ទ្រព្យសម្បត្តិនៅលើអ៊ីនធឺណិតមានអ្វីខ្លះ? រូបថត វីដេអូ អត្ថបទ សំឡេង និងរូបភាពជាដើម ដែលអ្នកបានផ្សាយ ឬអ្នកដទៃផ្សាយនៅលើបណ្ដាញអ៊ីនធឺណិត គឺជាទ្រព្យសម្បត្តិ។
តើទ្រព្យសម្បត្តិទាំងអស់នេះសំខាន់យ៉ាងណាចំពោះអ្នក? ហេតុអ្វីអ្នកត្រូវការពារ និងទាមទារឱ្យគេគោរព? នៅក្នុងគោលការណ៍ទី៤ នៃសៀវភៅណែនាំស្ដីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត នឹងបង្ហាញអ្នកអំពីចំណុចត្រូវធ្វើ និងមិនត្រូវធ្វើចំពោះទ្រព្យសម្បត្តិទាំងនោះ។ សៀវភៅនេះ គឺត្រូវបានចងក្រងឡើងដោយសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។
ខ្លឹមសារណែនាំទាំងនេះ អាចជួយឱ្យអ្នកការពារទ្រព្យសម្បត្តិរបស់អ្នកនៅលើអនឡាញ និងជៀសផុតពីបញ្ហាប្រឈមនឹងផលវិបាកផ្នែកសីលធម៌ និងផ្លូវច្បាប់ ជាពិសេសច្បាប់កម្មសិទ្ធិបញ្ញា នៅពេលអ្នកផ្សព្វផ្សាយអ្វីមួយនៅលើអ៊ីនធឺណិត។
ក្រុមការងារ Tech Khmer សូមដកស្រង់ចំណុចត្រូវធ្វើ និងមិនត្រូវធ្វើ នៃគោលការណ៍ទី៤ ស្ដីពី “ការគោរព និងការពារទ្រព្យសម្បត្តិ ” មកបង្ហាញដូចខាងក្រោម។
ត្រូវធ្វើ៖
- ត្រូវមានវិធី ឬបច្ចេកទេសក្នុងការថែរក្សារូបថត វីដេអូ អត្ថបទ សំឡេង រូបភាព … របស់ខ្លួននៅលើអ៊ីនធឺណិតឱ្យមានសុវត្ថិភាព។ ដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកដែលមាននៅលើអ៊ីនធឺណិត អ្នកត្រូវយល់ដឹងពីច្បាប់កម្មសិទ្ធិបញ្ញា និងភ្ជាប់ព័ត៌មានទាក់ទងនឹងការរក្សាកម្មសិទ្ធិបញ្ញា ចំពោះអ្វីៗដែលអ្នកដាក់ផ្សាយលើបណ្ដាញអ៊ីនធឺណិត ជាដើម។
- ត្រូវគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់រូបថត វីដេអូ អត្ថបទ ឬខ្សែអាត់សំឡេងដែលអ្នកផ្សព្វផ្សាយនៅលើអ៊ីនធឺណិត។
- ត្រូវគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលនៅក្នុងរូបថត វីដេអូ ឬសារសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិត។
- ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើអ្នកធ្វើការទូទាត់ប្រាក់តាមអ៊ីនធឺណិត។ អ្នកត្រូវតែធ្វើឱ្យប្រាកដថា បុគ្គលដែលអ្នកបង់ប្រាក់ឱ្យ មិនមែនជាមនុស្សបោកប្រាស់ ហើយមធ្យោបាយទូទាត់ប្រាក់មានសុវត្ថិភាពខ្ពស់។
មិនត្រូវធ្វើ៖
- មិនត្រូវលួចព័ត៌មាន ឬស្នាដៃអ្នកដទៃមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
- មិនត្រូវទាញយក (Download) ឬដាក់ផ្សាយវីដេអូ បទចម្រៀង រូបភាព ឬឯកសារដែលត្រូវបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា ក្នុងគោលបំណងយកទៅធ្វើអាជីវកម្មសម្រាប់ប្រាក់ចំណេញផ្ទាល់ខ្លួនឡើយ។
- មិនត្រូវលួចគណនី ឬលេខសម្ងាត់របស់អ្នកដទៃ។
- មិនត្រូវផ្សព្វផ្សាយ និងរកស៊ីបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។
- មិនត្រូវទិញដូរ ឬបង់ប្រាក់តាមអ៊ីនធឺណិតដោយមិនបានត្រួតពិនិត្យផលិតផលជាមុន និងមានប្រព័ន្ធធានារ៉ាប់រងការទូទាត់ប្រាក់ត្រឹមត្រូវ។
នៅពេលបន្ទាប់ទៀត Tech Khmer នឹងដកស្រង់គោលការណ៍ទី៥ ដែលជាគោលការណ៍បញ្ចប់នៃសៀវភៅ «ណែនាំស្ដីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត» មកបង្ហាញទៀត។
ប្រសិនបើអ្នកចង់យល់ដឹងបន្ថែម សូមចុចត្រង់នេះ ដើម្បីទាញយកសៀវភៅនេះទាំងមូលជាទម្រង់ PDF៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ…!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។