ប្រទេសប៉ាពួ ញូវហ្គីណេ (Papua New Guinea) នឹងបិទបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) រយៈពេលមួយខែ ដើម្បីស្វែងរកគណនីក្លែងក្លាយ (Fake Account) និងពិចារណាអំពីផលប៉ះពាល់នៃបណ្ដាញសង្គមនេះមកលើប្រទេសរបស់ខ្លួន។
សារព័ត៌មានរបស់អង់គ្លេស BBC News បានស្រង់សម្ដីរបស់មន្ត្រីផ្នែកទំនាក់ទំនងរបស់ប្រទេសប៉ាពួ ញូវហ្គីណេ លោក សេម បាស៊ីល (Sam Basil) ឲ្យដឹងថា អ្នកប្រើប្រាស់ហ្វេសប៊ុកដែលបង្ហោះរូបអាសអាភាស និងបង្ហោះព័ត៌មានមិនពិត នឹងត្រូវរកមុខឃើញ។
លោក បាស៊ីល បានថ្លែងប្រាប់ទៅសារព័ត៌មានក្នុងស្រុកឈ្មោះ Post-Courier ហើយសារព័ត៌មាន BBC News បានស្រង់មកចុះផ្សាយឲ្យដឹងទៀតថា រយៈពេល ១ខែ ប្រទេសប៉ាពួ ញូវហ្គីណេ នឹងអាចប្រមូលបានព័ត៌មានដើម្បីកំណត់អ្នកប្រើប្រាស់ដែលលាក់ខ្លួននៅពីក្រោយគណនីក្លែងក្លាយ អ្នកប្រើប្រាស់ដែលបង្ហោះរូបភាពអាសអាភាស និងអ្នកប្រើប្រាស់ដែលបង្ហោះព័ត៌មានមិនពិត។
មន្ត្រីទំនាក់ទំនងរូបនេះក៏បានផ្ដល់យោបល់ឲ្យប្រទេសរបស់លោកថា ប្រសិនបើអាច គួរបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនមួយសម្រាប់ប្រជាជនប៉ាពួ ញូវហ្គីណេ ប្រើប្រាស់ដោយប្រើអត្តសញ្ញាណពិតប្រាកដផងដែរ។ លោកបន្ថែមទៀតថា ប្រសិនបើចាំបាច់ យើង (ប្រទេសប៉ាពួ ញូវហ្គីណេ) នឹងប្រមូលអ្នកអភិវឌ្ឍន៍កម្មវិធីក្នុងស្រុក (local applications developers) ដើម្បីបង្កើតវែបសាយមួយដែលមានប្រយោជន៍ច្រើនសម្រាប់ប្រជាជននៃប្រទេសប៉ាពួ ញូវហ្គីណេ ដើម្បីទំនាក់ទំនងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។
អានអត្ថបទផ្សេងទៀត៖
- ចាក់សោ Facebook ថែមមួយជាន់ទៀតមិនឲ្យ Hackers លួចបាន
- របៀបឆែកមើលថាតើមានគេលួចចូលមើលគណនីហ្វេសប៊ុកយើងដែរឬអត់
- របៀបទាញយកគណនីហ្វេសប៊ុកដែលត្រូវគេហេគយកមកវិញ
ទោះបីជាមនុស្សប្រហែលតែ ១០% ប៉ុណ្ណោះនៃប្រជាជនប្រទេសប៉ាពួ ញូវហ្គីណេ មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតក៏ដោយ ក៏ប្រទេសនេះកំពុងតែបង្ហាញពីការអនុវត្តច្បាប់សេវាកម្មលើអនឡាញដ៏សកម្មផងដែរ (regulation of online services)។
រដ្ឋាភិបាលប្រទេសប៉ាពួ ញូវហ្គីណេ ដែលជាប្រទេសមួយស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក មានគោលបំណងប្រើប្រាស់ការបិទហ្វេសប៊ុករយៈពេល ១ខែនេះ ដើម្បីវិភាគអំពីរបៀបដែលហ្វេសប៊ុកត្រូវបានជនល្មើសប្រើ ហើយនឹងផ្ដន្ទាទោសជនល្មើសច្បាប់ឧក្រិដ្ឋកម្មអ៊ីនធឺណិតដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៦។
ទោះយ៉ាងណាក៏ដោយ ពេលវេលានៃការបិទសេវាកម្មបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសប៉ាពួ ញូវហ្គីណេ មិនទាន់ត្រូវបានកំណត់ថាត្រូវចាប់ផ្ដើមអនុវត្តនៅពេលណានៅឡើយទេ។
បច្ចុប្បន្ន ការកើនឡើងនៃព័ត៌មានមិនពិត (fake news) បានក្លាយជាបញ្ហាចម្បងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅលើសកលលោក។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ រងការរិះគន់ដែលមិនបានព្រមានអ្នកប្រើប្រាស់នៅពេលព័ត៌មាននោះមានភាពមិនត្រឹមត្រូវ ឬក៏ខុសឆ្គងជាដើម។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕