Telegram ថា Apple លែង​ឲ្យ Update App លើ Store

ក្រុមហ៊ុន Apple លែង​ឲ្យ​ក្រុមហ៊ុន Telegram ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី (telegram update app) នៅ​លើ​ហាង App Store រយៈពេល ១​ខែ​កន្លះ​មក​ម៉្លេះ។

2110
កម្មវិធី​ផ្ញើ​សារ Telegram
កម្មវិធី​ផ្ញើ​សារ Telegram

ក្រុមហ៊ុន Apple លែង​ឲ្យ​ក្រុមហ៊ុន Telegram ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី (update app) នៅ​លើ​ហាង App Store រយៈពេល ១​ខែ​កន្លះ​មក​ម៉្លេះ គឺ​នៅ​ពេល​ដែល​និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី បញ្ជូន​សំណើ​ទៅ​ក្រុមហ៊ុន​ពីរ គឺ Apple និង Google ឲ្យ​លុប​ចោល​កម្មវិធី Telegram ចេញ​ពី Store។ នេះ​បើ​តាម​សារ​របស់​នាយក​ប្រតិបត្តិ​នៃ Telegram។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នាយក​ប្រតិបត្តិ​របស់ Telegram លោក Pavel Durov បាន​សរសេរ​នៅ​លើ​គណនី Twitter របស់​លោក​ថា Apple បាន​បិទ (block) មិន​ឲ្យ Telegram ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទូទាំង​ពិភពលោក។ នៅ​ពេល​កម្មវិធី​មិន​បាន update នោះ​មុខងារ​មួយ​ចំនួន​ដូចជា stickers នឹង​មិន​ដំណើរការ​ល្អ​នៅ​លើ iOS 11.4 ដែល​ក្រុមហ៊ុន Apple ទើប​តែ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន Apple មិន​ទាន់​ឆ្លើយ​តប​​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

លោក Durov បាន​ពន្យល់​បន្ថែម​នៅ​លើ​សារ Telegram ថា Apple បាន​រារាំង​មិន​ឲ្យ Telegram ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​របស់​ខ្លួន​នៅ​លើ App Store ទាំងមូល​ចាប់​តាំង​ពី​អាជ្ញាធរ​រុស្ស៊ី បញ្ជា​ឲ្យ Apple លុប​កម្មវិធី Telegram ចេញ​ពី App Store។ លោក​បន្ថែម​ថា ខណៈ​ដែល​ប្រទេស​រុស្ស៊ី មាន​ត្រឹម​តែ ៧% នៃ​អ្នក​ប្រើប្រាស់ Telegram ប៉ុន្តែ​ក្រុមហ៊ុន Apple កំពុង​តែ​រឹតត្បិត​ការ​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​អ្នក​ប្រើប្រាស់​កម្មវិធី Telegram ជុំវិញ​ពិភពលោក​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៨។

Pavel Durov សរសេរ​សារ​នៅ​លើ Twitter ថា Apple មិន​ឲ្យ Telegram update app នៅ​លើ App Store។
Pavel Durov សរសេរ​សារ​នៅ​លើ Twitter ថា Apple មិន​ឲ្យ Telegram update app នៅ​លើ App Store។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Telegram រូប​នេះ​ក៏​បាន​អះអាង​ផង​ដែរ​ថា ការ​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី គឺ​មាន​ន័យ​ថា Telegram ក៏​មិន​មាន​លទ្ធភាព​អនុវត្ត​ពេញលេញ​នូវ​ច្បាប់ GDPR (General Data Protection Regulation) ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ដែរ។

Pavel Durov's Telegram Channel
Pavel Durov’s Telegram Channel

ការ​ដាក់​សំណើ​ទៅ​ក្រុមហ៊ុន​ធំៗ​ទាំង​ពីរ​មាន​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Google នេះ បន្ទាប់​ពី​តុលាការ​រុស្ស៊ី បាន​ចេញ​សេចក្ដី​សម្រេច​ឲ្យ​បិទ​សេវាកម្ម​របស់​ក្រុមហ៊ុន Telegram ចេញ​ពី​ប្រទេស​របស់​ខ្លួន ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មិន​ព្រម​ឲ្យ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​រុស្ស៊ី ចូល​ទៅ​ឆែក​មើល​សារ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ Telegram

កាល​ពី​ចុង​ខែ​ឧសភា និយតករ​ទូរគមនាគមន៍​រដ្ឋ​របស់​រុស្ស៊ី ដែល​មាន​ឈ្មោះ​ថា Roskomnadzor ទុក​ពេល ១​ខែ​ឲ្យ​ក្រុមហ៊ុន Apple ដើម្បី​លុប​កម្មវិធី Telegram ចេញ​ពី App Store និង​បាន​គំរាម​ក្រុមហ៊ុន Apple ថា​អាច​ប្រឈម​មុខ​នឹង​ផលវិបាក ប្រសិន​បើ​ក្រុមហ៊ុន​នេះ​មិន​ព្រម​លុប​កម្មវិធី​ផ្ញើ​សារ Telegram ចេញ​ពី​ហាង App Store

អាន​អត្ថបទ​ផ្សេង​ទៀត៖

បច្ចុប្បន្ន Telegram មាន​អ្នក​ប្រើប្រាស់​ទូទាំង​សកលលោក​ជាង ២០០​លាន​នាក់ និង​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​បំផុត​ទី​៩ លើ​ពិភពលោក។

ចំណាត់​ថ្នាក់​កម្មវិធី​ផ្ញើ​សារ​ដែល​ពេញ​និយម​លើ​ពិភពលោក។
ចំណាត់​ថ្នាក់​កម្មវិធី​ផ្ញើ​សារ​ដែល​ពេញ​និយម​លើ​ពិភពលោក។

Telegram គឺ​ជា​កម្មវិធី​ផ្ញើ និង​ទទួល​សារ​តាម​រយៈ​អ៊ីនធឺណិត​ដោយ​ផ្ដោត​សំខាន់​លើ​ល្បឿន និង​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​កម្មវិធី។ កម្មវិធី Telegram ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៣ និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សហគ្រិន​បងប្អូន​ជនជាតិ​រុស្ស៊ី គឺ​លោក Pavel Valerievich Durov និង​លោក Nikolai Durov។ បច្ចុប្បន្ន ក្រុម​អ្នក​បង្កើត​កម្មវិធី Telegram គឺ​មាន​ទីតាំង​នៅ​ទីក្រុង Dubai បន្ទាប់​ពី​ពួក​គេ​ត្រូវ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ដោយសារ​តែ​ច្បាប់​គ្រប់គ្រង​ព័ត៌មានវិទ្យា (IT regulations)

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។