សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ចេញផ្សាយសៀវភៅណែនាំស្ដីពី “ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត“។ សៀវភៅណែនាំនេះ ត្រូវបានចងក្រងឡើងក្នុងទម្រង់សាមញ្ញ ណែនាំអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ នៅក្នុងការប្រើប្រាស់អ៊ីនធឺណិត ដើម្បីបង្កភាពងាយស្រួលយល់ដល់អ្នកអានគ្រប់កម្រិត ។
សៀវភៅណែនាំស្ដីពី “ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត” បង្កើតឡើងក្នុងគោលបំណង ធ្វើជាឯកសារពិគ្រោះសម្រាប់បង្កើនការយល់ដឹងដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ការលើកកម្ពស់សេរីភាពនៃបញ្ចេញមតិប្រកបដោយការគោរព និងការទទួលខុសត្រូវ ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិត កាត់បន្ថយការប្រឈម សកម្មភាពអសីលធម៌ និងការប្រព្រឹត្តខុសច្បាប់ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា។
ការផលិត និងបោះពុម្ពផ្សាយសៀវភៅនេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីអង្គការ American Jewish World Service (AJWS)។ ទោះយ៉ាងណា ម្ចាស់មូលនិធិ មិនបានចូលរួមផ្ដល់យោបល់លើដំណើរការស្រាវជ្រាវ និងខ្លឹមសារនៃសៀវភៅនេះឡើយ។ សមាគមបណ្ដាញយុវជនកម្ពុជា បញ្ជាក់នៅក្នុងសៀវភៅនេះថា ខ្លឹមសារទាំងស្រុងនៅក្នុងសៀវភៅនេះ គឺសមាគមបណ្ដាញយុវជនកម្ពុជា និងអ្នកនិពន្ធជាអ្នកទទួលខុសត្រូវ។
តើសមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក) ជានរណា?
សមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក) គឺជាសមាគមយុវជនឯករាជ្យ និងប្រជាធិបតេយ្យ ដែលកំពុងតែធ្វើការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន សិស្ស និស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សានានា និងយុវជនដែលរស់នៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា។
ប.យ.ក បង្កើតឡើងក្នុងគោលបំណងពង្រឹងសិទ្ធិអំណាចយុវជនតាមរយៈការចងក្រងបណ្ដាញយុវជន ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមកម្ពុជា ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការពារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
សៀវភៅណែនាំស្ដីពី “ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត” នេះ ចែកជូនដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភរបស់សមាគមបណ្ដាញយុវជនកម្ពុជា។ សូមទំនាក់ទំនងការិយាល័យសមាគមបណ្ដាញយុវជនកម្ពុជា តាមរយៈអាសយដ្ឋានផ្ទះលេខ ៤៣D ផ្លូវ៣៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកអ្នកក៏អាចទាញយកសៀវភៅណែនាំស្ដីពី “ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត” នេះជាទម្រង់ PDF តាមរយៈតំណភ្ជាប់ខាងក្រោមផងដែរ។
ទាញយកសៀវភៅណែនាំស្ដីពី “ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត“ ជាទម្រង់ PDF។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕