ក្រុមហ៊ុន Google លុបកម្មវិធីទូរស័ព្ទចំនួន ២៥ (Apps) ចេញពី Play Store របស់ក្រុមហ៊ុន ដោយសារកម្មវិធីទាំងនេះបានលួចយកព័ត៌មានអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook)។
កម្មវិធីទូរស័ព្ទទាំង ២៥ នេះត្រូវបានគេទាញយក (download) ប្រមាណ ២,៣៤លានដងមុននឹងត្រូវក្រុមហ៊ុនលុបចេញពីហាង ហើយកម្មវិធីទាំងនេះគឺបង្កើតឡើងដោយក្រុមតែមួយ។ ទោះបីជាពួកវាមានមុខងារផ្សេងៗគ្នាក៏ដោយ ប៉ុន្តែកម្មវិធីទាំងអស់នេះដំណើរការមានលក្ខណៈដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់ ZDNet កាលពីចុងខែមិថុនា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតបារាំងឈ្មោះ Evina ចែករំលែកជាមួយ ZDNet ឱ្យដឹងថា កម្មវិធីទាំងនោះមានដូចជាកម្មវិធីរាប់ជំហាន កម្មវិធីកែប្រែរូបភាព កម្មវិធីកែវីដេអូ កម្មវិធីផ្ទាំងរូបភាព (Wallpaper) កម្មវិធីពិល (flashlight) កម្មវិធីគ្រប់គ្រងឯកសារ (file managers) និងកម្មវិធីហ្គេម។
អ្នកស្រាវជ្រាវសន្តិសុខអ៊ីនធឺណិតរបស់ក្រុមហ៊ុន Evina និយាយថា កម្មវិធីទូរស័ព្ទទាំង ២៥ នេះផ្ដល់មុខងារត្រឹមត្រូវ ប៉ុន្តែមានផ្ទុកនូវកូដព្យាបាទដែលត្រូវបានរកឃើញនៅពេលដែលកម្មវិធីទូរស័ព្ទស្ថិតនៅក្នុង recently opened (បើកនាពេលថ្មីៗ) និងមាននៅក្នុងផ្ទៃខាងមុខទូរស័ព្ទ (foreground)។
អ្នកជំនាញក្រុមហ៊ុន Evina បញ្ជាក់ថា ប្រសិនបើកម្មវិធីដែលបើកនោះជាកម្មវិធីហ្វេសប៊ុក (facebook app) នោះកម្មវិធីព្យាបាទនឹងដំណើរការពីលើនៃកម្មវិធីផ្លូវការរបស់ហ្វេសប៊ុក ហើយបង្ហាញផ្ទាំង login ក្លែងក្លាយ។ ក្នុងករណីនេះ ប្រសិនបើអ្នកប្រើប្រាស់បញ្ចូលព័ត៌មានអត្តសញ្ញាណ (username, password) នៅលើផ្ទាំងក្លែងក្លាយនេះ នោះកម្មវិធីព្យាបាទនឹងអាចចាប់យកព័ត៌មាននោះ រួចហើយបញ្ជូនទៅកាន់ម៉ាស៊ីនមេ (remote server) ដែលមានអាសយដ្ឋាន airshop.pw។ (មើលរូបខាងក្រោម៖ របារពណ៌ខៀវ=កម្មវិធីហ្វេសប៊ុកផ្លូវការ ចំណែករបារពណ៌ខ្មៅ=កម្មវិធីក្លែងក្លាយ)
បន្ទាប់ពីរកឃើញកូដព្យាបាទនៅលើកម្មវិធីទាំងនេះ ក្រុមហ៊ុន Evina ក៏រាយការណ៍ទៅកាន់ក្រុមហ៊ុន Google កាលពីចុងខែឧសភា ហើយក្រុមហ៊ុន Google ក៏លុបកម្មវិធីទាំងនេះនៅដើមខែមិថុនា បន្ទាប់ពីបញ្ជាក់ពីការរកឃើញកូដព្យាបាទជាមួយនឹងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតបារាំង Evina។
បន្ទាប់មក ក្រុមហ៊ុន Google បានបញ្ឈប់ (disabled) ដំណើរការកម្មវិធីទាំងនោះនៅលើឧបករណ៍របស់អ្នកប្រើប្រាស់ Android និងជូនដំណឹងដល់អ្នកប្រើប្រាស់តាមរយៈសេវា Play Protect រួមទាំងកម្មវិធីផ្លូវការ Play Store។
បញ្ជីឈ្មោះកម្មវិធីទាំង ២៥ ដែលក្រុមហ៊ុន Google លុបចេញពីហាង Google Store៖
Application Name | Package | No. of installs |
---|---|---|
Super Wallpapers Flashlight | com.wallpaper.flashlight.compass | 500000+ |
Padenatef | com.sun.newjbq.beijing.ten | 500000+ |
Wallpaper Level | com.liapp.level | 100000+ |
Contour level wallpaper | com.communication.walllevel | 100000+ |
iPlayer & iWallpaper | com.ldl.videoedit.iwallpapers | 100000+ |
Video Maker | com.androidapp.videosedit.v | 100000+ |
Color Wallpapers | com.play.ljj.wallpapercomapss | 100000+ |
Pedometer | com.baidu.news.pedometer | 100000+ |
Powerful Flashlight | com.meituanybw.flash | 100000+ |
Super Bright Flashlight | com.tqyapp.sb.flashlight | 100000+ |
Super Flashlight | com.superapp.xincheng | 100000+ |
Solitaire Game | com.game.tqsolitaire | 100000+ |
Accurate scanning of Meade | com.tqyapp.qr | 50000+ |
Classic card game | com.card.solitairenew | 50000+ |
Junk file cleaning | com.xdapp.cleaning | 50000+ |
Synthetic Z | com.tqygame.synthetic | 50000+ |
File Manager | com.smt.filemanager | 50000+ |
Composite Z | com.game.hcz | 50000+ |
Screenshot Capture | com.tianqiyang.lww.screenedit | 10000+ |
Daily Horoscope Wallpapers | com.tianqiyang.lww.constellation | 10000+ |
Wuxia Reader | com.wuxia.reader | 10000+ |
Plus Weather | com.plus.android.weather | 10000+ |
Anime Live Wallpaper | com.tqyapp.chuangtai | 100 |
iHealth Step Counter | com.tiantian.lang.tencent | – |
com.tgyapp.fiction | com.tgyapp.fiction | – |
ទោះជាយ៉ាងណា ប្រសិនបើអ្នកធ្លាប់ដំឡើងកម្មវិធីខាងលើ សូមលុបវាចេញពីទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិករបស់អ្នកជាបន្ទាន់។