ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ប្រកាសថាខ្លួនកំពុងតែបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការមួយនៅក្នុងប្រទេសសិង្ហបុរី (Singapore) ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅមុនពេលបោះឆ្នោតម្ដងៗ។
គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការថ្មីនេះឡើង គឺដើម្បីធ្វើការសហការជាមួយទីស្នាក់ការកណ្ដាលរបស់ហ្វេសប៊ុកនៅ Menlo Park និងអ្នកជំនាញៗនៅសិង្ហបុរី ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនត្រឹមត្រូវ សម្ដីរើសអើងឬស្អប់ខ្ពើម ជាពិសេសការជ្រៀតជ្រែក និងគាបសង្កត់លើអ្នកបោះឆ្នោត។
សេចក្ដីប្រកាសព័ត៌មានរបស់ហ្វេសប៊ុក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ (ពេលវេលានៅអាមេរិក) ឲ្យដឹងថា ក្រុមហ៊ុននឹងបញ្ជូនបុគ្គលិកជំនាញពី Facebook, Instagram, និង WhatsApp ឲ្យទៅបំពេញការងារនៅមជ្ឈមណ្ឌលប្រតិបត្តិការដែលកំពុងសាងសង់នៅសិង្ហបុរី។ ពួកគេនឹងធ្វើការជាមួយក្រុមការងារផ្សេងទៀតដូចជា ក្រុមកំណត់ការគំរាមកំហែង (threat intelligence) ក្រុមវិភាគទិន្នន័យ (data science) ក្រុមវិស្វកម្ម (engineering) ក្រុមស្រាវជ្រាវ ក្រុមប្រតិបត្តិការសហគមន៍ ក្រុមច្បាប់ និងក្រុមមួយចំនួនទៀត។
ក្រុមហ៊ុនបញ្ជាក់ថា បុគ្គលិកហ្វេសប៊ុកនៅប្រទេសសិង្ហបុរី នឹងធ្វើការយ៉ាងជិតដិតជាមួយនឹងអ្នកតំណាងរាស្ត្រ គណៈកម្មការបោះឆ្នោត អ្នកត្រួតពិនិត្យភាពត្រឹមត្រូវ (fact-checkers) អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងក្រុមសង្គមស៊ីវិល ដើម្បីធ្វើឲ្យការបោះឆ្នោតក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាន់តែមានភាពប្រសើរឡើង និងប្រកបដោយភាពត្រឹមត្រូវ។
Facebook តែងតែលុបចោលទំព័រហ្វេសប៊ុក ក្រុម និងគណនីហ្វេសប៊ុករាប់ពាន់ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នៅលើបណ្ដាញសង្គមរបស់ខ្លួន។ ក្រុមហ៊ុនប្ដេជ្ញាធ្វើឲ្យប្រសើរឡើង និងបង្កើតទំនាក់ទំនងកាន់តែល្អជុំវិញពិភពលោក ដើម្បីបញ្ឈប់នូវសកម្មភាពខុសច្បាប់ទាំងនោះផងដែរ។
កម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕