ក្រសួងកិច្ចការនារី ចេញផ្សាយសៀវភៅថ្មីមានចំណងជើងថា «យុទ្ធសាស្ត្រស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន»។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងកិច្ចការនារី ក្នុងគោលបំណងបង្កើនចំណេះដឹង ការយល់ដឹង និងជំនាញពាក់ព័ន្ធដល់ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកុមារ ដើម្បីកសាងគ្រួសារ បរិយាកាសប្រកបដោយសុវត្ថិភាព សមធម៌យេនឌ័រ និងអហិង្សា។
សៀវភៅ «យុទ្ធសាស្ត្រស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន» ឲ្យដឹងថា នៅប្រទេសកម្ពុជា កន្លងទៅ កុមារដែលមានអាយុក្រោម ១៨ឆ្នាំ ទទួលរងផលអវិជ្ជមានជាច្រើនពីសំណាក់ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកុមារ និងពីអ្នកដែលរស់នៅជុំវិញខ្លួន ដូចជាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ ឬការមិនយកចិត្តទុកដាក់។
ខ្លឹមសារនៅក្នុងសៀវភៅនេះឲ្យដឹងទៀតថា ទង្វើអវិជ្ជមានខាងលើនេះ អាចបណ្ដាលមកពីមូលហេតុជាច្រើនរួមមាន ទម្លាប់ ឥរិយាបថ និងការប្រព្រឹត្តដែលត្រូវបានអនុវត្តតៗគ្នាជាយូរយារណាស់មកហើយដោយសារតែកង្វះខាតការយល់ដឹងអំពីសិទ្ធិកុមារ និងភាពក្រីក្រ។ កត្តាទាំងនេះ អាចញ៉ាំងឲ្យឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំមួយចំនួនធំដែលធ្លាប់សម្ដែងឡើងនូវសកម្មភាពមិនសមរម្យទៅលើកុមារ ដូចជាការគំរាមកំហែង ការមិនអើពើ ឬមិនយកចិត្តទុកដាក់ ការមិនឲ្យតម្លៃ និងការមិនផ្ដល់ភាពកក់ក្ដៅលើកុមារ។
សៀវភៅយុទ្ធសាស្ត្រស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាននេះបែងចែកជា ៤ផ្នែករួមមាន៖
- ផ្នែកទី១ ពន្យល់អំពីទស្សនវិស័យ គោលដៅ គោលបំណង និងគោលការណ៍ណែនាំ។
- ផ្នែកទី២ គឺផ្ដល់នូវសាវតារមួយដែលណែនាំជូនដល់អ្នកអានអំពីគោលគំនិតសំខាន់ៗ និងពាក្យបច្ចេកទេសយោងតាមបរិបទប្រទេសកម្ពុជា និងភស្តុតាងដែលមាន ដើម្បីបង្ហាញឲ្យឃើញនូវភាពច្បាស់លាស់មួយសម្រាប់យុទ្ធសាស្ត្រការចិញ្ចឹមកូនបែបវិជ្ជមាន។
- ផ្នែកទី៣ គូសបញ្ជាក់អំពីយុទ្ធសាស្ត្រសម្រាប់ ការចិញ្ចឹមកូនបែបវិជ្ជមាន។
- ផ្នែកទី៤ គឺការបូកសរុបជាមួយនឹងផែនការសកម្មភាពកម្រិតខ្ពស់មួយសម្រាប់ឆ្នាំ២០១៧–២០២១ និងការពិចារណាចុងក្រោយក្នុងការបោះជំហានទៅមុខ។
ដើម្បីជ្រាបច្បាស់អំពីខ្លឹមសារទាំងស្រុងរបស់សៀវភៅ «យុទ្ធសាស្ត្រស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន» សូមលោកអ្នកទាញយកសៀវភៅនេះតាមតំណភ្ជាប់ខាងក្រោម។
ទាញយកសៀវភៅ «យុទ្ធសាស្ត្រស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន»។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕