ក្រុមហ៊ុនផលិត Hard Disk របស់ប្រទេសជប៉ុន ឈ្មោះ Hoya Corporation វិនិយោគទឹកប្រាក់ជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រថ្មីមួយនៅប្រទេសឡាវ ដើម្បីផលិត Hard Disk។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហ៊ួរ (Xinhua) ឲ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា ក្រុមហ៊ុនជប៉ុន ឈ្មោះ Hoya Corporation បានបើកការដ្ឋានសាងសង់រោងចក្រផលិត Hard Disk ផ្លូវការរបស់ខ្លួនកាលពីថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ដែលមានឈ្មោះថា Hoya Laos Co., Ltd ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍សាយសេដ្ឋា (Saysettha Development Zone, SDZ) ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
តំបន់អភិវឌ្ឍន៍សាយសេដ្ឋា (SDZ) នេះជាតំបន់សេដ្ឋកិច្ចដែលបង្កើតឡើងរួមគ្នារវាងរដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលចិន និងត្រូវបានបញ្ចូលក្នុងបញ្ជីនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនសរុបចំនួន ៥៦ កំពុងវិនិយោគនៅក្នុងតំបន់អភិវឌ្ឍន៍នេះក្នុងទឹកប្រាក់ប្រមាណ ១០០០លានដុល្លារសហរដ្ឋអាមេរិក ហើយវិនិយោគិនភាគច្រើនមកពីប្រទេសចិន ជប៉ុន និងប្រទេសថៃ។
សារព័ត៌មានដដែលឲ្យដឹងទៀតថា គោលបំណងនៃការសាងសង់រោងចក្រថ្មីនេះឡើង គឺដើម្បីគាំទ្រដល់ការរីកចម្រើននៃតម្រូវការឧបករណ៍ផ្ទុកទិន្នន័យនៅពេលអនាគត។ ក្រុមហ៊ុនរំពឹងថា រោងចក្រថ្មីនេះនឹងអាចដំណើរការផលិតកម្មនៅដើមឆ្នាំ២០២០ ខាងមុខ ហើយវាក៏ជាការបន្ថែមទៅលើរោងចក្រផលិត hard disk ដែលក្រុមហ៊ុន Hoya មានស្រាប់នៅប្រទេសថៃ និងវៀតណាម ផងដែរ។
អានអត្ថបទទាក់ទង
ក្រុមហ៊ុន Hoya Corporation បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនកាលពីថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ថា ប្រទេសឡាវ គឺជាទីតាំងដ៏ល្អសម្រាប់ក្រុមហ៊ុន Hoya បង្កើតរោងចក្រថ្មីរបស់ខ្លួន ហើយរោងចក្រថ្មីនេះ នឹងបង្កើតការងារជាង ៤០០០កន្លែងបន្ថែមទៀតនៅប្រទេសឡាវ។
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគប្រទេសឡាវ លោក Souphanh Keomixay ថ្លែងថា រដ្ឋាភិបាលឡាវ ជាពិសេសក្រសួងផែនការ និងវិនិយោគ កំពុងតែសកម្មក្នុងការព្យាយាមធ្វើឲ្យប្រសើរឡើងនូវយន្តការ ចំណាត់ការ បញ្ញត្តិ និងគោលការណ៍ផ្សេងៗដើម្បីសម្រួល និងពន្លឿននីតិវិធីផ្សេងៗសម្រាប់វិនិយោគិន និងប្រតិបត្តិករអាជីវកម្មនៅក្នុងប្រទេសរបស់ខ្លួន។
លោកបន្ថែមថា «តំណាងឲ្យរដ្ឋាភិបាល (ឡាវ) យើងតែងតែផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួយដល់ក្រុមហ៊ុនដើម្បីសាងសង់រោងចក្រ រហូតពួកគេអាចបញ្ចប់តាមផែនការ និងដំណើរការអាជីវកម្មដោយជោគជ័យនៅក្នុងប្រទេសឡាវ។»
Hoya គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើប និងជាអ្នកផ្គត់ផ្គង់នាំមុខគេផ្នែកផលិតផលមានភាពច្នៃប្រឌិតក្នុងវិស័យថែទាំសុខភាព និងព័ត៌មានវិទ្យានៅលើពិភពលោក។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕