អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើនជួបប្រទះនឹងបញ្ហាដែលគណនីហ្វេសប៊ុកផ្ទាល់ខ្លួនត្រូវបានក្រុមហ៊ុនហ្វេសប៊ុកបិទលែងឱ្យដំណើរការ (disabled) ហើយពួកគេភាគច្រើន បានជ្រើសរើសការបង្កើតគណនីថ្មីប្រើជំនួសឱ្យគណនីដែលខូចនោះ។
តើអ្នកដឹងដោយដូចម្ដេចថាគណនីហ្វេសប៊ុករបស់អ្នកត្រូវបានក្រុមហ៊ុនបិទ? ជាទូទៅ ប្រសិនបើគណនីហ្វេសប៊ុករបស់អ្នកត្រូវបានក្រុមហ៊ុនបិទ អ្នកនឹងឃើញសារមួយនៅពេលដែលអ្នក Log in ចូលប្រើហ្វេសប៊ុក។ សារនោះបញ្ជាក់ថា គណនីរបស់អ្នកត្រូវបានបិទ (disabled)។
សួរថាហេតុអីបានជានៅសុខៗគណនីហ្វេសប៊ុករបស់អ្នកត្រូវបានក្រុមហ៊ុនបិទ?
មានរឿងជាច្រើនដែលអ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនមិនបានដឹង ខណៈដែលពួកគេបានធ្វើរឿងជាច្រើននៅលើបណ្ដាញសង្គមមួយនេះ។ ហេតុផលមួយចំនួនខាងក្រោមនេះ ជាហេតុបណ្ដាលឱ្យក្រុមហ៊ុនបិទគណនីរបស់អ្នក៖
- ប្រកាស (Posting) មាតិកាដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ហ្វេសប៊ុក
- ប្រើប្រាស់ឈ្មោះក្លែងក្លាយ (fake name)
- ក្លែងបន្លំធ្វើជានរណាម្នាក់
- បន្តប្រព្រឹត្តនូវឥរិយាបថដែលហ្វេសប៊ុកមិនអនុញ្ញាតនៅលើបណ្ដាញសង្គម
- ទាក់ទងអ្នកប្រើប្រាស់ហ្វេសប៊ុកផ្សេងទៀតក្នុងគោលបំណងរំខាន ឬយាយី ឬផ្សព្វផ្សាយពាណិជ្ជកម្ម ឬការប្រព្រឹត្តផ្សេងទៀតដែលមិនត្រូវអនុញ្ញាត
តើគួរធ្វើអ្វី ប្រសិនបើគណនីហ្វេសប៊ុករបស់អ្នកត្រូវបានបិទ?
ដូចដែល Tech Khmer បាននិយាយខ្លះរួចមកហើយនៅខាងលើ គឺអ្នកប្រើប្រាស់ភាគច្រើនប្រាកដជាជ្រើសរើសបង្កើតគណនីថ្មី ប៉ុន្តែវិធីនេះមិនប្រាកដថាល្អនោះទេ ពីព្រោះអ្នកកំពុងតែបន្សល់នូវគណនី ឬឈ្មោះរបស់អ្នកនៅលើបណ្ដាញសង្គមដែលមានមិត្តភ័ក្ដិ ឬក្រុមគ្រួសាររបស់អ្នកភ្ជាប់ទំនាក់ទំនងជាមួយគណនីនោះផងដែរ។ អ្នកបានការពារខ្លួនរបស់អ្នក ប៉ុន្តែអ្នកមិនបានគិតពីសុវត្ថិភាពមិត្តភ័ក្ដិ ឬក្រុមគ្រួសាររបស់អ្នកនៅលើហ្វេសប៊ុកនោះទេ។
ហេតុដូច្នេះហើយ ប្រសិនបើអ្នកជួបបញ្ហានេះ សូមអ្នកព្យាយាមទាញយកគណនីហ្វេសប៊ុកនោះឱ្យអស់លទ្ធភាពសិន មុននឹងឈានដល់ការបង្កើតគណនីថ្មី។
សូមចុចលើតំណភ្ជាប់នេះ ដើម្បីធ្វើការស្រោចស្រង់គណនីរបស់អ្នក ដោយគ្រាន់តែធ្វើតាមការណែនាំនៅលើទំព័រនោះ ដូចជាត្រូវបំពេញអាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទដែលអ្នកដាក់ប្រើនៅលើហ្វេសប៊ុក បំពេញឈ្មោះពេញនៅលើហ្វេសប៊ុក និងភ្ជាប់អត្តសញ្ញាណប័ណ្ណរបស់អ្នក រួចផ្ញើទៅកាន់ហ្វេសប៊ុកជាការស្រេច។ អ្នកត្រូវរង់ចាំមួយរយៈ ដើម្បីក្រុមការងារហ្វេសប៊ុកឆែកមើលការស្នើសុំរបស់អ្នក ហើយប្រសិនបើគណនីរបស់អ្នកមិនរំលោភបំពានធ្ងន់ធ្ងរលើគោលការណ៍សហគមន៍ហ្វេសប៊ុកទេ នោះគណនីរបស់អ្នកអាចនឹងស្រោចស្រង់មកវិញបាន។

សូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕