កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទឆបោកប្រាក់តាមបណ្ដាញសង្គម ដោយក្លែងគណនីហ្វេសប៊ុក (Facebook Account) ផ្ញើអីវ៉ាន់ពីក្រៅប្រទេស និងឱ្យជនរងគ្រោះផ្ញើប្រាក់ឱ្យខ្លួនបានសម្រេចប្រហែល ២០នាក់។
ជនសង្ស័យឆបោកប្រាក់ទាំងពីរនាក់នោះម្នាក់ជាជនជាតិនីហ្សេរីយ៉ា ឈ្មោះ Longe Olaouwa Akindele ភេទប្រុស អាយុ ៣០ឆ្នាំ និងម្នាក់ទៀតជាជនជាតិខ្មែរឈ្មោះ និន ស្រីពៅ ភេទស្រី អាយុ ៣៣ឆ្នាំ។ ជនសង្ស័យសារភាពថាពួកគេធ្វើសកម្មភាពឆបោកប្រាក់តាមបណ្ដាញសង្គមបានជិត ២ឆ្នាំ ដោយក្លែងគណនីហ្វេសប៊ុកផ្ញើអីវ៉ាន់ពីក្រៅប្រទេស។ នេះបើតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា ជនរងគ្រោះពីការឆបោកប្រាក់តាមបណ្ដាញសង្គមដែលបានផ្ញើប្រាក់ឱ្យជនសង្ស័យទាំងពីរនាក់ខាងលើមានប្រហែល ២០នាក់ និងសរុបជាប្រាក់ប្រហែល ៥ម៉ឺនដុល្លារអាមេរិក។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវរកជនសង្ស័យជាជនជាតិស្បែកខ្មៅម្នាក់ទៀតដែលតែងឱ្យជនសង្ស័យជាស្ត្រីជនជាតិខ្មែរទៅដកប្រាក់ជំនួសកន្លងទៅ។
អត្ថបទគួរអាន
ធនាគារ ABA ឱ្យអតិថិជនប្រយ័ត្នចំពោះការឆបោកតាមអនឡាញ
![ជនសង្ស័យឆបោកប្រាក់តាមបណ្ដាញសង្គមជនជាតិនីហ្សេរីយ៉ា ឈ្មោះ Longe Olaouwa Akindele។](https://www.techkhmer.net/wp-content/uploads/2020/05/fraud-money-facebook-02.jpg)
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យពីបទឆបោកប្រាក់ទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំណុចផ្ទះជួលលេខ ៦៥E ផ្លូវលេខ១៨ ក្រុម៦ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ១២១ និងលេខ១២២ អ.យ.ក របស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ បន្ទាប់ពីមានការអនុញ្ញាតពីព្រះរាជអាជ្ញារង លោក សេង ហៀង និងចូលរួមពីក្រឡាបញ្ជីលោក ផាន់ លីវ៉ា កម្លាំងចម្រុះបានឆែកឆេរផ្ទះជនសង្ស័យ និងដកហូតសម្ភារមួយចំនួន និងបិទទ្វារផ្ទះជាបណ្ដោះអាសន្ន។
ក្នុងប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ គឺមានកិច្ចសហប្រតិបត្តិការរវាងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដឹកនាំបញ្ជាផ្ទាល់ដោយឧត្ដមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ក្រោមការចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣៕
![ជនសង្ស័យឆបោកប្រាក់តាមបណ្ដាញសង្គមជនជាតិខ្មែរឈ្មោះ និន ស្រីពៅ។](https://www.techkhmer.net/wp-content/uploads/2020/05/fraud-money-facebook-03.jpg)
![គណនីហ្វេសប៊ុកក្លែងក្លាយ។](https://www.techkhmer.net/wp-content/uploads/2020/05/fraud-money-facebook-04.jpg)