កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនយុវជនម្នាក់ដែលលួចចូលគណនីហ្វេសប៊ុក (Hacked Facebook Account) អ្នកដទៃរហូតជាង ២០០គណនី ដើម្បីឆបោកយកប្រាក់តាមគ្រប់រូបភាព ហើយក្នុងនោះមានគណនីហ្វេសប៊ុកចំនួន ៥០គណនីដែលចាញ់បោកយុវជនរូបនេះ។
ការចាប់ខ្លួនយុវជនម្នាក់នេះ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងពីបទលួចចូលប្រើប្រាស់គណនីហ្វេសប៊ុកអ្នកដទៃដោយគ្មានការអនុញ្ញាត រួចឆាត (ផ្ញើសារ) ទៅខ្ចីប្រាក់ពីមិត្តភ័ក្ដិនៅក្នុងហ្វេសប៊ុក ដោយតម្រូវឱ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរលុយ។
ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឧត្ដមសេនីយ៍ឯក ជា ពៅ មានប្រសាសន៍ថា យុវជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅត្រង់ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ឧសភា។
លោកឧត្ដមសេនីយ៍ឯកបន្តថា ប្រតិបត្តិការចាប់ខ្លួនយុវជនដែលលួចគណនីហ្វេសប៊ុកអ្នកដទៃនេះ ដឹកនាំដោយឧត្ដមសេនីយ៍ទោ ស៊ីវ ឈាន់ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង រៀល សុភិន។
ឧត្ដមសេនីយ៍ឯក ជា ពៅ ឲ្យដឹងទៀតថា យុវជនដែល hack គណនីហ្វេសប៊ុកអ្នកដទៃនេះមានឈ្មោះ គ្រួច ស៊ីឆៃ ជនជាតិខ្មែរ កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៩៧ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនធ្លាប់ឆបោកប្រាក់ជាច្រើនសា និងលួចចូលគណនីហ្វេសប៊ុកបានប្រហែល ២០០គណនី ហើយក្នុងចំណោមគណនីទាំងនោះ មានគណនីជាង ៥០គណនីដែលរូបគេឆបោកយកប្រាក់បានសម្រេច។
បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ នាយកដ្ឋានបញ្ជាក់ផងដែរថា កន្លងទៅ នាយកដ្ឋានបានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងករណីនេះជាច្រើនពីជនរងគ្រោះ។
ទោះយ៉ាងណា ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំឭកដល់ពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ត្រូវមានការប្រុងប្រយ័ត្នក្នុងករណីដែលមានការផ្ញើសារខ្ចីប្រាក់តាមបណ្ដាញសង្គម ដោយឱ្យផ្ញើប្រាក់ទៅលេខដែលមិនមែនជាលេខរបស់ម្ចាស់គណនីហ្វេសប៊ុក។ ឧត្តមសេនីយ៍ឯកណែនាំថា មុននឹងផ្ញើប្រាក់ឱ្យនរណាម្នាក់ សូមអ្នកប្រើប្រាស់បណ្ដាញសង្គមហៅទូរស័ព្ទ (Call) ទៅបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុកអំពីការខ្ចីប្រាក់នេះជាមុនសិន។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឱ្យបានដឹងផង។ សូមអរគុណ..!
អត្ថបទទាក់ទង
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕