នៅពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានចេញផ្សាយនូវគន្លឹះខ្លីៗចំនួន ១០ចំណុចជាភាសាខ្មែរ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួនជាជនជាតិខ្មែរ អាចដឹងពីវិធីពិនិត្យមើលព័ត៌មានមិនពិត។
ការចេញផ្សាយនូវគន្លឹះទាំងនេះ គឺស្របពេលដែលព័ត៌មានមិនពិត ឬក្លែងក្លាយជាច្រើន ត្រូវបានគេបង្កើតឡើង និងចែករំលែកនៅបណ្ដាញសង្គមមួយនេះ ដែលបណ្ដាលឲ្យមានការភ័ន្តច្រឡំ និងបាត់បង់នូវតម្លៃព័ត៌មាន។
ការចេញផ្សាយនេះផងដែរ ក៏ស្ថិតនៅក្នុងគម្រោងមួយរបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ដែលមានឈ្មោះថា Facebook Journalism Project។ Facebook Journalism Project ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់អ្នកសារព័ត៌មាន និងអក្ខរកម្មព័ត៌មាន ហើយក៏ជាមជ្ឈមណ្ឌលសម្រាប់អ្នកសារព័ត៌មាន និងអ្នកបោះពុម្ពផ្សាយ ដើម្បីរៀន និងចែករំលែកផងដែរ។
ក្រុមហ៊ុនហ្វេសប៊ុកបានសរសេរសារថា “យើងយកចិត្តទុកដាក់ខ្លាំងលើការទប់ស្កាត់ព័ត៌មានមិនពិត។ សូមពិនិត្យមើលមធ្យោបាយមួយចំនួន ដើម្បីកំណត់ថាជាព័ត៌មានពិត ឬមិនពិត។” ទោះយ៉ាងណា ក្រុមហ៊ុនហ្វេសប៊ុកជំរុញឲ្យអ្នកប្រើប្រាស់ទាំងអស់ ចូលរួមទាំងអស់គ្នា ទើបអាចទប់ស្កាត់ការផ្សាយព័ត៌មានមិនពិតបាន។
អានអត្ថបទផ្សេងទៀត៖
- របៀបពិនិត្យមើលគណនីហ្វេសប៊ុកមួយជា Fake Account
- របៀបឆែកមើលថាតើមាន hacker លួចចូលគណនីហ្វេសប៊ុកយើងដែរឬអត់
- របៀបស្រោចស្រង់គណនីហ្វេសប៊ុកដែលត្រូវគេលួច យកមកវិញ
Tech Khmer សូមដកស្រង់ខ្លឹមសារនៃគន្លឹះដើម្បីកំណត់ថាជាព័ត៌មានមិនពិតពីការផ្សាយរបស់ក្រុមហ៊ុនហ្វេសប៊ុកដូចខាងក្រោម៖
គន្លឹះទី១៖ ត្រូវមានការសង្ស័យចំពោះចំណងជើង
ព័ត៌មានមិនពិត ជាធម្មតាមានចំណងជើងគួរឲ្យចាប់អារម្មណ៍ជាអក្សរធំទាំងអស់ជាមួយឧទានសញ្ញា។ ប្រសិនបើចំណងជើងមើលទៅគួរឲ្យភ្ញាក់ផ្អើលដែលមិនគួរឲ្យជឿ នោះអាចជាព័ត៌មានមិនពិត។
គន្លឹះទី២៖ សូមមើលឲ្យច្បាស់តាម URL
ក្លែងក្លាយ ឬមើលទៅស្រដៀងជា URL អាចជាសញ្ញាបង្ហាញថាជាព័ត៌មានមិនពិត។ គេហទំព័រព័ត៌មានមិនពិតជាច្រើន បន្លំជាប្រភេទព័ត៌មានពិតប្រាកដ ដោយធ្វើការកែប្រែតិចតួចទៅលើ URL។ អ្នកអាចចូលទៅគេហទំព័រ និងប្រៀបធៀប URL ទៅប្រភពដែលបានបង្កើត។
គន្លឹះទី៣៖ ស៊ើបអង្កេតពីប្រភពនៃព័ត៌មាន
ត្រូវប្រាកដថាអត្ថបទនោះ គឺសរសេរដោយប្រភពដែលអ្នកជឿទុកចិត្តបាន ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ត្រឹមត្រូវ។ ប្រសិនបើអត្ថបទនេះចេញមកពីស្ថាប័នដែលមិនច្បាស់លាស់ សូមពិនិត្យមើលផ្នែក «អំពី ឬ about» របស់គណនី ឬគេហទំព័រនោះដើម្បីស្វែងយល់បន្ថែម។
គន្លឹះទី៤៖ សូមពិនិត្យរកមើលទម្រង់ដែលខុសប្រក្រតី
គេហទំព័រព័ត៌មានមិនពិតភាគច្រើនមានសរសេរអក្ខរាវិរុទ្ធខុសច្រើន ឬទម្រង់បែបឆ្គងមិនសូវសម។ សូមអានដោយប្រុងប្រយ័ត្ន បើសិនអ្នកឃើញសញ្ញាទាំងនេះ។
គន្លឹះទី៥៖ ពិចារណាអំពីរូបថត
អត្ថបទនៃព័ត៌មានមិនពិត ជាធម្មតាមានផ្ទុករូបភាព ឬវីដេអូដែលបានកាត់ត។ ជួនកាល រូបភាពនោះអាចមានភាពត្រឹមត្រូវ ប៉ុន្តែត្រូវបានដកចេញនូវផ្នែកណាមួយ។ អ្នកអាចស្វែងរករូបថត ឬរូបភាពដើម្បីបញ្ជាក់ថាតើវាមកពីប្រភពណា។
គន្លឹះទី៦៖ ពិនិត្យមើលកាលបរិច្ឆេទ
អត្ថបទនៃព័ត៌មានមិនពិត អាចចុះពេលវេលាមិនច្បាស់លាស់គួរឲ្យសង្ស័យ ឬកាលបរិច្ឆេទព្រឹត្តិការណ៍ត្រូវបានគេកែបន្លំ។
គន្លឹះទី៧៖ ពិនិត្យមើលភស្តុតាង
ពិនិត្យមើលប្រភពរបស់អ្នកនិពន្ធ ដើម្បីបញ្ជាក់ថាវាត្រឹមត្រូវ។ កង្វះភស្តុតាង ឬការពឹងផ្អែកលើអ្នកជំនាញការដែលមិនស្គាល់ឈ្មោះ ប្រហែលនោះបង្ហាញថាវាជាព័ត៌មានមិនពិត។
គន្លឹះទី៨៖ សូមមើលរបាយការណ៍ផ្សេងៗទៀត
ប្រសិនបើគ្មានព័ត៌មានផ្សេងៗទៀតរាយការណ៍អត្ថបទដូចគ្នានោះទេ វាអាចបង្ហាញថាអត្ថបទនោះប្រាកដជាមិនពិត។ ប្រសិនបើអត្ថបទនោះត្រូវបានរាយការណ៍ដោយប្រភពផ្សេងៗជាច្រើនដែលអ្នកទុកចិត្ត នោះវាទំនងជាព័ត៌មានពិត។
គន្លឹះទី៩៖ តើអត្ថបទនោះគឺជារឿងកំប្លែងឬ?
ជួនកាល ព័ត៌មានមិនពិតអាចពិបាកក្នុងការបែងចែករវាងរឿងកំប្លុកកំប្លែង ឬរឿងបំផ្លើស ដៀលត្មះ ដៀមដាម។ សូមពិនិត្យមើលថា តើវាត្រូវបានគេស្គាល់ថាជាប្រភពនៃរឿងបំផ្លើស ដៀមដាម ហើយថាតើព័ត៌មានលម្អិតនៃសាច់រឿង និងអត្ថបទ បង្ហាញថាវាគ្រាន់តែជារឿងកំប្លែង ឬយ៉ាងណា។
គន្លឹះទី១០៖ អត្ថបទខ្លះគឺមានចេតនាជារឿងមិនពិត (Fake News)
សូមគិតពិចារណាឲ្យបានហ្មត់ចត់ទៅលើអត្ថបទដែលអ្នកបានអាន ហើយចែករំលែកតែព័ត៌មានណាដែលអ្នកច្បាស់ក្នុងចិត្តថាជាអត្ថបទដែលទុកចិត្តបាន។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕