
ជាថ្មីម្ដងទៀត និយតករទូរគមនាគមន៍រដ្ឋរបស់រុស្ស៊ី ដែលមានឈ្មោះថា Roskomnadzor ទុកពេលឲ្យក្រុមហ៊ុន Apple រយៈពេលមួយខែ ដើម្បីលុបកម្មវិធី Telegram ចេញពី App Store និងបានគំរាមក្រុមហ៊ុន Apple ថាអាចប្រឈមមុខនឹងផលវិបាក ប្រសិនបើក្រុមហ៊ុននេះមិនព្រមលុបកម្មវិធីផ្ញើសារ Telegram ចេញពីហាង App Store របស់ខ្លួននោះ។
ការព្រមានក្រុមហ៊ុន Apple សាជាថ្មីនេះ បន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃអង្គារ ទី១៧ មេសា ឆ្នាំ២០១៨ បានបញ្ជូនសំណើទៅក្រុមហ៊ុន Google និងក្រុមហ៊ុន Apple សុំឲ្យក្រុមហ៊ុនទាំងពីរលុបចោលកម្មវិធី Telegram ចេញពី Store ម្ដងរួចមកហើយ។ កាលនោះ តុលាការរុស្ស៊ី ក៏បានចេញសេចក្ដីសម្រេចឲ្យបិទសេវាកម្មរបស់ក្រុមហ៊ុន Telegram នៅប្រទេសរបស់ខ្លួន ដោយសារតែក្រុមហ៊ុន Telegram មិនព្រមឲ្យអ្នកជំនាញផ្នែកសុវត្ថិភាពរុស្ស៊ី ចូលទៅឆែកមើលសារសម្ងាត់របស់អ្នកប្រើប្រាស់ Telegram។
ទោះបីជាមានការបិទមិនឲ្យប្រើប្រាស់កម្មវិធី Telegram ចាប់ពីខែមេសា ឆ្នាំ២០១៨ មកក៏ដោយ ស្ថាប័នប្រតិបត្តិសហព័ន្ធទទួលបន្ទុកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ Rokomnadzor បានប្រកាសកាលពីម្សិលមិញថា អ្នកប្រើប្រាស់ភាគច្រើននៅប្រទេសរុស្ស៊ី នៅតែប្រើប្រាស់កម្មវិធី Telegram តាមរយៈបណ្ដាញឯកជននិមិត្ត (Virtual Private Networks, VPNs)។ ហេតុដូចនេះ ទើបនិយតកររុស្ស៊ី ងាកទៅក្រុមហ៊ុន Apple ឲ្យលុប App នេះចេញពី App Store។
លើសពីនេះទៀត និយតករទូរគមនាគមន៍រដ្ឋរបស់រុស្ស៊ី ក៏បានឲ្យដឹងផងដែរថា និយតករក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុន Google ដើម្បីលុបកម្មវិធី Telegram ចេញពី Google Play ផងដែរ។

តើ Telegram ជាអ្វី?
Telegram គឺជាកម្មវិធីផ្ញើ និងទទួលសារតាមរយៈអ៊ីនធឺណិតដោយផ្ដោតសំខាន់លើល្បឿន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ Telegram ជាកម្មវិធីដែលមានមុខងារ end-to-end encryption ពេលផ្ញើសារ។ មានន័យថា គ្មានអ្នកណាម្នាក់អាចចូលមើលសារដែលអ្នកប្រើប្រាស់ផ្ញើទៅកាន់អ្នកប្រើប្រាស់ម្នាក់ទៀតបានឡើយ រួមទាំងក្រុមហ៊ុន Telegram ផងដែរ។
កម្មវិធី Telegram ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០១៣ និងគាំទ្រផ្នែកហិរញ្ញវត្ថុដោយសហគ្រិនបងប្អូនជនជាតិរុស្ស៊ី គឺលោក Pavel Valerievich Durov និងលោក Nikolai Durov។ បច្ចុប្បន្ន ក្រុមអ្នកបង្កើតកម្មវិធី Telegram គឺមានទីតាំងនៅទីក្រុង Dubai បន្ទាប់ពីពួកគេត្រូវចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែច្បាប់គ្រប់គ្រងព័ត៌មានវិទ្យា (IT regulations)។
រហូតមកដល់ពេលនេះ Telegram មានអ្នកប្រើប្រាស់ទូទាំងសកលលោកជាង ២០០លាននាក់ និងត្រូវបានចាត់ថ្នាក់ជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតទី៩ លើពិភពលោក បន្ទាប់ពី៖
- កម្មវិធី LINE ជាប់ចំណាត់ថ្នាក់ទី៨
- កម្មវិធី Snapchat ជាប់ចំណាត់ថ្នាក់ទី៧
- កម្មវិធី Viber ជាប់ចំណាត់ថ្នាក់ទី៦
- កម្មវិធី Skype ជាប់ចំណាត់ថ្នាក់ទី៥
- កម្មវិធី QQ Mobile ជាប់ចំណាត់ថ្នាក់ទី៤
- កម្មវិធី WeChat ជាប់ចំណាត់ថ្នាក់ទី៣
- កម្មវិធី Facebook Messengerជាប់ចំណាត់ថ្នាក់ទី២
- និងកម្មវិធីជាប់ចំណាត់ថ្នាក់ទី១ គឺ WhatsApp។

ទោះជាយ៉ាងណាក៏ដោយ ការិយាល័យអ្នកនាំពាក្យរុស្ស៊ី បានស្នើឲ្យអ្នកសារព័ត៌មានដែលធ្លាប់ភ្ជាប់ទំនាក់ទំនងជាមួយខ្លួនតាមរយៈកម្មវិធី Telegram ឲ្យផ្លាស់ប្ដូរទៅភ្ជាប់ទំនាក់ទំនងតាមរយៈកម្មវិធីផ្ញើសារផ្សេងទៀតដែលមានឈ្មោះថា ICQ ដែលជាផ្នែកមួយនៃក្រុមបច្ចេកវិទ្យារុស្ស៊ីដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕