ក្រុមហ៊ុនហ្វេសប៊ុក (Facebook) និង Instagram ដាក់ពាក្យប្ដឹងក្រុមហ៊ុនចិន ចំនួន៤ និងបុគ្គល ៣រូបផ្សេងទៀត ចោទពីបទបង្កើត និងផ្សព្វផ្សាយការលក់គណនី លក់ Like និងលក់ Follower ក្លែងក្លាយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហ្វេសប៊ុកនៅលើវេបសាយរបស់ខ្លួននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការសហព័ន្ធសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុនចំនួន៤ និងបុគ្គល ៣រូបដែលមានមូលដ្ឋាននៅប្រទេសចិន ជុំវិញនឹងការផ្សព្វផ្សាយពីការលក់គណនី Like និង Follower ក្លែងក្លាយនៅលើបណ្ដាញសង្គមរបស់ខ្លួន។
ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ការដាក់ពាក្យប្ដឹងនេះ គឺក្រុមហ៊ុនកំពុងតែប្រើប្រាស់សិទ្ធិរបស់ខ្លួនក្រោមច្បាប់កម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក ចំពោះការរំលោភបំពានលើការប្រើប្រាស់ស្លាកយីហោ និងម៉ាករបស់ខ្លួនដោយខុសច្បាប់។
អនុប្រធាន និងជាអគ្គនាយករងផ្នែកច្បាប់នៃហ្វេសប៊ុក លោក Paul Grewal ថ្លែងក្នុងសេចក្ដីប្រកាសថា ក្រុមហ៊ុនចិន ៤ និងបុគ្គល ៣រូបខាងលើ បានធ្វើសកម្មភាពក្លែងបន្លំនេះទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Instagram ព្រមទាំងធ្វើដូច្នេះនៅលើបណ្ដាញអនឡាញផ្សេងទៀតដែរដូចជា Amazon, Apple, Google, LinkedIn, និង Twitter ផងដែរ។
លោកបន្តថា «តាមរយៈពាក្យបណ្ដឹងនេះ យើងសង្ឃឹមថានឹងមានការពង្រឹងលើសកម្មភាពក្លែងបន្លំបែបនេះដែលមិនត្រូវអត់ឱនឲ្យបានឡើយ ហើយយើងនឹងចាត់វិធានការដោយមានប្រសិទ្ធភាព ដើម្បីការពារនូវភាពត្រឹមត្រូវរបស់វេទិកា (platform) របស់យើង។»
ក្នុងពាក្យបណ្ដឹងនោះមានបីចំណុចសំខាន់ៗគឺ៖
- បង្ការមិនឲ្យមានការបង្កើត និងផ្សព្វផ្សាយពីការលក់គណនី Likes និង Followers ក្លែងក្លាយនៅលើ Facebook និង Instagram
- បង្ការមិនឲ្យមានការរំលោភបំពានលើស្លាកសញ្ញាពាណិជ្ជកម្ម
- បង្ការការប្រើប្រាស់ម៉ាកយីហោ Facebook ដើម្បីដំណើរការវេបសាយរបស់ពួកគេ
បណ្ដឹងនៅពេលនេះ គឺជំហានមួយទៀតដែលក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថាជាការខិតខំប្រឹងប្រែងដើម្បីការពារអ្នកប្រើប្រាស់ Facebook និង Instagram ហើយក៏ជាមូលហេតុដែលក្រុមហ៊ុនចំណាយធនធានជាច្រើនដើម្បីស្វែងរក និងបញ្ឈប់សកម្មភាពខាងលើ ដោយបានបិទគណនីក្លែងក្លាយរាប់លានក្នុងមួយថ្ងៃៗ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕