នៅពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើន នាំគ្នាបង្ហោះ និងចែករំលែកតៗគ្នាអំពីលេខទូរស័ព្ទក្រៅប្រទេសដែលគេជឿថាមកពីប្រទេសសាម័រ (Samoa) មានក្បាល +685 ស៊ីញ៉ូហៅចូលមកលេខទូរស័ព្ទដៃរបស់ពួកគេនៅកម្ពុជា។
អ្នកទាំងនោះបារម្ភថា ប្រសិនបើពួកគាត់ទទួលទូរស័ព្ទ ឬហៅត្រឡប់ទៅលេខនោះវិញ នោះនឹងត្រូវគេហេគ (Hack) ទូរស័ព្ទដៃរបស់ពួកគាត់ ដែលអាចបណ្ដាលឱ្យបាត់បង់លុយពីគណនីធនាគារដែលពួកគាត់បានដំឡើងកម្មវិធីធនាគារនៅលើទូរស័ព្ទដៃទៀតផង។ ដោយមូលហេតុនេះ ពួកគាត់បានសរសេរសារចែករំលែកព្រោងព្រាតលើហ្វេសប៊ុក និងផ្ដាំផ្ញើដល់អ្នកដទៃទៀតកុំឱ្យទទួល ឬហៅត្រឡប់ទៅវិញឱ្យសោះ។
តើការហៅទូរស័ព្ទពីប្រទេសសាម័រ ឬពីប្រទេសផ្សេង អាចបណ្ដាលឱ្យអ្នកបាត់បង់លុយពីធនាគារដែរឬអត់? តើហេគឃ័រ (hacker) អាចហេគទូរស័ព្ទរបស់អ្នកបានដែរឬអត់ ត្រឹមតែការហៅទូរស័ព្ទចូល ហើយអ្នកបានទទួលទូរស័ព្ទនោះ ឬអ្នកហៅត្រឡប់ទៅវិញ?
ពាក់ព័ន្ធបញ្ហានេះ និយ័តករទូរគមនាគមន៍កម្ពុជា ចេញសេចក្ដីបំភ្លឺនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ថា តាមលក្ខណៈបច្ចេកទេសដែលបញ្ជាក់ពីបណ្ដាប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា បង្ហាញថា ការទទួលទូរស័ព្ទហៅចូលពីលេខអនាមិកណាមួយ មិនបានធ្វើឱ្យអ្នកប្រើប្រាស់ទូរស័ព្ទចល័តបាត់បង់ទិន្នន័យផ្ទុកក្នុងទូរស័ព្ទ ឬថវិកាក្នុងគណនីសេវាទូរស័ព្ទ ឬថវិកាក្នុងគណនីធនាគារអ្វីឡើយ។ លិខិតដដែលបញ្ជាក់ថា ករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តណាម្នាក់នៅកម្ពុជា ហៅត្រឡប់ទៅកាន់លេខអនាមិកដែលបានស៊ីញ៉ូនោះ គឺនឹងធ្វើឱ្យអ្នកប្រើប្រាស់នោះបាត់បង់ថវិកាក្នុងគណនីសេវាទូរស័ព្ទរបស់គាត់សម្រាប់ការសន្ទនាទូរស័ព្ទអន្តរជាតិ (ហៅទៅក្រៅប្រទេស) ដែលគិតទៅតាមអត្រាគិតលុយរបស់ប្រតិបត្តិករទូរស័ព្ទក្នុងស្រុកដែលអ្នកប្រើ។
ចំណែកធនាគារ ABA ក៏បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផងដែរថា គណនីរបស់អតិថិជនធនាគារ ABA គឺត្រូវបានការពារយ៉ាងមានសុវត្ថិភាព ហើយមិនអាចហេគ (Hack) តាមរយៈការហៅទូរស័ព្ទចូលបានឡើយ។
ករណីស្រដៀងគ្នានេះ មិនមែនទើបតែកើតឡើងចំពោះប្រជាជនកម្ពុជា នោះទេ សូម្បីនៅសហរដ្ឋអាមេរិក ក៏មានករណីស៊ីញ៉ូហៅទូរស័ព្ទចូលដែរ ដែលគេហៅថា One Ring Phone Scams។
គណៈកម្មការគមនាគមន៍សហព័ន្ធ (Federal Communications Commission, FCC) នៃសហរដ្ឋអាមេរិក ពន្យល់នៅលើវេបសាយថា គោលបំណងនៃការស៊ីញ៉ូហៅទូរស័ព្ទ ឬហៅថា One Ring គឺជាការស៊ីញ៉ូមិនអាចឱ្យអ្នកទទួលទូរស័ព្ទទាន់ទេ ប៉ុន្តែវាចង់ឱ្យអ្នកហៅទូរស័ព្ទត្រឡប់ទៅវិញ។
ប្រសិនបើអ្នកហៅទូរស័ព្ទត្រឡប់ទៅលេខនោះវិញ នោះអ្នកនឹងត្រូវក្រុមហ៊ុនសេវាទូរស័ព្ទគិតថ្លៃភ្ជាប់សេវាក្នុងតម្លៃអន្តរជាតិ ពីព្រោះអ្នកបានហៅទូរស័ព្ទទៅក្រៅប្រទេស។ ដូច្នេះ ប្រសិនបើអ្នកមិនស្គាល់ច្បាស់ពីលេខដែលស៊ីញ៉ូហៅចូលទូរស័ព្ទរបស់អ្នកទេ សូមកុំហៅទូរស័ព្ទត្រឡប់ទៅវិញឱ្យសោះ ជៀសវាងខាតបង់ថ្លៃភ្ជាប់ការហៅទូរស័ព្ទលក្ខណៈអន្តរជាតិ។
កាលពីឆ្នាំ២០១៧ ករណីបែបនេះបានកើតឡើងម្ដងរួចទៅហើយនៅកម្ពុជា ហើយនិយ័តករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករទូរគមនាគមន៍ ក៏បានបញ្ជាក់ និងបកស្រាយម្ដងរួចទៅហើយដែរ។
និយ័តករទូរគមនាគមន៍កម្ពុជា បញ្ជាក់ថា ចាប់ពីកើតមានករណីបែបនេះនៅឆ្នាំ២០១៧ រហូតមកដល់ពេលនេះ គឺមិនទាន់មានករណីណាមួយពិតប្រាកដដែលបង្ហាញថា មានអ្នកប្រើប្រាស់ទូរស័ព្ទចល័តណាម្នាក់ទទួលផលប៉ះពាល់ពីរឿងនេះនៅឡើយទេ៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។