អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក (Facebook) លោក Mark Zuckerberg ប្រកាសសុំទោសតាមទំព័រកាសែតល្បីៗមួយចំនួននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី២៥ ខែមីនា ចំពោះរឿងអាស្រូវទិន្នន័យជាមួយក្រុមហ៊ុនស្រាវជ្រាវ Cambridge Analytica ដោយទិញពាណិជ្ជកម្មមួយទំព័រពេញ។
នៅក្នុងទំព័រផ្សាយពាណិជ្ជកម្មដែលក្រុមហ៊ុនហ្វេសប៊ុកបានទិញផ្សព្វផ្សាយនោះ ដាក់ចំណងជើងធំៗជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា «យើងមានទំនួលខុសត្រូវក្នុងការការពារព័ត៌មានរបស់អ្នក។ ប្រសិនបើយើងមិនអាចធ្វើបានទេ នោះយើងមិនស័ក្តិសមទទួលខុសត្រូវនេះទេ»។
អគ្គនាយកក្រុមហ៊ុនហ្វេសប៊ុកបានរៀបរាប់បន្តក្នុងទំព័រពាណិជ្ជកម្មសុំទោសលើកាសែតថា «អ្នកប្រហែលជាធ្លាប់ឮអំពី quiz app ដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យមួយ ដែលបានលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ហ្វេសប៊ុករាប់លាននាក់កាលពីឆ្នាំ២០១៤»។
លោក Mark Zuckerberg បានបន្តទៀតថា «នេះគឺជាការរំលោភបំពាននៃសេចក្តីទុកចិត្ត ហើយខ្ញុំសុំទោសដែលយើងមិនបានធ្វើអ្វីបន្ថែមនៅពេលនោះ។ ឥឡូវ យើងកំពុងចាត់វិធានការដើម្បីធានាថា រឿងនេះនឹងមិនកើតឡើងសាជាថ្មីនោះទេ»។
សារសុំទោសខាងលើ គឺត្រូវបានក្រុមហ៊ុនហ្វេសប៊ុកទិញពាណិជ្ជកម្មលើទំព័រកាសែតល្បីពេញមួយទំព័រតែម្ដង។ កាសែតទាំងនោះមានកាសែតរបស់អង់គ្លេសចំនួន ៦ រួមមាន៖
- កាសែត The Sunday Times
- កាសែត Mail on Sunday
- កាសែត Sunday Mirror
- កាសែត Sunday Express
- កាសែត The Observer
- និងកាសែត Sunday Telegraph
ចំណែកនៅសហរដ្ឋអាមេរិកវិញ ក្រុមហ៊ុនហ្វេសប៊ុកផ្សាយលើកាសែតចំនួនបីរួមមាន៖
- កាសែត The New York Times
- កាសែត Washington Post
- និងកាសែត Wall Street Journal។
ការចេញផ្សាយសារសុំទោសរបស់ម្ចាស់ក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg នៅលើទំព័រកាសែតល្បីនេះ បន្ទាប់ពីតម្លៃភាគហ៊ុនក្រុមហ៊ុនហ្វេសប៊ុកបានធ្លាក់ចុះជិត ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ($50 billion) កាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ទោះយ៉ាងណាក៏ដោយ អត្ថបទក្នុងទំព័រពាណិជ្ជកម្មសុំទោសនោះ បានបន្តថា ឥឡូវក្រុមហ៊ុនបណ្ដាញសង្គមនេះបានកម្រិតទិន្នន័យដែលកម្មវិធីទទួលបាននៅពេលអ្នកប្រើប្រាស់ sign in ហើយក៏បានធ្វើការស៊ើបអង្កេតរាល់កម្មវិធីណាដែលបានចូលយកទិន្នន័យច្រើនកាលពីពេលមុនដែរ។ លើសពីនេះទៀត ហ្វេសប៊ុកនឹងរំឭកអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ថាតើ apps ណាមួយដែលពួកគេធ្លាប់ផ្ដល់សិទ្ធិឲ្យយកព័ត៌មានរបស់ពួកគេ ដើម្បីផ្ដល់ឱកាសដល់អ្នកប្រើប្រាស់ហ្វេសប៊ុកអាចបិទនូវអ្វីដែលពួកគេមិនចង់ផ្ដល់ឲ្យបន្តទៅទៀត។
លោក Mark Zuckerberg បន្តនៅក្នុងឃ្លាចុងក្រោយនៃពាណិជ្ជកម្មសុំទោសនោះថា «ខ្ញុំសន្យាថានឹងធ្វើឲ្យល្អប្រសើរសម្រាប់អ្នក»។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕