ចំណុចខ្សោយធ្ងន់ធ្ងរថ្មីមួយនៅលើកម្មវិធីរុករកអ៊ីនធឺណិតរបស់ក្រុមហ៊ុន Microsoft កំពុងក្លាយជាក្ដីបារម្ភយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows រាប់លាននាក់នៅលើពិភពលោក ពីព្រោះក្រុមហ៊ុនមិនទាន់ជួសជុលបញ្ហានេះនៅឡើយ។
Internet Explorer (IE) គ្រប់ជំនាន់រួមមាន Internet Explorer 9, Internet Explorer 10 និង Internet Explorer 11 ដែលដំណើរការលើគ្រប់ប្រព័ន្ធប្រតិបត្តិការ Windows 10, 8.1 និង Windows 7 គ្រប់កំណែទាំងអស់ គឺរងផលប៉ះពាល់ធ្ងន់ធ្ងរពីចំណុចខ្សោយថ្មីមួយដែលគេហៅថាចំណុចខ្សោយ Zero Day។
ចំណុចខ្សោយ Zero Day នេះអាចអនុញ្ញាតឱ្យក្រុមវាយប្រហារដំណើរការកូដនានាពីចម្ងាយទៅលើម៉ាស៊ីនជាគោលដៅរបស់ពួកគេ ហើយការវាយប្រហារដោយជោគជ័យតាមរយៈចំណុចខ្សោយនេះ នឹងផ្ដល់លទ្ធភាពដល់ក្រុម hackers អាចគ្រប់គ្រងលើម៉ាស៊ីនបានទាំងស្រុង ដោយពួកគេអាចដំឡើងកម្មវិធី បង្កើត admin account លើម៉ាស៊ីន និងកែប្រែ ឬលុបទិន្នន័យផងដែរ។
មកដល់ថ្ងៃនេះ ក្រុមហ៊ុន Microsoft មិនទាន់បញ្ចេញកំណែអាប់ដេតថ្មីដើម្បីជួសជុលចំណុចខ្សោយនេះនៅឡើយ ប៉ុន្តែអ្នកប្រើប្រាស់អាចការពារវាជាបណ្ដោះអាសន្នតាមការណែនាំខាងក្រោមនេះ រហូតដល់ទទួលបានការអាប់ដេតពីក្រុមហ៊ុន Microsoft។
ទោះយ៉ាងណា អ្នកប្រើប្រាស់ទាំងអស់អាចការពារពីការវាយប្រហារនានាជាបណ្ដោះអាសន្ន ដោយបិទដំណើរការរបស់ JScript.dll ជាបណ្ដោះអាសន្ន។ ដំបូង អ្នកត្រូវដំណើរការកម្មវិធី command prompt (សិទ្ធិជា administrator) ដោយចុចលើ Windows Key រួចវាយពាក្យ command prompt រួចចុចលើវាដើម្បីបើកកម្មវិធី និងអនុវត្តបន្តដូចខាងក្រោម។
សម្រាប់ប្រព័ន្ធ 32 bits
- takeown / f% windir% \ system32 \ jscript.dll
- cacls% windir% \ system32 \ jscript.dll / E / P everyone: N
សម្រាប់ប្រព័ន្ធ 64 bits
- takeown / f% windir% \ syswow64 \ jscript.dll
- cacls% windir% \ syswow64 \ jscript.dll / E / P everyone: N
- takeown / f% windir% \ system32 \ jscript.dll
- cacls% windir% \ system32 \ jscript.dll / E / P everyone: N
នៅពេលក្រុមហ៊ុនបញ្ចេញកំណែអាប់ដេត អ្នកត្រូវបើកដំណើរការ JScript.dll ឡើងវិញ ដើម្បីអ្នកអាចដំណើរការអាប់ដេតកម្មវិធី Internet Explorer បាន។
សម្រាប់ប្រព័ន្ធ 32 bits
- cacls %windir%\system32\jscript.dll /E /R everyone
សម្រាប់ប្រព័ន្ធ 64 bits
- cacls %windir%\system32\jscript.dll /E /R everyone
- cacls %windir%\syswow64\jscript.dll /E /R everyone
ចូរចងចាំថា វេបសាយមួយចំនួន ឬមុខងារខ្លះអាចនឹងមិនដំណើរការបន្ទាប់ពីបិទដំណើរការ JScript.dll។ ដូច្នេះ អ្នកត្រូវអាប់ដេតភ្លាមៗនៅពេលដែល Microsoft ចេញផ្សាយអំពីការអាប់ដេត ហើយក្រុមការងារ TECH KHMER នឹងផ្ដល់ដំណឹងដល់ប្រិយមិត្តភ្លាមៗដែរ នៅពេលដែលទទួលបានព័ត៌មានថ្មី៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។