WhatsApp បានដាក់បន្ថែមមុខងារថ្មីមួយទៀតចូលក្នុងកំណែចុងក្រោយរបស់ខ្លួន គឺលោកអ្នកអាចលុបសារដែលបានផ្ញើចូលក្រុម (Group) ឬក៏ផ្ញើទៅកាន់បុគ្គលណាមួយបាន (delete messages for everyone) ប៉ុន្តែមិនឲ្យលើសពីរយៈពេល ៧នាទីឡើយ។ មានន័យថា បើសារដែលផ្ញើនោះហួសរយៈពេល ៧នាទីហើយ នោះលោកអ្នកមិនអាចលុបចេញបានទេ ហើយអ្នកទទួលទាំងអស់នឹងមើលឃើញសារនោះបាន។
Delete messages for everyone ឬលុបសារពីអ្នករាល់គ្នានៅក្នុងក្រុម ឬលុបសារចេញពីបុគ្គលណាម្នាក់ អាចដំណើរការបាន លុះត្រាតែអ្នកទាំងនោះបានធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកំណែចុងក្រោយបង្អស់ (update latest version of WhatsApp)។ មុខងារថ្មីនេះមានសារប្រយោជន៍មែនទែន នៅពេលដែលលោកអ្នកផ្ញើសារច្រឡំ ឬក៏មានកំហុសនៅក្នុងសារនោះ លោកអ្នកអាចលុបវាចេញវិញបាននៅក្នុងរយៈពេល ៧នាទី ប៉ុន្តែក្នុងចន្លោះពេលសារមិនទាន់ត្រូវបានលុបនោះ អ្នកផ្សេងក៏អាចឃើញសារនោះដែរ។
នៅពេលសារត្រូវបានលុបចេញពីក្រុម (Group) ឬពីបុគ្គលណាម្នាក់នោះ វានឹងចេញសារបង្ហាញថា “This message was deleted”។
របៀបលុបសារចេញពីក្រុម ឬលុបសារចេញពីបុគ្គលណាម្នាក់៖
ជំហានទី១៖ បើកដំណើរការកម្មវិធី WhatsApp ហើយចូលទៅកាន់ Chat ដែលលោកអ្នកចង់លុបវាចេញ (ចំណាំ៖ លុបបានក្នុងរយៈពេល ៧នាទីបន្ទាប់ពីផ្ញើចេញ)
ជំហានទី២៖ ចុចលើសារឲ្យជាប់រហូតវាបង្ហាញថាត្រូវបានជ្រើសរើស (selected)
ជំហានទី៣៖ ចុចលើសញ្ញាធុងសំរាម (delete) នៅផ្នែកខាងលើ ហើយជ្រើសរើសយកពាក្យ Delete For Everyone។
សម្គាល់៖ មុខងារថ្មីមាននៅក្នុងកំណែចុងក្រោយបង្អស់របស់ WhatsApp ទាំងនៅលើ iOS, Android, Windows Phone និងកម្មវិធីប្រើលើវែបសាយ (Web version)។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕