YouTube ប្រកាសពីការផ្លាស់ប្ដូរថ្មីមួយដែលអ្នកទស្សនាវីដេអូនៅលើ YouTube លែងអាចចុចរំលងវីដេអូផ្សាយពាណិជ្ជកម្ម (Non-skippable Ads) បានទៀតហើយ។ ការផ្លាស់ប្ដូរនេះ គឺដើម្បីលើកទឹកចិត្តដល់អ្នកបង្កើតវីដេអូ (Content Creators) ឲ្យទទួលបានចំណូលកាន់តែច្រើនពីចំណូលពាណិជ្ជកម្ម (Ad Revenue)។
ការប្រកាសនេះ ធ្វើឡើងតាមរយៈវីដេអូមួយដែលបង្ហោះនៅលើ Channel ផ្លូវការរបស់ YouTube ដែលមានឈ្មោះថា Creator Insider កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានចំណងជើងជាភាសាអង់គ្លេសថា “Want To Earn More Money From Ad Revenue?” ដែលប្រែជាភាសាខ្មែរថា “ចង់រកប្រាក់ចំណូលបន្ថែមពីចំណូលពាណិជ្ជកម្មឬ?”។
Non-skippable Ads គឺជាទម្រង់នៃការផ្សាយពាណិជ្ជកម្មដែលអាចបង្ហាញនៅមុនពេលដំណើរការវីដេអូ ឬនៅពាក់កណ្ដាលនៃវីដេអូ ឬក៏នៅចុងបញ្ចប់នៃវីដេអូ ហើយអ្នកទស្សនាវីដេអូដែលមានពាណិជ្ជកម្មនេះ ត្រូវរង់ចាំរហូតដល់ ១៥–២០វិនាទីអាស្រ័យលើទីតាំងជាក់ស្ដែងរបស់អ្នកទស្សនា ទម្រាំនឹងអាចទស្សនាវីដេអូដែលខ្លួនចង់មើលបន្តទៀត។ ខុសពី Non-skippable Ads ដែលមិនអាចចុចរំលងបាននោះ Skippable Ads ត្រូវបាន Content Creators ដាក់លើវីដេអូរបស់ពួកគេ ហើយអ្នកទស្សនាអាចចុចរំលងបាន ប្រសិនបើពួកគេមិនចង់មើល។
សេចក្ដីប្រកាសដដែលរបស់ Creator Insider Channel នេះមានន័យថា channel ណាដែលបានដាក់ពាណិជ្ជកម្ម (monetizes) លើវីដេអូ នោះពួកគេអាចជ្រើសរើសយកជម្រើស “មិនឲ្យចុចរំលងពាណិជ្ជកម្ម” បាន ដែលកាលពីមុន ជម្រើសនេះមានតែសម្រាប់ Channel ដែលត្រូវបានជ្រើសរើសដោយ YouTube តែប៉ុណ្ណោះ។
អានអត្ថបទផ្សេងទៀត៖
- Play YouTube Videos នៅក្នុង Background ទូរស័ព្ទ Android និង iPhone
- YouTube លុបវីដេអូជាង ៨លានវីដេអូក្នុងរយៈពេល ៣ខែ
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ACCP
ទាក់ទងនឹងបញ្ហានេះ YouTube បានពន្យល់ថា Content Creators ឬអ្នកបង្កើតមាតិកាវីដេអូ អាចរកប្រាក់ចំណូលបន្ថែមពីការដាក់មិនឲ្យចុចរំលងពាណិជ្ជកម្មនេះ ដោយម្ចាស់ពាណិជ្ជកម្មនឹងត្រូវចំណាយបន្ថែមសម្រាប់ការផ្សព្វផ្សាយ។
ទោះយ៉ាងណា ក្នុងចំណោមអ្នកដែលបានទស្សនាវីដេអូប្រកាសនេះ អ្នកខ្លះបានបញ្ចេញប្រតិកម្មថា ការដាក់ដំណើរការមិនឲ្យចុចរំលងពាណិជ្ជកម្មនេះ នឹងធ្វើឲ្យអ្នកទស្សនាធុញទ្រាន់ ហើយអាចធ្វើឲ្យពួកគេលែងមកទស្សនាវីដេអូនៅក្នុង Channel ទាំងនោះតទៅទៀត។ Content Creators បារម្ភថា អ្នកទស្សនាមួយចំនួននឹងអាចលែងចង់ទស្សនាវីដេអូ ហើយចុចទៅកាន់វីដេអូផ្សេងទៀតមុននឹងពាណិជ្ជកម្មត្រូវបានបញ្ចប់ និងអាចជះឥទ្ធិពលដល់ការរកប្រាក់ចំណូលទៅវិញ។ ចំណែកអ្នកខ្លះវិញថានឹងសាកល្បងការផ្លាស់ប្ដូរនេះ ប៉ុន្តែចង់ឲ្យមុខងារនេះមានជម្រើសច្រើនជាងនេះ ដោយអាចឲ្យ Content Creators មានលទ្ធភាពដាក់ non-skippable ads នៅកន្លែងណាមួយដែលពួកគេពេញចិត្ត ហើយកន្លែងណាមួយនៃវីដេអូដែលពួកគេចង់ដាក់ skippable ads បាន។
Non-skippable ads សម្រាប់អ្នកបង្កើតមាតិកាវីដេអូ (Content Creators) នៅលើ YouTube ទាំងអស់ នឹងដាក់ឲ្យប្រើប្រាស់ចាប់ពីសប្ដាហ៍ក្រោយ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕