ក្រុមហ៊ុន YouTube លុបចោល Channel ប្រមាណ ១,៦៧លាន channel កាលពីត្រីមាសទី៣ ឆ្នាំ២០១៨ នេះ ដោយសារវីដេអូនៅក្នុង channel ទាំងនោះមានបញ្ហា (Problematic) ឥតបានការ (Spam) បោកបញ្ឆោត (Scams) ឬជាប្រភេទវីដេអូក្លែងបន្លំ (misleading contents)។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ (Xinhua Net) ចុះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឲ្យដឹងថា របាយការណ៍ដំបូងរបស់ក្រុមហ៊ុន YouTube ដែលបានបញ្ចូលព័ត៌មានអំពីការលុប Channel បញ្ជាក់ថា ៧៩,៦% នៃ channel ដែលត្រូវបានលុប គឺជាប្រភេទវីដេអូ spam វីដេអូ scams និងវីដេអូក្លែងបន្លំចាប់ពីខែកក្កដា ដល់ខែកញ្ញា ចំណែកឯ ១២,៦% ទៀត គឺត្រូវបានលុបចោលដោយសារតែជាប្រភេទវីដេអូអាសអាភាស ឬអាក្រាត។
ក្រុមហ៊ុន YouTube ក៏បានបញ្ចេញរបាយការណ៍របៀបនេះចំនួនបីផ្សេងទៀតដែរ ដែលរៀបរាប់តែស្ថិតិអំពីវីដេអូបុគ្គលប៉ុណ្ណោះ និងមិនបានបញ្ជាក់អំពីចំនួន channel ដែលត្រូវបានលុបចោលនោះទេ។ ក្រុមហ៊ុននេះនិយាយថា channel ទាំងនេះគឺត្រូវបានលុបចោលដោយសារតែរំលោភលើគោលនយោបាយជាច្រើនរបស់ខ្លួនក្នុងរយៈពេល ៣ខែ។
មិនតែប៉ុណ្ណោះ នៅក្នុងរយៈពេលដូចគ្នានេះ ក្រុមហ៊ុន YouTube ក៏បានលុបចោលវីដេអូ ៧,៨លានវីដេអូចេញពី platform របស់ខ្លួនក្រោមហេតុផលស្រដៀងខាងលើដែរ ហើយ ៨១% នៃវីដេអូនេះត្រូវបានរកឃើញដោយម៉ាស៊ីន ខណៈឯ ៧៤,៥% នៃវីដេអូដែលម៉ាស៊ីនរកឃើញ គឺមិនទាន់មានអ្នកចុចមើលនៅឡើយទេ។
ក្រុមហ៊ុន YouTube បញ្ជាក់ថា «យើងនឹងលុបចោល channel ទាំងមូល ប្រសិនបើពួកគេព្យាយាមបង្ហោះវីដេអូដែលត្រូវបានហាមឃាត់ដោយ community guidelines ឬក៏មានការរំលោភយ៉ាងធ្ងន់ធ្ងរតែមួយ ដូចជាវីដេអូកេងប្រវ័ញ្ចផ្លូវភេទកុមារជាដើម (child sexual exploitation)។»
YouTube បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (artificial intelligence, AI) កាន់តែច្រើនឡើង ដើម្បីលុបបំបាត់វីដេអូសិច ឬមាតិកាខុសច្បាប់ចេញពីបណ្ដាញសង្គមរបស់ខ្លួន ក្រៅពីប្រើប្រាស់បុគ្គលិករបស់ខ្លួនដើម្បីត្រួតពិនិត្យមើលមាតិកានៅលើបណ្ដាញសង្គមរបស់ខ្លួនហើយនោះ។
YouTube បានបញ្ចេញរបាយការណ៍ដំបូងថា មតិយោបល់ជាង ២២៤លានមតិ ត្រូវបានលុបចោលដោយសារតែមតិប្រភេទ spam នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ ដែល ៩៩,៥% នៃមតិទាំងនេះ ត្រូវបានរកឃើញដោយប្រព័ន្ធស្វ័យប្រវត្តិរបស់ក្រុមហ៊ុន។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕