![ក្រុមកុមារីជយលាភីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនៃ Technovation កម្ពុជា ២០១៨ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ Photo courtesy ក្រុមកុមារីជយលាភីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនៃ Technovation កម្ពុជា ២០១៨ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ Photo courtesy](https://www.techkhmer.net/wp-content/uploads/2018/05/technovation-grand-prize-001-696x522.jpg)
ទីបំផុត កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនៃ Technovation កម្ពុជា ឆ្នាំ២០១៨ បានរកឃើញកុមារីបីក្រុមដែលឈ្នះជាជយលាភី បន្ទាប់ពីឆ្លងកាត់ការធ្វើបទបង្ហាញ និងដាក់ពិន្ទុដោយគណៈកម្មការដែលមានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្មនៅកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។
កុមារី ១៤ក្រុមដែលមានអាយុចាប់ពី ១០ឆ្នាំដល់ ១៨ឆ្នាំ និងមកពីវិទ្យាល័យផ្សេងៗគ្នា បានចូលរួមប្រកួតប្រជែងគ្នាដោយធ្វើបទបង្ហាញអំពីផែនការអាជីវកម្ម និងកម្មវិធីទូរស័ព្ទ ក្នុងគោលបំណងដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគេ នៅក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនៃ Technovation កម្ពុជា ឆ្នាំ២០១៨ (National Pitch) កាលពីថ្ងៃចុងសប្ដាហ៍មុននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្រោយពីទទួលបានការហ្វឹកហាត់ជាច្រើនសប្ដាហ៍ដោយអ្នកជំនាញលើវិស័យបច្ចេកវិទ្យា និងអាជីវកម្ម។
ក្នុងចំណោមកុមារីទាំង ១៤ក្រុម គឺមាន ៣ក្រុមជាប់ជាជយលាភីថ្នាក់ជាតិនៃកម្មវិធី Technovation កម្ពុជា ឆ្នាំ២០១៨។ ក្រុមជយលាភីទាំងនេះរួមមាន៖
- ជយលាភីលេខ១ កម្រិតថ្នាក់អនុវិទ្យាល័យ (1st Place National Grand Prize Winner from Junior Division) បានទៅលើក្រុមកុមារី Five Infinities ទទួលបានទឹកប្រាក់ចំនួន ១,២០០,០០០រៀល។ ក្រុមនេះមានសមាជិក ៥នាក់ និងមកពីសាលា Liger Leadership Academy។ ក្រុម Five Infinities បានបង្កើតកម្មវិធីទូរស័ព្ទឈ្មោះ MEP Center ដែលអាចឲ្យអ្នកផ្ដល់សេវាកម្ម និងអតិថិជនដែលស្ថិតក្នុងវិស័យមេកានិច អគ្គិសនី និងប្រព័ន្ធទឹក អាចស្វែងរកគ្នាទៅវិញទៅមក ដើម្បីទិញសេវាកម្ម។
![ក្រុមកុមារី Five Infinities ទទួលបានជយលាភីលេខ១ កម្រិតថ្នាក់អនុវិទ្យាល័យ (1st Place National Grand Prize Winner from Junior Division)។ Photo courtesy](https://www.techkhmer.net//wp-content/uploads/2018/05/technovation-grand-prize-01.jpg)
- ជយលាភីលេខ១ កម្រិតថ្នាក់វិទ្យាល័យ (1st Place National Grand Prize Winner from Senior Division) បានទៅលើក្រុម Tech Girls Cambodia ទទួលបានទឹកប្រាក់ចំនួន ២,០០០,០០០រៀល។ ក្រុមនេះមានសមាជិក ៥នាក់ និងកំពុងរៀនថ្នាក់ទី៧ និងថ្នាក់ទី១២ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ។ ក្រុម Tech Girls Cambodia បានបង្កើតកម្មវិធីទូរស័ព្ទឈ្មោះ E-Lab ដែលជាកម្មវិធីសម្រាប់សិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលចូលចិត្តពិសោធន៍វិទ្យាសាស្ត្រដោយខ្លួនឯង និងចង់ទទួលបានបទពិសោធន៍ថ្មីៗ។
![ក្រុម Tech Girls Cambodia ទទួលបានជយលាភីលេខ១ កម្រិតថ្នាក់វិទ្យាល័យ (1st Place National Grand Prize Winner from Senior Division)។ Photo courtesy](https://www.techkhmer.net//wp-content/uploads/2018/05/technovation-grand-prize-02.jpg)
- ជយលាភីលេខ២ (2nd Place National Grand Prize Winner) បានទៅលើក្រុម ABC (Always Be Close) ទទួលបានទឹកប្រាក់ចំនួន ១,០០០,០០០រៀល។ ក្រុមនេះមានសមាជិក ៣នាក់ និងមកពីសាលា Smart Kids International School ខេត្តសៀមរាប។ ក្រុម ABC បានបង្កើតកម្មវិធីទូរស័ព្ទឈ្មោះ My Cam Guide ដែលអាចជួយភ្ញៀវទេសចរស្វែងរកមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ដំណើរកម្សាន្តនៅកម្ពុជា។
![ក្រុម ABC (Always Be Close) ទទួលបានជយលាភីលេខ២ (2nd Place National Grand Prize Winner)។ Photo courtesy](https://www.techkhmer.net//wp-content/uploads/2018/05/technovation-grand-prize-03.jpg)
ក្រៅពីជយលាភីទាំងបីខាងលើ កម្មវិធីក៏រកឃើញជយលាភីប្រជាប្រិយភាព (People’s Choice Award National Grand Prize Winner) មួយទៀតដែរដែលវីដេអូរបស់ពួកគេទទួលបាន Like និង Reaction ច្រើនជាងគេនៅលើទំព័រហ្វេសប៊ុក Technovation Cambodia គឺក្រុម Estrogen និងទទួលបានទឹកប្រាក់ចំនួន ៦០០,០០០រៀល។ ក្រុមនេះមានសមាជិក ៣នាក់ និងមកពីសាលា ICS International School។ ក្រុម Estrogen បានបង្កើតកម្មវិធីទូរស័ព្ទឈ្មោះ TutorKH ដែលអាចជួយសិស្សក្នុងការស្វែងរកគ្រូបង្រៀនបន្ថែមដែលមានគុណភាព និងអាចទុកចិត្តបាន។ បន្ថែមលើនេះ កម្មវិធីនេះក៏បានបញ្ចូលរបៀបចាត់ចំណាត់ថ្នាក់ការបង្រៀនដោយផ្អែកលើ feedback ពីសិស្សផងដែរ។
![ក្រុម Estrogen ទទួលបានជយលាភីប្រជាប្រិយភាព (People's Choice Award National Grand Prize Winner) ដែលទទួលបាន Like និង Reaction ច្រើនជាងគេនៅលើទំព័រហ្វេសប៊ុក Technovation Cambodia។ Photo courtesy](https://www.techkhmer.net//wp-content/uploads/2018/05/technovation-grand-prize-04.jpg)
ទំព័រហ្វេសប៊ុករបស់ Technovation Cambodia បង្ហាញឲ្យដឹងថា នៅឆ្នាំ២០១៨ នេះ កម្មវិធីរបស់ Technovation Cambodia បានបង្រៀនកុមារីចំនួនច្រើនជាង ១៨០នាក់នៅក្នុង ៤៤ក្រុម ឲ្យចេះអំពីជំនាញសហគ្រិន និងបច្ចេកវិទ្យា និងបានជួយឲ្យពួកគេដាក់ពាក្យទៅកាន់ Technovation ពិភពលោក។
Technovation គឺជាកម្មវិធីអប់រំសហគ្រិនភាពក្នុងវិស័យបច្ចេកវិទ្យា សម្រាប់ការប្រកួតប្រជែងអន្តរជាតិដែលមានគោលបំណងបង្កើនចំនួនស្ត្រីក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពឲ្យកាន់តែច្រើនបន្ថែមទៀត។ កម្មវិធីនេះគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា អង្គការ USAID វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) Development Innovations និងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន DMI និងក្រុមហ៊ុន Myteb Cambodia ព្រមទាំងដៃគូប្រចាំខេត្តផងដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕