ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook Inc.) អះអាងថា អ្នករងគ្រោះដោយការវាយប្រហារកាលពីពីរសប្ដាហ៍មុន មានចំនួនតិចជាងការប៉ាន់ស្មានដំបូងដែលថាអាចមានប្រមាណ ៥០លានគណនី។ ការអះអាងនេះ បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុក សហការជាមួយក្រុមស៊ើបអង្កេត FBI របស់អាមេរិក ក្នុងរយៈពេលប្រមាណ ២សប្ដាហ៍កន្លងទៅនេះ។
ក្រុមហ៊ុនបាននិយាយថា ការវាយប្រហារដ៏អាក្រក់មួយមកលើបណ្ដាញសង្គមហ្វេសប៊ុក គឺប៉ះពាល់ទៅលើ ៣០លានគណនីហ្វេសប៊ុក មិនមែន ៥០លានគណនីនោះទេ។ ចំណែកឯគណនីហ្វេសប៊ុកដែលត្រូវបានក្រុមចោរបច្ចេកវិទ្យាចូលលុកលុយយកទិន្នន័យ ក៏មានចំនួនតិចជាងពាក់កណ្ដាលនៃចំនួនគណនីដែលរងគ្រោះដែរ។
ក្នុងចំណោមគណនី ៣០លានគណនីដែលរងគ្រោះពីការវាយប្រហារនេះ មាន ១៤លានគណនី ត្រូវបាន Hackers លួចយកទិន្នន័យអំពីទីកន្លែងដែលអ្នកប្រើប្រាស់ធ្លាប់ Check in ១០កន្លែងចុងក្រោយ ទីក្រុងដែលពួកគេកំពុងរស់នៅ និងលទ្ធផលនៃការស្វែងរកញឹកញាប់ ១៥ចុងក្រោយ។ ចំណែកគណនី ១៥លានគណនីផ្សេងទៀត Hackers លួចយកតែឈ្មោះ និងព័ត៌មានទំនាក់ទំនងទេ។ ទោះយ៉ាងណា អ្នករងគ្រោះប្រមាណ ១លានគណនីទៀត ក្រុម Hackers មិនបានលួចយកទិន្នន័យអ្វីនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហ្វេសប៊ុក កាលពីថ្ងៃសុក្រ។
អានអត្ថបទផ្សេងទៀត៖
- Facebook អាចនឹងត្រូវពិន័យ ១,៦៣ពាន់លានដុល្លាររឿង ៥០លានគណនីរងគ្រោះ
- ៥០លានគណនីហ្វេសប៊ុក ត្រូវបាន hacked
- Facebook សម្ពោធទីស្នាក់ការកណ្ដាលថ្មីនៅសិង្ហបុរី
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហ្វេសប៊ុកដដែលនេះ បញ្ជាក់ដែរថា អ្នកប្រើប្រាស់អាចឆែកមើលថាខ្លួនឯងបានរងគ្រោះដោយការវាយប្រហារនេះដែរឬអត់ តាមរយៈតំណភ្ជាប់ Help Center នេះ។ លើសពីនេះទៀត ក្រុមហ៊ុននឹងផ្ញើសារទៅកាន់អ្នករងគ្រោះទាំង ៣០លានគណនីនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពន្យល់លម្អិតអំពីទិន្នន័យដែលក្រុម Hackers បានលួច និងប្រាប់ពីគន្លឹះការពារខ្លួនផងដែរ។
ទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ សារព័ត៌មាន The Wall Street Journal ចុះផ្សាយថា ក្រុមឃ្លាំមើលសិទ្ធិឯកជននៅសហភាពអឺរ៉ុប អាចនឹងពិន័យក្រុមហ៊ុន Facebook ចំនួន ១,៦៣ពាន់លានដុល្លារ ប្រសិនបើនិយតកររកឃើញថា ក្រុមហ៊ុននេះរំលោភច្បាប់សិទ្ធិឯកជនថ្មីដែលទើបនឹងចេញនៅពេលថ្មីៗ បន្ទាប់ពីក្រុមហ៊ុន Facebook មានរឿងអាស្រូវទាក់ទងនឹងការបែកធ្លាយទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ជិត ៩០លានគណនីទៅឲ្យក្រុមហ៊ុន Cambridge Analytica នោះ។
កាលពីថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសថា ភ្លាមៗបន្ទាប់ពីរកឃើញអំពីការវាយប្រហារនោះ ក្រុមហ៊ុនក៏បានជួសជុលនូវចន្លោះប្រហោងដែលក្រុម Hackers ប្រើប្រាស់ដើម្បីវាយប្រហាររួចហើយ។ កាលនោះ ក្រុមហ៊ុនប្រកាសថាគណនី ៥០លានគណនីត្រូវបានរងគ្រោះដោយចន្លោះប្រហោងនៃមុខងារ View As ប៉ុន្តែគណនីប្រមាណ ៩០លានគណនីត្រូវបានក្រុមហ៊ុនកំណត់ឲ្យ Log Out ចេញពីហ្វេសប៊ុកដោយស្វ័យប្រវត្តិ ដោយសង្ស័យថារងគ្រោះក្នុងបញ្ហានេះ ដើម្បី Reset Token ឡើងវិញ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕