នេះជាគោលការណ៍ទី៣ ស្ដីពី «ការប្រើប្រាស់ខ្លឹមសារត្រឹមត្រូវ» នៃសៀវភៅ «ណែនាំស្ដីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត» ដែលចងក្រងដោយសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។
កន្លងទៅ Tech Khmer បានផ្សាយរួចមកហើយនូវគោលការណ៍ទី១ និយាយអំពី «ការយល់ដឹងពីសុភនិច្ឆ័យក្នុងការប្រើប្រាស់អ៊ីនធឺណិត» និងគោលការណ៍ទី២ និយាយអំពី «ការទទួលខុសត្រូវ និងការគិតពីសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត»។
នៅក្នុងគោលការណ៍ទី៣ នៃសៀវភៅខាងលើនេះបែងចែកជាពីរចំណុចសំខាន់ គឺចំណុចត្រូវធ្វើ និងចំណុចមិនត្រូវធ្វើ ទាក់ទងនឹងការប្រើប្រាស់ខ្លឹមសារត្រឹមត្រូវនៅលើអ៊ីនធឺណិត ដែលអាចជួយឱ្យអ្នកជៀសផុតពីពីបញ្ហាប្រឈមនឹងផលវិបាកផ្នែកសីលធម៌ និងផ្លូវច្បាប់ នៅពេលចែករំលែកនៅលើបណ្ដាញសង្គម។
ដូច្នេះ Tech Khmer សូមដកស្រង់ចំណុចត្រូវធ្វើ នៃគោលការណ៍ “ការប្រើប្រាស់ខ្លឹមសារត្រឹមត្រូវ” មកបង្ហាញមុន ហើយនឹងលើកយកចំណុចមិនត្រូវធ្វើមកបង្ហាញនៅពេលបន្ទាប់ទៀត។
គោលការណ៍ទី៣ ការប្រើប្រាស់ខ្លឹមសារត្រឹមត្រូវ (ចំណុចត្រូវធ្វើ)៖
- ត្រូវផ្ញើ ដាក់ផ្សាយ និងចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ។
- ត្រូវប្រើប្រាស់ភាសាថ្លៃថ្នូរនៅលើអ៊ីនធឺណិត។ អ្នកត្រូវគិតពីផលប៉ះពាល់នៃពាក្យពេចន៍ដែលអ្នកប្រើប្រាស់ក្នុងទំនាក់ទំនងតាមអ៊ីនធឺណិត។ អ្នកត្រូវសួរខ្លួនឯងថា៖ “តើអ្នកនឹងប្រើប្រាស់ពាក្យពេចន៍បែបនេះឬទេ នៅពេលដែលអ្នកប្រាស្រ័យជាមួយនរណាម្នាក់ដោយផ្ទាល់? តើអ្នកចង់ឱ្យអ្នកដទៃប្រើប្រាស់ភាសាបែបនេះចំពោះអ្នកឬទេ? តើអ្នកចង់ឱ្យឪពុកម្ដាយ ឬកូនចៅរបស់អ្នកឮ ឬយកភាសាបែបនេះទៅប្រើប្រាស់បន្តឬទេ?” បើអ្នកឆ្លើយថា “ទេ” ចំពោះសំណួរទាំងនេះ ចូរកុំប្រើប្រាស់ភាសាបែបនេះ។
- ត្រូវផ្សព្វផ្សាយព័ត៌មានដែលមានមូលដ្ឋាន ឬប្រភពច្បាស់លាស់ និងត្រឹមត្រូវ ដូចជាព័ត៌មានផ្សព្វផ្សាយដោយស្ថាប័ន ឬភ្នាក់ងារដែលត្រូវបានទទួលស្គាល់ជាសាធារណៈ ឬព័ត៌មានដូចគ្នាដែលអ្នកទទួលបានពីប្រភពផ្សេងៗគ្នា។
- ត្រូវបញ្ចេញយោបល់ ឬរិះគន់បែបស្ថាបនា មានន័យថា លើកយកបញ្ហា ឬចំណុចអវិជ្ជមាននៃអ្វីមួយមកបង្ហាញ និងផ្ដល់អនុសាសន៍ដំណោះស្រាយ។
- ត្រូវបិទបាំងមុខកេរខ្មាស ឬអត្តសញ្ញាណរបស់បុគ្គល ឬជនរងគ្រោះនៅពេលអ្នកដាក់ផ្សាយរូបថត ឬវីដេអូរបស់គេនៅលើបណ្ដាញសង្គម ពីព្រោះរូបភាព និងអត្តសញ្ញាណខ្លះអាចនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់បុគ្គលនោះ ឬក្រុមគ្រួសាររបស់ពួកគេ ឬសុខុមាលភាពសាធារណៈ។
- ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ឬសារ មុនពេលដាក់ផ្សាយ ឬចែករំលែកបន្ត ពីព្រោះសារដែលមានកំហុស នឹងបង្កបញ្ហាដល់ខ្លួនអ្នក និង/ឬអ្នកដទៃ។
- ត្រូវបញ្ជាក់ពីស្នាដៃ ឬប្រភពព័ត៌មានដើម សារ រូបថត ឬវីដេអូដែលអ្នកយកមកប្រើប្រាស់ ផ្សព្វផ្សាយ ឬចែករំលែកបន្ត។
- ត្រូវមានការប្រុងប្រយ័ត្ននៅពេលអ្នកផ្ញើ ដាក់ផ្សាយរូបថត ឬវីដេអូ ដោយអ្នកត្រូវគិតពីខ្លឹមសាររបស់រូបថត និងវីដេអូទាំងនោះក៏ដូចជាផលវិបាកដែលខ្លួនអ្នក និងអ្នកដទៃនឹងទទួលរងដោយសារវា ពីព្រោះថានៅពេលដែលវានៅលើអ៊ីនធឺណិត វានឹងនៅទីនោះរហូត ហើយមនុស្សរាប់លាននាក់អាចថតវាទុក និងផ្សព្វផ្សាយបន្តទៅទៀត។ អ្នកត្រូវសួរខ្លួនឯងថា៖ “ប្រសិនបើអ្នកជារូបគេវិញ តើអ្នកចង់ឱ្យគេផ្សព្វផ្សាយព័ត៌មាននោះតាមអ៊ីនធឺណិតឬទេ? តើវាជារូបថត ឬវីដេអូដែលអ្នកចង់ឱ្យឪពុកម្ដាយ ឬកូនចៅរបស់អ្នកឃើញឬទេ? តើអ្នកចង់ឱ្យចៅហ្វាយ និយោជក ឬនិយោជកនាពេលអនាគតរបស់អ្នកឃើញវាឬទេ?”
- ត្រូវយោគយល់ និងអធ្យាស្រ័យដល់អ្នកប្រើប្រាស់អ៊ីនធឺណិតដទៃទៀតនៅពេលផ្ដល់មតិ ឬពិភាក្សាតាមអ៊ីនធឺណិត។
- ត្រូវគោរពសិទ្ធិកុមារ និងស្ត្រី ដោយមិនដាក់ផ្សាយ ឬចែករំលែកបន្តនូវរូបភាព វីដេអូ ខ្សែអាត់សំឡេង ឬអត្ថបទដែលប៉ះពាល់ដល់ឯកជនភាព គុណតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់កុមារ និងស្ត្រី។
នៅពេលបន្ទាប់ទៀត Tech Khmer នឹងដកស្រង់ចំណុចមិនត្រូវធ្វើ នៃគោលការណ៍ការប្រើប្រាស់ខ្លឹមសារត្រឹមត្រូវនៅលើបណ្ដាញអ៊ីនធឺណិតមកបង្ហាញទៀត។
ប្រសិនបើអ្នកចង់យល់ដឹងបន្ថែម សូមចុចត្រង់នេះ ដើម្បីទាញយកសៀវភៅនេះទាំងមូលជាទម្រង់ PDF។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ…!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕