ប្រទេសស៊ុយអែត (Sweden) ផ្ដល់ថវិកា ១០លានដុល្លារដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីកសាងសមត្ថភាពផ្នែកស្រាវជ្រាវ និងបណ្ដុះបណ្ដាលផ្នែកស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់នៅប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា ប្រទេសស៊ុយអែត និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានចុះកិច្ចព្រមព្រៀងដំណាក់កាលសាកល្បងរយៈពេល ៤ឆ្នាំដែលមានទឹកប្រាក់ប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពង្រឹងហេដ្ឋារចនាសម្ពន្ធបច្ចេកវិទ្យា និងគមនាគមន៍នៅក្នុងសាកលវិទ្យាល័យ ព្រមទាំងការកសាងសមត្ថភាពផ្នែកស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការបណ្ដុះបណ្ដាលថ្នាក់ក្រោយឧត្ដមសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ និងវិស្វកម្ម។
ប្រធានផ្នែកកិច្ចសហប្រតិបត្តិការស្រាវជ្រាវនៃជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត (Sida) អ្នកស្រី AnnaMaria Oltorp មានប្រសាសន៍ថា «ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ គឺជាសសរស្ដម្ភមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ស្របពេលដែលប្រទេសកម្ពុជា មានគោលដៅប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យម ការពង្រឹងសមត្ថភាពផ្នែកស្រាវជ្រាវ និងការបង្កើតប្រព័ន្ធមូលនិធិសម្រាប់ការស្រាវជ្រាវនៅកម្ពុជា ពិតជាតម្រូវការបន្ទាន់ចំពោះមុខ។ យើងមើលឃើញថា គម្រោងសាកល្បងនេះជាការចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការរយៈពេលយូរអង្វែង ដែលនឹងគាំទ្រដល់ការកសាងសមត្ថភាពវិស័យវិទ្យាសាស្ត្រជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។»
អ្នកស្រីបន្តថា «ជំហានដំបូងនៃកិច្ចសហប្រតិបត្តិការនេះ ចាប់ផ្ដើមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយសារយើងបានវាយតម្លៃសាកលវិទ្យាល័យមួយនេះថាមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការក្លាយជាសាកលវិទ្យាល័យគំរូសម្រាប់ការសិក្សាជាន់ខ្ពស់ និងការស្រាវជ្រាវ ហើយថែមទាំងអាចធ្វើការបណ្ដុះបណ្ដាលដល់អ្នកស្រាវជ្រាវនៅតាមផ្នែកជាច្រើនផ្សេងៗគ្នា។»
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ប្រទេសស៊ុយអែត បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អស់រយៈពេលជាង ១០ឆ្នាំមកហើយ តាមរយៈការគាំទ្រលើការបណ្ដុះបណ្ដាល និងការស្រាវជ្រាវផ្នែកគីមីវិទ្យា រូបវិទ្យា និងគណិតវិទ្យា។ កិច្ចសហប្រតិបត្តិការសាកល្បងលើផ្នែកស្រាវជ្រាវនេះ នឹងពង្រីកការគាំទ្រទៅដល់មហាវិទ្យាល័យវិទ្យាសាស្ត្រទាំងអស់ និងផ្នែកជីវសាស្ត្រនៃមហាវិទ្យាល័យវិស្វកម្ម ព្រមទាំងការកសាងសមត្ថភាពផ្នែកស្រាវជ្រាវ រួមបញ្ចូលទាំងការបណ្តុះបណ្តាលនិស្សិតថ្នាក់បណ្ឌិត ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូអភិវឌ្ឍន៍របស់ស៊ុយអែត និងការវិនិយោគលើសម្ភារៈសម្រាប់ការស្រាវជ្រាវផងដែរ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា មើលឃើញអំពីសារសំខាន់នៃការសិក្សាជាន់ខ្ពស់ និងការស្រាវជ្រាវ ព្រមទាំងតម្រូវការ ដើម្បីធានាបាននូវភាពពាក់ព័ន្ធ និងគុណភាព។ ការស្រាវជ្រាវ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការច្នៃប្រឌិត និងអាស្រ័យលើគុណភាពអប់រំនៅសាកលវិទ្យាល័យ រួមទាំងក្រុមអ្នកស្រាវជ្រាវដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់។ យើងពិតជាមានមោទនភាព ខ្លាំងណាស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយប្រទេសស៊ុយអែត នាពេលនេះ ដែលបានបង្ហាញពីការបន្តតក្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យអប់រំ។»
អានអត្ថបទផ្សេងទៀត
សាលារាជធានីភ្នំពេញជូនដំណឹងជាថ្មីអំពីការហាមឃាត់បង្ហោះដ្រូន
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យរដ្ឋមានវ័យចំណាស់ និងធំជាងគេបង្អស់នៅកម្ពុជា ចាប់ផ្តើមបើកដំណើរការនៅដើមឆ្នាំ១៩៦០។ សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យចំនួន ០៥ រួមមានមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មហាវិទ្យាល័យអប់រំ និងមហាវិទ្យាល័យវិស្វកម្ម វិទ្យាស្ថានភាសាបរទេស និងសាលាក្រោយឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រ។ បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញមាននិស្សិតកំពុងសិក្សាថ្នាក់អាហារូបករណ៍ និងបង់ថ្លៃសិក្សាចំនួនជិត ២ម៉ឺននាក់សម្រាប់ថ្នាក់បរិញ្ញាប័ត្រ និងក្រោយឧត្តមសិក្សា។
សកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិត ជេត ជាលី មានប្រសាសន៍ថា «គោលបំណងរបស់យើង គឺធ្វើឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្លាយជាសាកលវិទ្យាល័យជាតិគំរូមួយសម្រាប់ការបង្រៀន ការស្រាវជ្រាវ និងសេវាកម្មសហគមន៍។ យើងពិតជារីករាយចំពោះការគាំទ្ររបស់ប្រទេសស៊ុយអែត ក្នុងការកែលំអប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងការកសាងសមត្ថភាពផ្នែកស្រាវជ្រាវនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។»
ចាប់តាំងពីឆ្នាំ១៩៧០ មក ប្រទេសស៊ុយអែត បានគាំទ្រដល់កម្មវិធីជាច្រើន ដើម្បីកសាងសមត្ថភាពផ្នែកស្រាវជ្រាវនៅតាមបណ្តាប្រទេសមានចំណូលទាប។ ប្រទេសស៊ុយអែត ស្ថិតនៅក្នុងចំណោមម្ចាស់ជំនួយធំៗ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ជាមួយនឹងកិច្ចព្រមព្រៀងថ្មីនេះ ប្រទេសស៊ុយអែត ក៏នឹងក្លាយជាម្ចាស់ជំនួយដ៏ធំបំផុតមួយដែលគាំទ្រការកសាងសមត្ថភាពផ្នែកស្រាវជ្រាវនៅកម្ពុជា។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕