នៅពេលថ្មីៗនេះ ក្រុមការងារថិចខ្មែរ (TECH KHMER) សង្កេតឃើញមានផេកមួយចំនួនទើបតែបង្កើតឡើងថ្មីៗនៅចុងខែមេសា នេះ ហើយមាន Boost Page ផង បានបន្លំឈ្មោះស្រដៀងនឹងឈ្មោះកម្មវិធី Messenger របស់ហ្វេសប៊ុក ដោយជំរុញឱ្យអ្នកប្រើប្រាស់ចុចអាប់ដេត (update) កម្មវិធី Messenger។
ទំព័រហ្វេសប៊ុកទាំងនោះមានឈ្មោះដូចជា “Messenger ubdate” និងមានទំព័រជាភាសាខ្មែរមួយទៀតសរសេរថា “ធ្វើបច្ចុប្បន្នភាព“ ដោយមានដាក់ឡូហ្គូ (logo) នៃកម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក (Messenger) ផង។ នៅក្នុងអត្ថបទផ្សព្វផ្សាយរបស់ទំព័រទាំងនោះបានសរសេរបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ហ្វេសប៊ុកឱ្យចុចលើតំណភ្ជាប់ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី Messenger ដើម្បីមើលឃើញអ្នកណាខ្លះចូលមើល Profile របស់អ្នកជាដើម។
ក្រុមការងារឆែកមើល និងតាមដានទំព័រទាំងនោះ យើងឃើញថាវាជាទំព័រក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយក្រុមទុច្ចរិតក្នុងគោលបំណងបោកបញ្ឆោតអ្នកប្រើប្រាស់ហ្វេសប៊ុកឱ្យចុចលើតំណភ្ជាប់ និងបំពេញព័ត៌មានប្រើប្រាស់គណនីហ្វេសប៊ុកផ្ទាល់ខ្លួន (username, password) ចូលទៅកាន់ទំព័ររបស់ក្រុមជនខិលខូចតែប៉ុណ្ណោះ។ នេះជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀតដែលក្រុមវាយប្រហារប្រើប្រាស់ដើម្បីលួចយកគណនីហ្វេសប៊ុក ឬគណនីធនាគារនៅលើបណ្ដាញអ៊ីនធឺណិត។
ដូច្នេះ សូមបងប្អូនកុំចុចលើ Link និងកុំធ្វើតាមការណែនាំរបស់ទំព័រហ្វេសប៊ុកទាំងនោះឱ្យសោះ។ បើមិនដូច្នោះទេ គណនីហ្វេសប៊ុករបស់អ្នកនឹងត្រូវក្រុមហេគឃឺលួចយកភ្លាមៗតែម្ដង។ ប្រសិនបើអ្នកបានធ្វើតាមទំព័រទាំងនោះ សូមប្រញាប់ផ្លាស់ប្ដូរពាក្យសម្ងាត់គណនីហ្វេសប៊ុករបស់អ្នកជាបន្ទាន់ និងផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗរបស់អ្នកនៅក្នុង Profile របស់អ្នកផងថាតើមានការផ្លាស់ប្ដូរអ្វីដែរឬអត់ ដូចជាលេខទូរស័ព្ទ និងអ៊ីមែលជាដើម។
បញ្ជាក់៖ ដើម្បីអាប់ដេតកម្មវិធីលើទូរស័ព្ទរបស់អ្នកបាន គឺមានតែវិធីមួយប៉ុណ្ណោះ នោះគឺចូលទៅកាន់ App Store (សម្រាប់ iOS) និង Google Play Store (សម្រាប់ Android) ហើយឆែកមើលថាតើកម្មវិធីណាមួយរបស់អ្នកត្រូវការធ្វើបច្ចុប្បន្នភាព (Update)។ បើសិនជាមាន នោះវានឹងបង្ហាញពាក្យថា “Update”៕