Telegram អះអាងថាអ្នកបង្កើតគណនីថ្មីដើម្បីប្រើប្រាស់កម្មវិធីរបស់ខ្លួនមានប្រមាណ ៣លានគណនី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះគិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៩។
នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Telegram លោក Pavel Valerievich Durov បានប្រកាសយ៉ាងដូច្នេះនៅក្នុង Channel ផ្លូវការរបស់លោកនៅក្នុងកម្មវិធី Telegram នៅរសៀលថ្ងៃទី១៤ មីនា នេះ។ លោកបន្តសរសើរចំពោះកម្មវិធីរបស់ខ្លួនថា «យើង (Telegram) មានឯកជនភាពពិតប្រាកដសម្រាប់អ្នកប្រើប្រាស់ និងមិនមានកំណត់ទំហំ (unlimited space) នោះទេសម្រាប់អ្នករាល់គ្នា។»
ការកើនឡើងយ៉ាងគំហុកនៃអ្នកបង្កើតគណនីនៅលើបណ្ដាញទំនាក់ទំនងសង្គម Telegram នេះ អាចបណ្ដាលមកពីកម្មវិធីមួយចំនួនរបស់ក្រុមហ៊ុន Facebook ដូចជា Facebook, Instagram និង WhatsApp មានបញ្ហាគាំង និងដំណើរការរអាក់រអួលពេញពិភពលោកចាប់តាំងពីល្ងាចថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៤ ខែមីនា ទោះបីជាមានអ្នកខ្លះអាចបើកដំណើរការកម្មវិធីទាំងនេះបានក៏ដោយ ប៉ុន្តែពួកគេមិនអាចប្រើប្រាស់មុខងារសំខាន់ៗមួយចំនួនបានឡើយដូចជាការផុសរូប ឬវីដេអូ និងផ្ញើសារតាម Messenger ជាដើម។
Telegram ជាកម្មវិធីផ្ញើសារ (Messenger app) ដែលកំពុងពេញនិយមមួយក្នុងចំណោមកម្មវិធីល្បីៗជាច្រើនទៀតដែលមានលក្ខណៈពិសេសជាច្រើនរួមមាន អាចកែ ឬលុបសារដែលបានផ្ញើទៅកាន់ដៃគូម្ខាងទៀត អាចជជែកជាលក្ខណៈសម្ងាត់ (secret chats) អាចបញ្ជូនឯកសារ (files) ដែលមានទំហំរហូតដល់ ១,៥GB ជាពិសេសនោះ គឺក្នុងក្រុមជជែកមួយ (Group Chat) អាចទទួលសមាជិកបានយ៉ាងច្រើន និងមុខងារជាច្រើនទៀត។
ក្រៅពីមុខងារខាងលើ Telegram អនុញ្ញាតឲ្យលោកអ្នកអាចដាក់គណនីបានរហូតដល់ទៅ ៣គណនី (Multiple Account) ដោយគ្រាន់តែអ្នកមានលេខទូរស័ព្ទបីផ្សេងគ្នាតែប៉ុណ្ណោះសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕