ក្រុមហ៊ុន Microsoft ចេញផ្សាយចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៧ ក្នុងចំណោមចំណុចខ្សោយទាំងអស់ចំនួន ១២០ ដែលមាននៅលើផលិតផលរបស់ខ្លួនក្នុងខែសីហា ឆ្នាំ២០២០។
តាមរយៈចំណុចខ្សោយធ្ងន់ធ្ងរទាំង ១៧ នេះ ក្រុមហេគឃឺ (Hackers) អាចវាយប្រហារទៅលើម៉ាស៊ីនកុំព្យូទ័រគោលដៅបានដោយជោគជ័យ និងអាចដំណើរការកូដពីចម្ងាយបាន (remote code)។ ហេគឃឺនឹងអាចគ្រប់គ្រងម៉ាស៊ីនកុំព្យូទ័ររងគ្រោះបានទាំងស្រុង ហើយពួកគេអាចធ្វើសកម្មភាពមួយចំនួនដោយមិនចាំបាច់មានការអនុញ្ញាតពីម្ចាស់កុំព្យូទ័រ ដូចជាដំឡើងកម្មវិធីឬបញ្ចូលមេរោគ បង្កើតគណនីថ្មីៗដែលមានសិទ្ធិជា Admin និងបើកទិន្នន័យ ផ្លាស់ប្ដូរទិន្នន័យ ឬក៏លុបទិន្នន័យជាដើម។
ផលិតផលរបស់ក្រុមហ៊ុន Microsoft ដែលរងផលប៉ះពាល់រួមមាន៖
- Microsoft Windows
- Microsoft Edge (EdgeHTML-based)
- Microsoft Edge (Chromium-based)
- Microsoft ChakraCore
- Internet Explorer
- Microsoft Scripting Engine
- SQL Server
- Microsoft JET Database Engine
- .NET Framework
- NET Core
- Microsoft Office and Microsoft Office Services and Web Apps
- Microsoft Windows Codecs Library
- Microsoft Dynamics
ហេតុដូចនេះ ក្រុមការងារ Tech Khmer សូមណែនាំដល់ប្រិយមិត្តធ្វើបច្ចុប្បន្នភាព (អាប់ដេត) ប្រព័ន្ធប្រតិបត្តិការវីនដូរបស់អ្នក (Update Windows) ដើម្បីការពារម៉ាស៊ីនកុំព្យូទ័ររបស់អ្នកពីការវាយប្រហារនានា។ សូមអនុវត្តដូចខាងក្រោមដើម្បីអាប់ដេត៖
- ចូលទៅកាន់ Windows Settings
- ចុចលើ Update & Security
- ចុចប៊ូតុង Check for Updates ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នក និងរង់ចាំវាដំណើរការចប់ រួច Restart ម៉ាស៊ីនជាការស្រេច។
ក្រុមហ៊ុន Microsoft បញ្ជាក់ប្រាប់អតិថិជនរបស់ខ្លួនដែលកំពុងប្រើប្រាស់ Windows 7, Windows Server 2008 R2 ឬ Windows Server 2008 ចាំបាច់ត្រូវទិញនូវកញ្ចប់សម្រាប់អាប់ដេតសន្តិសុខ (Extended Security Update) ដើម្បីអាចបន្តទទួលបាននូវការបន្ទាន់សម័យសន្តិសុខលើប្រព័ន្ធ (Security Update)។
អ្នកអាចអានព័ត៌មានលម្អិតទាក់ទងនឹងចំណុចខ្សោយប្រចាំខែកក្កដា (August 2020 Security Updates) ក្នុងផលិតផលរបស់ក្រុមហ៊ុន Microsoft៕