ថ្មីៗនេះ កម្មវិធីផ្ញើសារតាមអ៊ីនធឺណិត Telegram Messagingបានបន្ថែមមុខងារពិសេសថ្មីមួយទៀតនៅក្នុងកម្មវិធីរបស់ខ្លួន ដោយអនុញ្ញាតឲ្យអ្នកផ្ញើសារអាចលុបសាររបស់ខ្លួនដែលបានផ្ញើចេញពីគ្រប់ទូរស័ព្ទរបស់ភាគីពាក់ព័ន្ធនៅពេលណាក៏បាន។
អ្វីដែលពិសេសនេះទៀត មុខងារថ្មីនេះថែមទាំងអនុញ្ញាតឲ្យលោកអ្នកអាចលុបសារដែលអ្នកទទួលបានចេញពីប្រអប់សាររបស់អ្នក និងប្រអប់សាររបស់មិត្តភ័ក្ដិរបស់អ្នកដែលជាអ្នកផ្ញើផងដែរនៅក្នុងលក្ខណៈជជែកជាឯកជនដោយមិនកំណត់ពេល។
ការបញ្ចេញឲ្យប្រើប្រាស់មុខងារថ្មីនេះ ត្រូវបានខាងក្រុមហ៊ុន Telegram បញ្ជាក់ថាដើម្បីធ្វើឲ្យប្រសើរឡើងថែមទៀតនៃឯកជនភាពរបស់អ្នកប្រើប្រាស់របស់ខ្លួន។ មុខងារថ្មីនេះគឺជាការកែសម្រួលពីមុខងារចាស់ Unsend ដែលត្រូវបានដាក់ឲ្យដំណើរការកាលពី ២ឆ្នាំមុន ក្នុងគោលបំណងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចលុបរាល់សារដែលបានផ្ញើចេញបានក្នុងអំឡុងពេល ៤៨ម៉ោង។
ក្រុមហ៊ុន Telegram អះអាងថា គ្រាន់តែចុចពីរដំណាក់កាលប៉ុណ្ណោះ (two tabs) នោះលោកអ្នកនឹងអាចលុបសារទាំងមូលចេញពីភាគីពាក់ព័ន្ធដោយមិនបន្សល់ទុកដានអ្វីឡើយ។
Telegram ជាកម្មវិធីផ្ញើសារ (Messenger app) ដែលកំពុងពេញនិយមមួយក្នុងចំណោមកម្មវិធីល្បីៗជាច្រើនទៀត។ សេវាកម្មចម្បងរបស់កម្មវិធីនេះ គឺត្រូវបានភ្ជាប់ទៅកាន់ Telegram cloud ប៉ុន្តែកម្មវិធីក៏ផ្ដល់នូវជម្រើសកូដនីយកម្មលើសារ (end-to-end encryption) ផងដែរសម្រាប់ការជជែកសម្ងាត់ (secret chats) ដែលមិនអនុញ្ញាតឲ្យមានការផ្ញើសារបន្ត (messaging forwarding) និងអាចកំណត់ឲ្យលុបសារដោយស្វ័យប្រវត្តិក្នុងអំឡុងពេលណាមួយថែមទៀតផង។
ដើម្បីលុបសារចេញពីគ្រប់ភាគី សូមអនុវត្តតាមវិធីខាងក្រោម៖
- ដំបូងចុចលើសារណាមួយដែលអ្នកចង់លុបឲ្យជាប់រហូតចេញរូបធុងសំរាមនៅខាងលើស្ដាំដៃ (android) រួចចុចលើរូបធុងសំរាមនោះ
- ចុចធីកលើឃ្លាដែលបង្ហាញលើប្រអប់សារ និងចុចពាក្យ OK ជាការស្រេច។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕