នេះជាចំណុចចុងក្រោយដែលលើកឡើងអំពីជីវភាពឯកជន (Privacy) ដកស្រង់ពីសៀវភៅណែនាំស្ដីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត។ សៀវភៅនេះ ចងក្រងឡើងដោយសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។
ជីវភាពឯកជននៅទីនេះ គឺសំដៅលើសកម្មភាព និងព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត។ មនុស្សម្នាក់ៗតែងមានការណ៍សម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួន។ ដូច្នេះ អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ត្រូវគោរពឯកជនភាពគ្នាទៅវិញទៅមក។
ខាងក្រោមនេះ គឺជាចំណុចត្រូវធ្វើ និងមិនត្រូវធ្វើ ទាក់ទងនឹងជីវភាពឯកជន (Privacy) ដែលក្រុមការងារ Tech Khmer ដកស្រង់ពីគោលការណ៍ទី៥ នៃសៀវភៅខាងលើមកបង្ហាញ។
ត្រូវធ្វើ៖
- ត្រូវគោរពឯកជនភាពរបស់អ្នក និងអ្នកដទៃ។
- ត្រូវការពារព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នកឱ្យបានល្អបំផុតនៅលើប្រព័ន្ធអ៊ីនធឺណិត។
- ត្រូវរាយការណ៍ (report) អ្នកប្រើប្រាស់អ៊ីនធឺណិត ឬប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលរំលោភជីវភាពឯកជនរបស់អ្នក ឬអ្នកដទៃ។
- ត្រូវរាំងខ្ទប់ (block) និងរាយការណ៍ (report) អ្នកប្រើប្រាស់អ៊ីនធឺណិត ឬប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលរំលោភឯកជនភាពរបស់អ្នកដទៃ ប្រើប្រាស់ពាក្យពេចន៍អសុរោះ ផ្សព្វផ្សាយព័ត៌មានមិនពិត និងរូបភាព ឬវីដេអូអាសអាភាស ជាដើម។
មិនត្រូវធ្វើ៖
- មិនត្រូវបង្ហាញ ឬផ្សព្វផ្សាយព័ត៌មានសម្ងាត់របស់ខ្លួននៅលើអ៊ីនធឺណិត និងមិនត្រូវលួចព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នកដទៃតាមអ៊ីនធឺណិត។
- មិនត្រូវផ្សព្វផ្សាយ ឬចែករំលែករូបថត វីដេអូ អត្ថបទ ឬសារជាសំឡេងរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត។
ប្រសិនបើអ្នកចង់យល់ដឹងបន្ថែម សូមចុចត្រង់នេះ ដើម្បីទាញយកសៀវភៅនេះទាំងមូលជាទម្រង់ PDF៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ…!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។