សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page) របស់លោកនៅថ្ងៃទី២៥ កុម្ភៈ នេះថា គណនីហ្វេសប៊ុក (Account Facebook) របស់លោកត្រូវបានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) លួចចូល និងលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។
ទំព័រហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញផ្សាយសារមួយទៀតបន្ទាប់ពីប៉ុន្មាននាទីក្រោយនៃសារព្រមានបិទហ្វេសប៊ុក នៅថ្ងៃដដែលនេះ ដោយបញ្ជាក់ថា៖ «នៅមុននេះបន្តិច មានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។»
សារដដែលបន្ថែមថា៖ «ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងស៊ើបអង្កេតជនអគតិដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង។»
នៅមុនសារបញ្ជាក់អំពីការលួចគណនីហ្វេសប៊ុក និងលុបទិន្នន័យ មានសារព្រមានមួយនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន ដោយបានលើកឡើងថា លោកនឹងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ ប្រសិនបើក្រុមហ៊ុននេះហ៊ានបិទហ្វេសប៊ុករបស់លោក។ សារនោះសរសេរថា ៖«ក្រុមហ៊ុនហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនឹងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ។»
បើតាមការចូលទៅមើលផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឃើញថាទិន្នន័យមួយចំនួនធំត្រូវបានបាត់បង់ ហើយនៅសល់តែរូបថត និងទិន្នន័យព័ត៌មានកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ តែប៉ុណ្ណោះ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕