អង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia, ODC) នឹងរៀបចំសិក្ខាសាលាវគ្គ២ ស្ដីអំពីការប្រមូលទិន្នន័យ និងការប្រើប្រាស់ GIS រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
ការរៀបចំសិក្ខាសាលាវគ្គ២ នេះឡើង បន្ទាប់ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានបញ្ចប់សិក្ខាសាលាវគ្គទី១ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ដីអំពីមូលដ្ឋានគ្រឹះនៃ QGIS ដែលជាកម្មវិធី GIS បើកទូលាយ (Open Source Software) និងអនុញ្ញាតឲ្យលោកអ្នកអាចមើល កែសម្រួល និងវិភាគទិន្នន័យ geospatial។
គោលបំណងនៃសិក្ខាសាលាវគ្គ២ ស្ដីពីការប្រមូលទិន្នន័យ និងការប្រើប្រាស់ GIS
សិក្ខាសាលាវគ្គ២ ស្ដីពីការប្រមូលទិន្នន័យ និងការប្រើប្រាស់ GIS មានគោលបំណងផ្ដល់ចំណេះដឹងទូលំទូលាយលើការប្រមូល ការវិភាគ និងការប្រើប្រាស់ទិន្នន័យ GIS ជាមួយកម្មវិធីនៅលើទូរស័ព្ទដៃ និងការប្រើប្រាស់ GIS ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការគ្រប់គ្រងគ្រោះមហន្តរាយនៅតំបន់បឹងទន្លេសាប ដោយប្រើប្រាស់កម្មវិធីបើកទូលាយ និងឥតគិតថ្លៃ (Open Source Software)។
តើអ្នកណាខ្លះអាចចូលរួមសិក្ខាសាលានេះ និងត្រូវចំណាយថវិកាដែរឬអត់?
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងសម្រាប់អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យធនធានធម្មជាតិក្នុងស្រុក និងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងអ្នកជំនាញវិទ្យាសាស្ត្រផ្សេងៗទៀត។
អ្នកចូលរួមសិក្ខាសាលានេះ នឹងត្រូវបង់វិភាគទានចំនួន ១៥ដុល្លារក្នុងម្នាក់ៗ និងតម្រូវឲ្យចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់នៅខាងក្រោម។ លោកអ្នកត្រូវចុះឈ្មោះឲ្យបានមុនថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។ អង្គការនឹងប្រកាសឈ្មោះបេក្ខជនដែលជាប់ដើម្បីចូលរួមសិក្ខាសាលានៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។
អត្ថប្រយោជន៍ដែលអ្នកទទួលបានអំឡុងពេលសិក្ខាសាលារួមមាន សម្ភារៈសិក្សា កម្មវិធី អ៊ីនធឺណិត សៀវភៅកំណត់ត្រា វិញ្ញាបនបត្រ អាហារសម្រន់ និងអាហារថ្ងៃត្រង់។

តើអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ជានរណា?
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) គឺជាវែបសាយបែប «ទិន្នន័យបើកទូលាយ»។ វែបសាយប្រភេទនេះ ជាវែបសាយដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ចលនា «ទិន្នន័យបើកទូលាយ» គឺផ្អែកលើការសន្មតដ៏សាមញ្ញមួយថា ទិន្នន័យ ឬព័ត៌មានទាំងឡាយណាដែលត្រូវបានប្រមូលផ្ដុំសម្រាប់ផលប្រយោជន៍សាធារណៈ គួរតែដាក់ឲ្យប្រើប្រាស់បានជាសាធារណៈ ពោលគឺដោយគ្មានការដាក់កំហិតឡើយ។ ព័ត៌មាន ឬទិន្នន័យទាក់ទងនឹងវិស័យសាធារណៈ គួរផ្ដល់ឲ្យដោយសេរីដល់គ្រប់ៗគ្នា ដើម្បីប្រើ និងធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបំណងប្រាថ្នារបស់អ្នកប្រើប្រាស់។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ មិនធ្វើការលើកស្ទួយ ឬផ្សព្វផ្សាយទស្សនៈ របៀបវារៈ ឬការលម្អៀងណាមួយក្រៅពីការផ្ដល់ព័ត៌មានជាសត្យានុម័តអំពីប្រទេសកម្ពុជា និងការអភិវឌ្ឍរបស់ប្រទេសនោះឡើយ។
អំពីអ្នកបង្រៀន
- លោក វ៉ាមឿន និមល អ្នកប្រឹក្សាអង្គការទិន្នន័យអំពីការអភិវឌ្ឍ មានជំនាញក្នុងវិស័យ GIS រយៈពេលជាង ១០ឆ្នាំ និងបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥។
- ក្រុមការងារ GIS របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានជំនាញផ្នែក GIS និងមានបទពិសោធន៍ផ្ទាល់ជាមួយការគ្រប់គ្រង និងវិភាគទិន្នន័យផែនទីដោយការប្រើប្រាស់កម្មវិធីបើកទូលាយ។
តំណភ្ជាប់ចុះឈ្មោះ៖ https://bit.ly/2q7z84o
ព័ត៌មានបន្ថែម៖
- លោក ផាន់ សុវណ្ណគង្គា អ៊ីមែល៖ លេខទូរស័ព្ទ៖ ០១០ ៧៥៥ ២៩៥
- វែបសាយ៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ
- ការិយាល័យអង្គការ ODC ៖ https://goo.gl/maps/ovUFZgbFaXz
សូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងក្រុមគ្រួសារ បើសិនជាអ្នកគិតថាវាមានប្រយោជន៍ចំពោះពួកគេដែរ។

កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕