ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីថ្មីថែទាំផ្លូវដែលមានឈ្មោះថា Road Care Mobile App នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរាយការណ៍អំពីស្ថានភាពផ្លូវជង្ហុក។
កម្មវិធី Road Care Mobile App ជាកម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតវៃ (Smartphone) ដំណើរការប្រព័ន្ធប្រតិបត្តិការ Android និង iOS (iPhone) ដែលអនុញ្ញាតឲ្យពលរដ្ឋថតរូបភាព និងវីដេអូនៃផ្លូវជង្ហុកសម្បុកមាន់ រួចផ្ញើទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងជួសជុលផ្លូវបានទាន់ពេលវេលា។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែងទៅកាន់អ្នកចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវជាផ្លូវការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែធ្នូ នេះថា កម្មវិធីថែទាំផ្លូវនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងអ្នកប្រើប្រាស់ផ្លូវថ្នល់ និងក្រុមការងារជួសជុលថែទាំផ្លូវ បង្កើនទំនួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច លើកកម្ពស់គុណភាពផ្លូវ ពង្រីកការចូលរួមពីសាធារណជន បណ្ដុះស្មារតីស្រឡាញ់ថែរក្សាសម្បត្តិជាតិ និងធ្វើជាម្ចាស់ការលើទ្រព្យសម្បត្តិទាំងនោះ។
លក្ខណៈពិសេសរបស់ Road Care App គឺនៅពេលដែលពលរដ្ឋបញ្ជូនរូបភាពទៅកាន់ក្រុមការងារពាក់ព័ន្ធថែរក្សាផ្លូវភ្លាម នោះកម្មវិធី Road Care App នឹងបង្ហាញពណ៌ក្រហម និងព័ត៌មានជាក់លាក់ពីទីកន្លែងនៃផ្លូវជង្ហុក ឬផ្លូវខូចនោះនៅត្រង់ណាមួយច្បាស់លាស់។
លោករដ្ឋមន្ត្រីបន្តថា តាមរយៈកម្មវិធីថែទាំផ្លូវនេះ ប្រជាពលរដ្ឋអាចរាយការណ៍ពីស្ថានភាពផ្លូវជង្ហុកសម្បុកមាន់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដោយគ្រាន់តែប្រើកម្មវិធីនេះដើម្បីថត បន្ទាប់មកបញ្ជូនរូបភាព ឬវីដេអូឃ្លីបទៅកាន់ក្រុមការងារទទួលបន្ទុកជាការស្រេច ដើម្បីមានវិធានការជួសជុលបានទាន់ពេលវេលា។
កម្មវិធីថែទាំផ្លូវនេះ ត្រូវបានដាក់ឲ្យទាញយកពី App Store សម្រាប់ទូរស័ព្ទ iPhone និង Play Store សម្រាប់ទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android (ដូចជា Samsung, Oppo, Google Pixel, One Plus, Huawei ជាដើម) ដោយឥតគិតថ្លៃ។
ក្រសួងបញ្ជាក់ថា កម្មវិធីថែទាំផ្លូវនេះបង្កើតឡើងដោយស្នាដៃកូនខ្មែរដែលជាមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទាញយកកម្មវិធីនេះ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការរាយការណ៍អំពីផ្លូវជង្ហុកសម្បុកមាន់ និងតាមដានការវិវឌ្ឍនៃរបាយការណ៍របស់ខ្លួន ថាតើផ្លូវជង្ហុកសម្បុកមាន់នោះបានជួសជុលរួចហើយឬនៅ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕