ក្រុមហ៊ុន Google លុបកម្មវិធីជិត ៦០០កម្មវិធីចេញពី Play Store និងហាមឃាត់មិនឱ្យប្រើប្រាស់ប្រព័ន្ធរកប្រាក់ចំណូលតាមរយៈផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម (ad monetization), Google AdMob និង Google Ad Manager។
Google ចេញសេចក្ដីប្រកាសនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថា កម្មវិធីទាំងអស់ដែលក្រុមហ៊ុនបានលុបចេញពីហាង Google Play Store គឺជិត ៦០០កម្មវិធី។ មូលហេតុដែលក្រុមហ៊ុនលុបកម្មវិធីទាំងនេះចេញ បន្ទាប់ពីក្រុមហ៊ុនរកឃើញថាកម្មវិធីទាំងនោះដំណើរការខុសគោលការណ៍ផ្សព្វផ្សាយ។
អ្នកគ្រប់គ្រងផលិតផលជាន់ខ្ពស់ និងគុណភាពចរាចរណ៍ពាណិជ្ជកម្ម (Senior Product Manager, Ad Traffic Quality) លោក Per Bjorke បញ្ជាក់នៅក្នុងប្លក់សន្តិសុខរបស់ក្រុមហ៊ុន Google ថា «យើងកំណត់ការក្លែងបន្លំពាណិជ្ជកម្មតាមរយៈការផ្សាយពាណិជ្ជកម្មណាដែលបង្ហាញទៅកាន់អ្នកប្រើប្រាស់ក្នុងរបៀបដែលមិននឹកស្មាន ដូចជាការធ្វើឱ្យមុខងារមួយចំនួនរបស់ទូរស័ព្ទចុះខ្សោយ ឬរំខានដល់មុខងារនៃឧបករណ៍ចល័តរបស់អ្នកប្រើប្រាស់ជាដើម។» លោកបន្តថា «ខណៈផ្ទាំងពាណិជ្ជកម្មបន្លំទាំងនោះអាចបង្ហាញលើកម្មវិធីទូរស័ព្ទ យើងសង្កេតឃើញទម្រង់មួយដែលវាកំពុងតែកើនឡើងនោះ គឺជាអ្វីដែលយើងហៅថាពាណិជ្ជកម្មក្រៅបរិបទ។ ករណីនេះ អ្នកអភិវឌ្ឍន៍កម្មវិធីទាំងនោះបានផ្ទុកកូដដែលបម្រើដល់ការផ្សាយពាណិជ្ជកម្មលើឧបករណ៍ចល័តទាំងដែលអ្នកប្រើប្រាស់មិនបានបើកប្រើកម្មវិធីសោះ»។
លើសពីនេះទៅទៀត ផ្ទាំងពាណិជ្ជកម្មទាំងនោះនឹងលោតចេញ ហើយត្រូវបានចុចដោយស្វ័យប្រវត្តិនៅលើឧបករណ៍ចល័តដោយអ្នកប្រើប្រាស់មិនបានដឹងខ្លួនឡើយ។ ហេតុដូចនេះ ប្រសិនបើអ្នកជួបប្រទះនឹងផ្ទាំងពាណិជ្ជកម្មដែលបង្ហាញពេញអេក្រង់ដែលទាមទារឱ្យអ្នកត្រូវតែចុចលើផ្ទាំងនោះ ឬឧបករណ៍ចល័តរបស់អ្នកឡើងកំដៅខុសធម្មតា ឆាប់អស់ថ្ម ឬទិន្នន័យអ៊ីនធឺណិតឆាប់អស់ នោះអាចបញ្ជាក់ថា អ្នកកំពុងតែមានកម្មវិធីខាងលើនៅក្នុងឧបករណ៍របស់អ្នកហើយ។ សូមពិចារណាត្រួតពិនិត្យកម្មវិធីដែលអ្នកបានដំឡើងក្នុងឧបករណ៍ចល័តរបស់អ្នកឡើងវិញ និងលុបវាចេញពីឧបករណ៍ចល័តរបស់អ្នកភ្លាមដែរ ពីព្រោះយើងមិនដឹងថា កម្មវិធីទាំងនោះបានប្រមូលព័ត៌មានអ្វីខ្លះពីឧបករណ៍ចល័តរបស់អ្នកនោះទេ។ ម្យ៉ាងវិញទៀត Google ក៏មិនបានបង្ហាញឈ្មោះកម្មវិធីបន្លំពាណិជ្ជកម្មទាំងនោះនៅឡើយដែរ។
ទោះយ៉ាងណា ក្រុមហ៊ុន Google បានបង្កើតបច្ចេកវិទ្យាថ្មីដើម្បីប្រឆាំងនឹងកម្មវិធីដែលបង្កើតឡើងខុសពីគោលការណ៍របស់ខ្លួនរួចហើយ ព្រមទាំងកំពុងវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗទៀតដើម្បីស្វែងរក និងបង្ការការគំរាមកំហែងផ្សេងៗ ដូចជាការក្លែងបន្លំពាណិជ្ជកម្ម ជាដើម៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។