កម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតវៃដែលជួយដល់កសិករកម្ពុជា អំពីបច្ចេកទេសកសិកម្ម ព័ត៌មានទីផ្សារកសិកម្ម និងគន្លឹះចិញ្ចឹមសត្វឲ្យមានលក្ខណៈប្រសើរឡើង ត្រូវបានដាក់ឲ្យដំណើរការ និងអាចទាញយកបានទាំងសម្រាប់ទូរស័ព្ទ iPhone និង Android នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
“ទន្លេសាប” ជាឈ្មោះកម្មវិធីទូរស័ព្ទគាំទ្រដល់វិស័យកសិកម្មកម្ពុជា គឺជាការផ្ដួចផ្ដើមបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK Cambodia) សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការគាំទ្រមូលនិធិដោយអង្គការមួយចំនួនទៀត។
កម្មវិធីទូរស័ព្ទនេះ នឹងអនុញ្ញាតឲ្យកសិករខ្មែរស្វែងយល់ពីបច្ចេកទេសធ្វើស្រែចម្ការ ដាំដំណាំ និងចិញ្ចឹមសត្វឲ្យកាន់តែប្រសើរឡើង និងអាចទទួលបានប្រាក់ចំណូលកាន់តែច្រើនថែមទៀត។ លើសពីនេះ កម្មវិធីទូរស័ព្ទដែលទើបនឹងដាក់ឲ្យដំណើរការនេះ មានមុខងារជួយផ្ដល់ព័ត៌មានទីផ្សារកសិកម្ម ដូចជាតម្លៃបន្លែ ផ្លែឈើ ជាដើម ដល់កសិករទាន់ពេលវេលា ជាពិសេសទទួលបានបទពិសោធន៍ពីសំណាក់កសិករជោគជ័យ និងអ្នកជំនាញកសិកម្មក្នុងការដោះស្រាយបញ្ហាដែលកសិករកំពុងជួបប្រទះ។
ក្រៅពីអត្ថប្រយោជន៍ខាងលើ កម្មវិធីទូរស័ព្ទនេះនៅផ្ដល់ភាពងាយស្រួលដល់កសិករក្នុងការស្វែងរកសម្ភារកសិកម្មពីក្រុមហ៊ុន ឬដេប៉ូផ្គត់ផ្គង់សម្ភារកសិកម្ម និងអាចកត់ត្រាព័ត៌មាននៃកសិដ្ឋានផ្ទាល់ខ្លួនទៀតផង។
អត្ថបទផ្សេងទៀត៖
ត្រីវិស័យ App ផ្ដល់ប្រឹក្សានិងតម្រង់ទិសសិស្សពីជំនាញសិក្សា
ដើម្បីដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទនេះ លោកអ្នកអាចទាញយកដើម្បីដំឡើងនៅលើទូរស័ព្ទឆ្លាតវៃរបស់លោកអ្នកដោយមិនគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់៖
- Play Store សម្រាប់អ្នកប្រើទូរស័ព្ទប្រព័ន្ធ Android
- App Store សម្រាប់អ្នកប្រើទូរស័ព្ទ iPhone ឬប្រព័ន្ធ iOS
បន្ទាប់ពីដំឡើងកម្មវិធីនេះរួច សូមដំណើរការកម្មវិធី និងចុះឈ្មោះដោយធ្វើតាមការណែនាំរបស់កម្មវិធីនេះជាការស្រេច។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕