៉ាងណា ហ្វេសប៊ុក ក៏ទទួលបានការឆ្លើយតបពីអ្នកប្រើប្រាស់ជាច្រើនដែលមិនពេញចិត្តឲ្យមានការបែងចែក News Feed ជាពីរនេះឡើយ។ នៅក្នុងលទ្ធផលស្ទង់មតិបានបង្ហាញថា អ្នកប្រើប្រាស់មិនសូវពេញចិត្តនឹង posts ដែលពួកគេបានឃើញ និងមិនសូវពេញចិត្តឲ្យមានការបំបែកព័ត៌មានជាពីរបែបនេះឡើយ ពីព្រោះមិនបានជួយពួកគេឲ្យមានទំនាក់ទំនងជាមួយមិត្តភ័ក្ដិ និងគ្រួសារបានច្រើនជាងមុនឡើយ។
ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ក៏បានទទួលមតិរិះគន់ (feedback) អំពីការបែងចែក News Feed ជាពីរ ដែលបានធ្វើឲ្យអ្នកប្រើប្រាស់ពិបាកក្នុងការទទួលបានព័ត៌មានសំខាន់ៗនៅក្នុងប្រទេសដែលហ្វេសប៊ុកបានដំណើរការសាកល្បងនេះ និងមិនមានទំនាក់ទំនងច្បាស់លាស់អំពីការសាកល្បង។
ផ្អែកលើការវាយតម្លៃលើមតិរិះគន់ (feedback) ពីអ្នកប្រើប្រាស់ Facebook សម្រេចមិនបន្តមុខងារ Explore Feed ទូទាំងពិភពលោកនៅក្នុងសប្ដាហ៍នេះ។
Facebook បញ្ជាក់បន្ថែមនៅក្នុងសេចក្ដីប្រកាសនោះថា ក្រុមហ៊ុនហ្វេសប៊ុកតែងតែស្វែងរកវិធីដើម្បីជួយអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ និងព័ត៌មានសំខាន់ៗសម្រាប់ពួកគេ។ តាមរយៈការសាកល្បងទាំងពីរនេះ យើងទទួលបានការរិះគន់ (feedback) ដ៏មានតម្លៃ ដែលយើងនឹងប្រើប្រាស់វាដើម្បីកែលំអ News Feed សម្រាប់អ្នករាល់គ្នា។
សូមចែករំលែកព័ត៌មាននេះដល់មិត្តភ័ក្ដិរបស់អ្នក ឲ្យដឹងអំពីបញ្ហានេះផង។ សូមអរគុណ!
ចុចអានអត្ថបទ៖
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕