បន្ទាប់ពីមានរឿងអាស្រូវបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ជាង ៨៧លាននាក់មក ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែខិតខំកែសម្រួលឡើងវិញពីបញ្ហាទាក់ទងនឹងភាពឯកជនរបស់អ្នកប្រើប្រាស់របស់ខ្លួនឲ្យកាន់តែប្រសើរឡើង។
ក្រុមហ៊ុននេះសន្យាថា នឹងធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់ ថាតើព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Cambridge Analytica ដែរឬអត់ បន្ទាប់ពីមានរឿងអាស្រូវអំពីទិន្នន័យ។
បច្ចុប្បន្ន អ្នកប្រើប្រាស់ហ្វេសប៊ុកសរុបជាង ២ពាន់លានគណនី ហើយក្នុងចំណោមអ្នកប្រើប្រាស់ទាំងអស់នេះ មានអ្នកប្រើប្រាស់មួយចំនួនបានសន្យាថានឹងលុបគណនីហ្វេសប៊ុករបស់ខ្លួនចោលផងដែរ ដោយសារតែបញ្ហារឿងអាស្រូវបែកធ្លាយទិន្នន័យទៅក្រុមហ៊ុន Cambridge Analytica នៅពេលថ្មីៗនេះ។
ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ហ្វេសប៊ុកក៏អាចកម្រិតចំនួននៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅឲ្យក្រុមហ៊ុននៅលើបណ្ដាញសង្គមហ្វេសប៊ុកបានដែរ ដោយមិនចាំបាច់លុបគណនីចេញនោះទេ។
អានអត្ថបទផ្សេងទៀត
- គណនីហ្វេសប៊ុកត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅ ACCP
- ចាក់សោហ្វេសប៊ុកពីរជាន់ មិនឲ្យហេគឃឺលួចបាន
- របៀបទាញយកគណនីហ្វេសប៊ុកដែលត្រូវគេហេគ យកមកវិញ
ទាក់ទងនឹងបញ្ហានេះ Tech Khmer សូមលើកយកគន្លឹះមួយចំនួនមកជម្រាបជូនលោកអ្នក អំពីរបៀបការពារភាពឯកជនរបស់អ្នកដូចខាងក្រោម៖
-
លេខទូរស័ព្ទនៅលើ Facebook
សូមអ្នកកុំដាក់បង្ហាញលេខទូរស័ព្ទរបស់អ្នកជាសាធារណៈឲ្យសោះ ទោះបីជាហ្វេសប៊ុកបានទាមទារឲ្យអ្នកបំពេញវាចូលក្ដី។ ប្រសិនបើអ្នកបានបញ្ចូលលេខទូរស័ព្ទ សូមអ្នកលាក់វាកុំឲ្យអ្នកផ្សេងឃើញក្រៅពីអ្នកឲ្យសោះ។
-
ថ្ងៃ–ខែ–ឆ្នាំកំណើត
ថ្ងៃខែឆ្នាំកំណើតរបស់អ្នក គឺជាផ្នែកមួយនៃព័ត៌មានសំខាន់ដែលក្រុម scammer (ជនខិលខូច) ត្រូវការ ដើម្បីចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួន និងគណនីធនាគាររបស់អ្នក។ ដូច្នេះ សូមរក្សាវាជាការសម្ងាត់។
-
ជ្រើសរើសមិត្តភ័ក្ដិដែលអ្នកស្គាល់ និងជឿទុកចិត្ត
សូមរក្សាទុកតែមិត្តភ័ក្ដិណាដែលអ្នកស្គាល់ច្បាស់ និងជឿទុកចិត្ត ជាពិសេសក្រុមគ្រួសាររបស់អ្នក ពីព្រោះអ្នកប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយមួយចំនួន ចង់ធ្វើជាមិត្តអ្នកនៅលើហ្វេសប៊ុក គឺគ្រាន់តែចង់តាមដាន និងអាចឈានដល់ការបោកប្រាស់ណាមួយតែប៉ុណ្ណោះ។
-
ស្ថានភាពទំនាក់ទំនងស្នេហា (Relationship Status)
វាជាការល្អ ប្រសិនបើអ្នកមិនបង្ហាញទំនាក់ទំនងស្នេហារបស់អ្នកទៅកាន់ពិភពលោក ដោយអ្នកគ្រាន់តែបង្ហាញទៅកាន់តែមិត្តភ័ក្ដិជិតដិតរបស់អ្នកបានហើយ។ ក្នុងករណីនេះ ក្រុមហ៊ុនផ្សព្វផ្សាយមួយចំនួន នឹងយកព័ត៌មានទំនាក់ទំនងស្នេហានេះ ដូចជាការភ្ជាប់ពាក្យជាដើម ដើម្បីផ្សព្វផ្សាយផលិតផលសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ជាដើម។
-
ព័ត៌មាន Credit card
កុំចែករំលែកព័ត៌មាន Credit card របស់អ្នកឲ្យសោះ បើមិនដូច្នេះទេ អ្នកនឹងអស់លុយពីហោប៉ៅជាក់ជាមិនខាន។
-
ចៅហ្វាយ ឬអ្នកគ្រប់គ្រងរបស់អ្នក
អ្នកមិនគួរបង្ហាញសកម្មភាពមិនប្រក្រតីមួយចំនួននៅលើហ្វេសប៊ុកនោះទេ ពីព្រោះចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងរបស់អ្នក ក៏នៅលើហ្វេសប៊ុកជាមួយអ្នកដែរ។ ប្រាកដណាស់ វាជាពេលវេលាដែលអ្នកសម្រាក និងកម្សាន្តផ្ទាល់ខ្លួន ប៉ុន្តែបើសិនបើពួកគេបានមើលឃើញ វាក៏អាចជារឿងអាម៉ាស់មួយនៅពេលក្រោយផងដែរ។ ម្យ៉ាងទៀតនៅពេលបច្ចុប្បន្ននេះ នាយកគ្រប់គ្រង ឬអ្នកសម្ភាសន៍ការងារមួយចំនួន កំពុងចាប់អារម្មណ៍ឆែកមើលគណនីហ្វេសប៊ុករបស់បេក្ខជនដែលត្រូវសម្ភាសផងដែរ។ ដូច្នេះ ចូរគិតមុនថា តើអ្នកណាដែលអ្នកចង់ឲ្យឃើញពីសកម្មភាពរបស់អ្នកនៅលើហ្វេសប៊ុក មុននឹងបង្ហោះវាឡើង។
-
ឈប់បង្ហាញទីតាំងរបស់អ្នក
នៅពេលអ្នក tag ខ្លួនឯងនៅទីតាំងណាមួយនោះ គឺមានន័យថា អ្នកបានផ្ដល់ព័ត៌មានជាច្រើនទៅកាន់ពិភពលោក ដូចជាអ្នកកំពុងតែនៅផ្ទះ កន្លែងដែលអ្នកកំពុងរស់នៅ និងអ្វីដែលអ្នកកំពុងធ្វើជាដើម។ ដូច្នេះ សូមកុំ tag ទីកន្លែងរបស់អ្នកឲ្យសោះ។
-
ពេលវេលា និងទីកន្លែងដែលអ្នកនឹងទៅលំហែនៅថ្ងៃ Holiday
នៅពេលអ្នកធ្វើដំណើរកម្សាន្តទៅតំបន់ណាមួយ សូមកុំទាន់បង្ហាញពីទីតាំងនោះ គឺរង់ចាំអ្នកត្រឡប់មកដល់ផ្ទះសិន ចាំចែករំលែកអំពីដំណើរកម្សាន្តនោះនៅលើហ្វេសប៊ុក។ ធ្វើដូច្នេះ អ្នកនឹងជៀសផុតពីហានិភ័យផ្សេងៗបាន។
-
រូបថតកូនតូចៗរបស់អ្នក
វាមានហេតុផលជាច្រើនទាក់ទងនឹងបញ្ហារូបថតកូនៗ ឬក្មួយតូចៗរបស់អ្នក នៅពេលដែលអ្នកបង្ហោះរូបថតរបស់ពួកគាត់ទៅលើហ្វេសប៊ុក ពីព្រោះពួកគេមិនទាន់ដឹងក្ដីនៅឡើយទេ។ រូបថតដែលអ្នកបង្ហោះលើហ្វេសប៊ុក គឺតែងតែត្រូវបានមើលឃើញដោយមិត្តភ័ក្ដិ និងមិត្តភ័ក្ដិរបស់មិត្តភ័ក្ដិរបស់អ្នកជាដើម។ ចូរគិតថា តើអ្នកណាខ្លះដែលអ្នកចង់ឲ្យឃើញរូបថតទាំងនោះ? ហើយរូបថតទាំងនោះ សមរម្យនឹងបង្ហោះលើហ្វេសប៊ុកដែរឬអត់?
-
ទីតាំងសាលារៀនរបស់កូនតូចៗរបស់អ្នក
សូមកុំបង្ហាញឈ្មោះ ឬទីតាំងសាលាដែលកូនតូចៗរបស់អ្នកកំពុងសិក្សា។ ចូររក្សាវាជាការសម្ងាត់ និងកុំបង្ហាញ។
-
Location services
អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើន គឺប្រើតាមរយៈទូរស័ព្ទស្មាតហ្វូន ដែលមានន័យថា អ្នកអាចអនុញ្ញាតឲ្យគ្រប់គ្នាដឹងអំពីទីតាំងរបស់អ្នក ប្រសិនបើអ្នកមិនបានបិទសេវាទីតាំងនៅលើទូរស័ព្ទរបស់អ្នកទេ។ ចូរបិទ location servicesនៅលើទូរស័ព្ទរបស់អ្នក គឺជាការប្រសើរបំផុត ប្រសិនបើអ្នកគ្មានករណីចាំបាច់ណាមួយត្រូវប្រើ location services នោះ។
Tech Khmer សង្ឃឹមថាគន្លឹះទាំងអស់ខាងលើនេះនឹងជួយអ្នកប្រើប្រាស់ហ្វេសប៊ុកជៀសឆ្ងាយពីហានិភ័យផ្សេងៗដែលអាចកើតមានចំពោះអ្នក មិត្តភ័ក្ដិរបស់អ្នក និងក្រុមគ្រួសាររបស់អ្នក។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕