ចំណុចខ្សោយធ្ងន់ធ្ងរមួយដែលគេហៅថា Zero Day ត្រូវបានក្រុមស្រាវជ្រាវសន្តិសុខឈ្មោះ Qihoo 360 ATA រកឃើញនៅក្នុងកម្មវិធីរុករក Firefox browser នៅពេលថ្មីៗនេះ។
កម្មវិធីរុករក Firefox Browser ជាកម្មវិធីបើកចំហកូដ និងពេញនិយមសម្រាប់មនុស្សទូទៅដើម្បីប្រើប្រាស់ក្នុងការស្វែងរកព័ត៌មាននៅលើបណ្ដាញអ៊ីនធឺណិត។
កម្មវិធី Firefox ដែលមានកំណែក្រោម 72.0.1 និង Firefox ESR កំណែក្រោម 68.4.1 គឺរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីចំណុចខ្សោយប្រភេទ Zero Day នេះ ដែលអាចផ្ដល់លទ្ធភាពដល់ក្រុមវាយប្រហារ ឬក្រុម hackers អាចដំណើរការកូដពីចម្ងាយ និងអាចបង្វែរ (redirect url) ការបើកអាសយដ្ឋានវេបសាយមួយនៅលើកម្មវិធី Firefox ទៅកាន់វេបសាយមួយទៀតដែលផ្ទុកមេរោគ។
ហេតុដូច្នេះ អ្នកប្រើប្រាស់កម្មវិធីរុករក Firefox ទាំងអស់ ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធី (update browser) ជាបន្ទាន់ទៅកាន់កំណែជំនាន់ចុងក្រោយបង្អស់ដែលត្រូវបានដាក់ឱ្យទាញយកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
ដើម្បីអាប់ដេតកម្មវិធី៖
- ចុចលើសញ្ញា ឆ្នូតដេកបី នៅខាងស្ដាំដៃផ្នែកខាងលើ
- ចុចពាក្យ Help
- ជ្រើសយក About Firefox
- រង់ចាំរហូតកម្មវិធីអាប់ដេតរួច
ទីភ្នាក់ងារ U.S Cybersecurity និង Infrastructure Security Agency (CISA) ក៏បានព្រមានអំពីចំណុចខ្សោយនៃកម្មវិធីនេះដែរ ដោយបាននិយាយថា ក្រុមវាយប្រហារអាចប្រើប្រាស់ចំណុចខ្សោយមួយនេះដើម្បីមានលទ្ធភាពគ្រប់គ្រងទៅលើម៉ាស៊ីនដែលប្រើប្រាស់កម្មវិធី Firefox ជំនាន់មុនៗ៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។