ក្រសួងព័ត៌មាន បង្កើតគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្ដាញទំនាក់ទំនងសង្គមនៅកម្ពុជា។
សេចក្ដីសម្រេចដែលមាន ៦មាត្រារបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយដែលមានភារកិច្ចដូចខាងក្រោម៖
- តាមដានការផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងដំណឹងមិនពិតតាមបណ្ដាញទំនាក់ទំនងសង្គម
- ធ្វើការឆ្លើយតបជូនសាធារណជនឱ្យបានទាន់ពេលវេលា តាមគ្រប់មធ្យោបាយដែលមានស្រាប់រាល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គម
- សហការជាមួយស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមគ្រប់មធ្យោបាយ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអង្គភាព ឬក្រុមហ៊ុនទំនាក់ទំនងសង្គម ដើម្បីរាំងខ្ទប់ (Block) គេហទំព័រ គណនី ឬទំព័រទាំងឡាយដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គម និងចាត់វិធានការតាមផ្លូវច្បាប់
- ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងអំពីស្ថានភាពនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គម និងស្នើសុំគោលការណ៍ដើម្បីអនុវត្ត និងចាត់វិធានការតាមនីតិវិធីច្បាប់។
លើសពីនេះ ក្រសួងក៏បានបង្កើតអនុគណៈកម្មការចំនួនពីរទៀត គឺអនុគណៈកម្មការតាមដានមាតិកាផ្សាយ និងកំណត់អត្តសញ្ញាណ និងអនុគណៈកម្មការទំនាក់ទំនង និងចាត់វិធានការ ហើយអនុគណៈកម្មការទាំងពីរនេះមានសិទ្ធិជ្រើសរើសមន្ត្រីជំនាញបន្ថែម បង្កើតក្រុមការងារបច្ចេកទេសតាមតម្រូវការចាំបាច់ ដើម្បីអនុវត្តការងារបានទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់៕
ទាញយកសេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។