បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានពិភាក្សាជាមួយឪពុកម្ដាយរាប់ពាន់គ្រួសារ សមាគម និងអ្នកជំនាញនៅសហរដ្ឋអាមេរិក រួចមក ក្រុមហ៊ុនហ្វេសប៊ុកបានរកឃើញថា វាពិតជាចាំបាច់ណាស់ដែលត្រូវបង្កើតកម្មវិធីទូរស័ព្ទមួយទៀត ដែលអាចឲ្យកុមារៗភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ ប៉ុន្តែអាចឲ្យឪពុកម្ដាយគ្រប់គ្រងទំនាក់ទំនងរបស់ពួកគេបាន នោះគឺកម្មវិធី Messenger Kids ។
ប្រធានផ្នែកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនហ្វេសប៊ុក លោក Loren Cheng ឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានកាលពីចុងឆ្នាំ២០១៧ ថា ក្រុមហ៊ុនសម្រេចដាក់ឲ្យប្រើប្រាស់កម្មវិធីថ្មីមួយ គឺ Messenger Kids ដែលធ្វើឲ្យកុមារៗងាយស្រួល និងមានសុវត្ថិភាពក្នុងការជជែកកម្សាន្តជាវីដេអូ និងផ្ញើសារជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិ។
សេចក្ដីប្រកាសដដែលឲ្យដឹងទៀតថា កម្មវិធីជជែកកម្សាន្តសម្រាប់កុមារនេះ គឺជាកម្មវិធី standalone app ដែលដំឡើងនៅលើ tablet ឬ smartphone (ទូរស័ព្ទឆ្លាតវៃ) របស់កុមារ ប៉ុន្តែអាចគ្រប់គ្រងចេញពីគណនីហ្វេសប៊ុករបស់ឪពុកម្ដាយ។ មានន័យថា នៅពេលកម្មវិធីនេះត្រូវបានដំឡើង និងកំណត់ដោយឪពុកម្ដាយរបស់ពួកគេ នោះកុមារៗទាំងនោះអាចចាប់ផ្ដើមជជែកកម្សាន្តជាលក្ខណៈមួយទល់នឹងមួយ ឬក៏លក្ខណៈជាក្រុមជាមួយមនុស្សដែលឪពុកម្ដាយបានអនុញ្ញាតពីគណនីរបស់ឪពុកម្ដាយ។ ដូច្នេះ កុមារៗមិនអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលឪពុកម្ដាយរបស់ពួកគេមិនបានអនុញ្ញាតនោះទេ។

របៀបដំឡើង និងដំណើរការកម្មវិធី Messenger Kids
ឪពុកម្ដាយត្រូវតែដំឡើងកម្មវិធីនេះឲ្យកូនៗរបស់ពួកគេ។ ដើម្បីកំណត់គណនីកូនៗរបស់អ្នកបាន សូមអនុវត្តតាមជំហានខាងក្រោម៖
- ទាយយក (Download) កម្មវិធីជជែកកម្សាន្តសម្រាប់កុមារ ដើម្បីដំឡើងលើ iPad, iPod touch, iPhone ឬឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការ Android
- បន្ទាប់មក កំណត់ឧបករណ៍របស់កូនៗរបស់អ្នកដោយប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នកដើម្បី log in (username & password)។ ក្នុងករណីនេះ អ្នកមិនបានបង្កើតគណនីហ្វេសប៊ុកសម្រាប់កូនៗ ឬក៏អនុញ្ញាតឲ្យប្រើគណនីហ្វេសប៊ុករបស់អ្នកទេ។
- បង្កើតគណនី (Create an account) មួយសម្រាប់កូនៗរបស់អ្នក ដោយបង្កើតឈ្មោះឲ្យកូនរបស់អ្នក។ បន្ទាប់មក ប្រគល់ឧបករណ៍នោះឲ្យកូនរបស់អ្នកជាការស្រេច។
- លោកអ្នកអាចបន្ថែមមនុស្សដែលលោកអ្នកចង់ឲ្យកូនរបស់អ្នកអាចជជែកជាមួយបាន (add contact) សូមចុចលើ សញ្ញាឆ្នូតបី (More) នៅគណនីហ្វេសប៊ុករបស់អ្នក (Facebook App) រួចជ្រើសយក Messenger Kids និងចាប់ផ្ដើមបន្ថែមមនុស្សទៅឲ្យកូនៗរបស់អ្នក។
ជារឿងល្អមែនទែន កម្មវិធីជជែកកម្សាន្តសម្រាប់កុមារនេះពុំមែនការផ្សាយពាណិជ្ជកម្មនោះទេ។ លើសពីនេះទៀត ហ្វេសប៊ុកបានបញ្ជាក់ថា ព័ត៌មានរបស់កូនៗរបស់អ្នកនៅលើកម្មវិធិជជែកកម្សាន្តនេះ មិនត្រូវបានយកមកប្រើដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនោះដែរ។
ទោះយ៉ាងណាក៏ដោយ កម្មវិធីសម្រាប់កុមារនេះមិនទាន់ត្រូវបានដាក់ឲ្យប្រើប្រាស់ទូទាំងពិភពលោកនៅឡើយទេ។ ប្រសិនបើលោកអ្នកមិនអាចដំឡើង ឬដំណើរការកម្មវិធីនេះបានទេ មានន័យថា កម្មវិធីនេះមិនទាន់ត្រូវបានដាក់ឲ្យដំណើរការនៅប្រទេសរបស់អ្នកនោះទេ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!



កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕