ក្រុមហ៊ុន Microsoft ចេញផ្សាយចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៣ចំណុច និងចំណុចខ្សោយធ្ងន់ធ្ងរមធ្យម ៩១ចំណុច និងចំណុចខ្សោយធម្មតា ៧ចំណុចផ្សេងទៀតសម្រាប់ខែឧសភា ឆ្នាំ២០២០ ដែលប៉ះពាល់ដល់ផលិតផលមួយចំនួនរបស់ក្រុមហ៊ុន។
តាមរយៈចំណុចខ្សោយទាំងនេះ ក្រុមហេគឃឺ (hackers) អាចវាយប្រហារទៅលើផលិតផលក្រុមហ៊ុន Microsoft ដោយជោគជ័យ និងអាចដំណើរការកូដពីចម្ងាយ (remote code execution) ថែមទាំងអាចគ្រប់គ្រងម៉ាស៊ីនរបស់អ្នកទាំងស្រុងដើម្បីធ្វើសកម្មភាពមួយចំនួនដោយមិនឱ្យអ្នកដឹងខ្លួន ដូចជាដំឡើងកម្មវិធី ឬបញ្ចូលមេរោគ បង្កើតគណនីគ្រប់គ្រងម៉ាស៊ីន បើកមើលឯកសារ ផ្លាស់ប្ដូរ ឬលុបទិន្នន័យផ្សេងៗនៅក្នុងម៉ាស៊ីនរបស់អ្នក។
ផលិតផល ឬកម្មវិធីរបស់ក្រុមហ៊ុន Microsoft ដែលរងផលប៉ះពាល់រួមមាន៖
- Microsoft Windows
- Microsoft Edge (EdgeHTML-based)
- Microsoft Edge (Chromium-based)
- ChakraCore
- Internet Explorer
- Microsoft Office and Microsoft Office Services and Web Apps
- Windows Defender
- Visual Studio
- Microsoft Dynamics
- .NET Framework
- .NET Core
- Power BI
ហេតុដូចនេះ ក្រុមការងារ Tech Khmer សូមណែនាំដល់ប្រិយមិត្តប្រញាប់ធ្វើបច្ចុប្បន្នភាព (អាប់ដេត) ប្រព័ន្ធប្រតិបត្តិការវីនដូរបស់អ្នកជាបន្ទាន់ (Update Windows) ដើម្បីការពារម៉ាស៊ីនរបស់អ្នកពីការវាយប្រហារនានា។ សូមអនុវត្តដូចខាងក្រោមដើម្បីអាប់ដេត៖
- ចូលទៅកាន់ Windows Settings
- ចុចលើ Update & Security
- ចុចប៊ូតុង Check for Updates ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នក និងរង់ចាំវាដំណើរការចប់ រួច Restart ម៉ាស៊ីនជាការស្រេច។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងចំណុចខ្សោយទាំងនេះ សូមចុចត្រង់នេះ ដើម្បីអានបន្ថែម។
ទោះជាយ៉ាងណា ក្រុមហ៊ុន Microsoft បញ្ជាក់ប្រាប់អតិថិជនរបស់ខ្លួនដែលកំពុងប្រើប្រាស់ Windows 7, Windows Server 2008 R2 ឬ Windows Server 2008 ចាំបាច់ត្រូវទិញនូវកញ្ចប់សម្រាប់អាប់ដេតសន្តិសុខ (Extended Security Update) ដើម្បីអាចបន្តទទួលបាននូវការបន្ទាន់សម័យសន្តិសុខលើប្រព័ន្ធ (Security Update)៕